អគ្គ​ស្នងការរង​នគរបាលជាតិ ជួបពិភាក្សា​ការងារ​ជាមួយ​អនុប្រធាន​គណៈកម្មការ​និរតី​ទិស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៨ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ តំណាង​ដ៏ខ្ពង់ខ្ពស់​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ជួបសំណេះសំណាល និង​ពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​​គណៈកម្មការ​និរតី​ទិស នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោTRAN PHI HO អនុប្រធាន​គណៈកម្មកា​រ​និរតី​ទិស​។​

​ក្នុងជំនួប​នោះ អគ្គ​ស្នងការរង​នគរបាលជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆៃ ស៊ីណា​រិ​ទ្ធបាន​មានប្រសាសន៍​លើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​វៀតណាម ដែល​កន្លងមក​ប្រទេស​ទាំងពីរ​រក្សាបាន​នូវ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​ល្អនៅតាម​ខ្សែបន្ទាត់​ព្រំដែន ពិសេស​បានធ្វើ​ឲ្យ​ព្រំដែន​នៃ​ប្រទេស​​ទាំងពីរ​ក្លាយជា​ព្រំដែន​ប្រកបដោយ​សេដ្ឋកិច្ច វប្បធម៌ និង​ការអភិវឌ្ឍន៍ និង​សូម​ឲ្យ​បន្ត​ប្រពៃណី​ដ៏​ល្អនេះ​ជា​បន្តទៀត​។​

​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍​ទៀតថា ជានិច្ចកាលកងកម្លាំង​នគរបាលជាតិ បាន​យកចិត្តទុកដាក់​ក្នុងការ​ការពារ រក្សាសុវត្ថិភាព សន្តិសុខ ជូន​អ្នកវិនិយោគ​បរទេស ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​មកបណ្តាក់ទុន និង​មក​ទស្សនា​កម្សាន្ត​នៅ​ទឹកដី​ព្រះរាជា​ណាក​ច្រក​ម្ពុ​ជា​។​

​ជាមួយគ្នា​នោះដែរ លោក​អគ្គ​ស្នងការរង​នគរបាលជាតិ ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិ ជូន​គណៈប្រតិភូ​ឲ្យ​ទទួលបាន​សុខភាព​ល្អ និងជោគជ័យ​ក្នុង​ដំណើរ​បំពេញ​ទស្សនៈ​កិច្ចការងារ​។​

​ក្នុងជំនួប​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ TRAN PHI HO អនុប្រធាន​គណៈកម្មកា​រនិរតី​ទិស បាន​មានប្រសាសន៍​សូម​ឲ្យ​កងកម្លាំង​នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​វៀតណាមនៅតែ​បន្ត​សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​បន្តទៀតពិសេស​លើ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​បទពិសោធន៍ ដើម្បី​ឲ្យ​ការបង្ការ បង្ក្រាបទប់ស្កាត់​បទល្មើស​ផ្សេងៗ​នៅតាម​ព្រំដែន​ទទួលបាន​លទ្ធផល​ល្អ ៕​