សិទ្ធិ​ទទួលបាន​ព័ត៌មាន តើ​យើង​មកដល់​ណា​ហើយ​?

​ភ្នំពេញ​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន លើ​ប្រធានបទ តើ​យើង​មកដល់​ណា​ហើយ​? គឺជា​ប្រធានបទ​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​កិច្ចសន្ទនា​ជាន់ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​សេចក្តីព្រាង ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា ធានាបាន​នូវ​សិទ្ធិ​ទទួលបាន​ព័ត៌មាន សេរីភាព​នៃ​ការបញ្ចេញមតិ និង​ធ្វើ​ឲ្យ​ច្បាប់​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​។​

​បន្ទាប់ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន បាន​ក្លាយជា​ក្តី​ព្រួយបារម្ភ​របស់​សាធារណជន អំពី​ការ​រិត​ត្បិត​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន សេរីភាព​បញ្ចេញមតិ និង​ការផ្សព្វផ្សាយ​ព័ត៌មាន នៅ​ថ្ងៃ​ព្រឹក​ថ្ងៃទី​០៨ ធ្នូ ឆ្នាំ​២០១៥​នេះ អង្គការ​សង្គម​ស៊ីវិល មន្ត្រី​អន្តរក្រសួង និង​អង្គការ​អន្តរជាតិ​មួយចំនួន បាន​បង្កើត​កិច្ចសន្ទនា​ជាន់ខ្ពស់​មួយ​លើ​ប្រធានបទ ច្បាប់​កម្ពុជា​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន «​តើ​យើង​មកដល់​ណា​ហើយ​?» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។​

​គោលបំណង​នៃ​កិច្ចសន្ទនា​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​សេចក្តីព្រាងច្បាប់​នេះ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ និង​ផ្តោតលើ​ការចែករំលែក​បទពិសោធ​ន៍ និង​ការ​ប្រឈម​ក្នុង​បរិបទ​ប្រទេស​កម្ពុជា និង​តំបន់ ដើម្បី​ធានា​នូវ​ការចូលរួម​ជា​សាធារណៈ និង​ពិនិត្យមើល​យុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​ច្បាប់​។​

​លោក ឆាយ សុផល ជា​មន្ត្រី​គម្រោង​ថ្នាក់ជាតិ​នៃ​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា បាន​ថ្លែង​នៅក្នុង​ពិធី​កិច្ចសន្ទនា​នេះ​ថា កិច្ចសន្ទនា​ដែលមាន​ភាគី​ពាក់ព័ន្ធ​ទាំងអស់ នឹងធ្វើ​ឲ្យ​ច្បាប់​នេះ កាន់តែ​មាន​ភាព​លម្អិត និង​គ្រប់​ជ្រុងជ្រោយ​។ លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​ម៉េច​ឲ្យ​ច្បាប់​នេះ បម្រើ​ដល់​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទូទៅ​ផងដែរ​។ លោក ឆាយ សុផល បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អង្គការ​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ប្រមូល​គំនិត​នៅតាម​សហគមន៍ កសិករ អ្នករត់ម៉ូតូឌុប និង​ជនជាតិដើម​ភាគតិច ដើម្បី​យកគំនិត​ពួកគាត់ ដាក់បញ្ចូល​ក្នុង​សេចក្តីព្រាងច្បាប់​នេះ ដើម្បី​ឲ្យ​ច្បាប់​នេះ មាន​លក្ខណៈ​ពិស្តារ និង​គ្រប់​ជ្រុងជ្រោយ​»​។​

​ចំណែក​លោកស្រី Wan Hea Lee តំណាង​ការិយាល័យ​ស្នងការ​ជាន់ខ្ពស់​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែងថា អន្តរក្រសួង អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​អន្តរជាតិ ត្រូវធ្វើ​ម៉េច​ព្យាយាម​ធ្វើ​ឲ្យ​ច្បាប់​នេះ មាន​លក្ខណៈ​បង្ហាញ​ព័ត៌មាន​ទៅ កាន់​សាធារណៈជន​ឲ្យ​បានជា​អតិបរិមា​។ លោកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អ្វីដែល​មិន​ស្ថិតក្រោម​ការហាមឃាត់ គឺ​ត្រូវតែ​ផ្សព្វផ្សាយ​ដល់​សាធារណជន​»​។​

​ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​នេះដែរ លោក អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ច្បាប់់​នេះ​ពិត​ជាមាន​សារសំខាន់​ណាស់ ក្នុង​ការធានា​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា​យ៉ាង​ដូច្នេះ​ថា «​គ្រប់​ក្រសួង​សា្ថ​ប័ន​ទាំងអស់ ត្រូវ​បង្ហាញ​ព័ត៌មាន​ឲ្យ​បានជា​អតិបរិមា​ដល់​សាធារណជន​»​។​

​គួរបញ្ជាក់​ផងដែរ​ថា សេចក្តីព្រាង​ចុងក្រោយ នៃ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ មាន​ចំនួន​ប្រាំបួន​ជំពូក និង​៣៤​មាត្រា​។ ដោយសារ​សេចក្តីព្រាងច្បាប់​ដដែល​នេះ​មាន​សារសំខាន់ ទើប​នៅ​ខែកក្កដា ឆ្នាំ​២០១២ មន្ត្រី​ព័ត៌មាន និង​អ្នកនាំពាក្យ នៅតាម​ក្រសួង​ស្ថាប័ន​នានា ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណជន​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​