​Luca Toni ប្រកាស​បញ្ចប់​អាជីព​នៅ​ចុងរដូវ​កាល​នេះ

​កីឡា​៖​អតីត​ខ្សែប្រយុទ្ធ​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី គឺ​កីឡាករ Luca Toni បាន​អះអាងថា គាត់​អាច​នឹង​ព្យួរ​ស្បែកជើង​ដើម្បី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ ចុងរដូវ​កាល​នេះ​។ 

​     ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី វ័យ​៣៨​ឆ្នាំ​រូបនេះ​ធ្លាប់បាន​កាន់​ពានរង្វាន់​ជាច្រើន អំឡុង​ពេលដែល​គាត់​លេង​ក្នុង​ក្លិប​ធំៗ​នៅ​តំបន់​អឺរ៉ុប​ដូចជា Bayern Munich, Juventus, Roma និង Fiorentina ប៉ុន្តែ​បច្ចុប្បន្ន​គាត់​កំពុង​តែមាន​វត្តមាន​លេង​នៅក្នុង​ក្លិប Verona ។ 

​    ​បើទោះជា មាន​វ័យ​កាន់តែ​ចាស់​យ៉ាងណាក៏ដោយ​កីឡាករ Luca Toni នៅតែ​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ដោយបាន​ស៊ុត​បាល់​បញ្ចូល​ទី​ចំនួន ២២​គ្រាប់​ឲ្យ​ក្លិប Verona ហើយ​គាត់​ក៏​ជា​កីឡាករ​ដែល​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​លំដាប់​លេខ​រៀង ទី​២​ក្នុង​ក្របខ័ណ្ឌ​អ៊ីតាលី Serie A នៅ​រដូវ​កាល​មុន​ផងដែរ ។ 

​     កីឡាករ Luca Toni ប្រាប់​គេហទំព័រ Sky Italia ថា ពេលវេលា​ដែល​គាត់​នឹងត្រូវ​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​បានមក ដល់​ហើយ ហើយ​គាត់​សង្ឃឹមថា គាត់​នឹង​ព្យួរ​ស្បែកជើង​នៅក្នុង​ក្លិប Verona តែម្ដង​។ 

​    ​គួរ​បញ្ជាក់ថា កីឡាករ Luca Toni ផ្លាស់​មកកាន់​ក្លិប Verona ពី​ក្លិប Fiorentina នៅ​ឆ្នាំ​២០១៣ ដោយ​មិនមាន​តម្លៃ​ខ្លួន​នោះទេ ហើយ​បច្ចុប្បន្ន​ខ្សែប្រយុទ្ធ​រូបនេះ​ក៏​កំពុងតែ​មានការ​ចង់បាន​ពី​ក្លិប Empoli, Brescia, Palermon និង Genoa៕ 

​Luca Toni ប្រកាស​បញ្ចប់​អាជីព​នៅ​ចុងរដូវ​កាល​នេះ