មន្ត្រី​សាលាដំបូង​ខេត្តព្រះវិហារ ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ​

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ ដែល​ក្រុមហ៊ុន​ចិន​និង​ក្រុមហ៊ុន​យួន​ឆក់​ប្លន់​ដីធ្លី​បានក្លាយ​ទៅជា​ជនរងគ្រោះ​យ៉ាង​អយុត្តិធម៌ ដោយសារតែ​ក្រុម​ចៅក្រម​និង​ក្រុមព្រះ​រាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តព្រះវិហារ ប្រព្រឹត្ត​អំពើពុករលួយ​ហើយ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ពួកគាត់​៨​នាក់​ក្នុងចំណោម​៩​នាក់​ដែល​តុលា​ការចេញ​ដីកា​កោះហៅ នឹង​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត នា​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​រិះគន់ថា មន្ត្រី​តុលាការ​ចេញមុខ​ការពា​រ​ផលប្រយោជន៍​ក្រុមហ៊ុន ហើយ​គំរាមកំហែង​ប្រជាពលរដ្ឋ​យ៉ាង​ព្រៃផ្សៃ​។

តំណាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ពួកគាត់​៨​នាក់​នឹង​ចូល​បំភ្លឺ​តាម​ដីកា​តុលាការ​ដែល​ចោទ​ពីបទ​បំផ្លាញ​ទ្រព្យ​ស​ម្ប​ត្ត​ឯកជន​ដោយ​ចេតនា បន្ទាប់ពី​ពួកគាត់​រុះរើ​រោង​យាម​របស់​ក្រុមហ៊ុន​មួយ​ឈ្មោះ​អេ​មីន​និ​ន កាលពី​ខែមិថុនា ឆ្នាំ​២០១៥​។ តំណាង​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ចំណាត់ការ​របស់​សាលាដំបូង​ខេត្តព្រះវិហារ គឺជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​ពួកគាត់ ព្រោះ​ក្រុមហ៊ុន​នោះមក​សាង​តូប​យាម​លើដី​ពួកគាត់ ទើប​អ្នកភូមិ​មាន​គ្នា​ប្រមាណ​២០០​នាក់​រុះរើ​តូប​យាម​នោះ​ចោល​។ តាម​ជាក់ស្តែង​គឺ​តុលា​ការគួរ​ចាត់វិធានការ​លើ​ក្រុមហ៊ុន​អេ​មីន​និ​ន ដែល​រំលោភបំពាន​លើដី​ប្រជាពលរដ្ឋ ព្រោះ​ក្រុម​០០១​បាន​ចុះ​វាស់វែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​រួចរាល់​អស់ហើយ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ បាន​លើកឡើងថា​ចំណាត់ការ​របស់​សាលាដំបូង​ខេត្តព្រះវិហារ លើ​ប្រជាពលរដ្ឋ​៩​រូប​ក្នុង​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ គឺជា​អំពើ​អយុត្តិធម៌​បំផុត​ហើយ​ជាការ​គំរាមកំហែង​បំបាក់ស្មារតី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា​ក្រុមហ៊ុន​អេ​មីន​និ​ន ជា​អ្នក​ប្រើ​អំណាច​ឆក់​ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ហើយ​បែរជា​សមត្ថកិច្ច​នគរ​បាលយ​ល​លិខិត​មក​បំភិតបំភ័យ​ប្រជាពលរដ្ឋ​យ៉ាង​ទទឹងទិស ដើម្បី​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន ហើយ​តុលាការ​ចាត់វិធានការ​ទាំង​បិទ​ភ្នែក​តែម្តង​។ បញ្ហា​នេះ​លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ពិនិត្យមើល​ភាពមិនប្រក្រតី​របស់​ម​ន្ត្រី​តុលាការខេត្ត​ព្រះវិហារ​ខ្លះ​ផង ព្រោះ​ពួកគេ​ប្រព្រឹត្ត​អំពើអាក្រក់​កាន់តែខ្លាំង​ឡើងៗ​៕

H080812US-P1-360x270 01-photo56756756hfghfghfgh_template_2015-2015-12-07