ចិន​នឹង​ក្លាយជា​ទីផ្សារ​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ធំ​ជាងគេ​បំផុត​នៅ​ឆ្នាំ​នេះ

ប្រទេស​ចិន ៖ របាយការណ៍​របស់​ទី​ភា្ន​ក់​ងារ​ព័ត៌មាន​ស៊ី​ន​ហួរ​ផ្សាយ​ថា ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​វ៉ា​ដាច់​សហរដ្ឋអាមេរិក​ក្លាយជា​ទីផ្សារ​រថយន្ត​ប្រើប្រាស់​ថាមពល​ថ្មី (NEV) ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥​នេះ ។

អនុរដ្ឋលេខាធិការ​សមាគម​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន (CAAM) លោក Xu Yanhua ត្រូវ​បាន​សារព័ត៌មាន​ស៊ី​ន​ហួរ​ស្រង់​សម្តី​កាលពី​ថ្ងៃ​សៅរ៍​ថា នៅ​ក្នុង​ផ្នែក​ដែល​បាន​ជំរុញ​ដោយ​ការ​ជួយ​ទំនុកបម្រុង​របស់​រដ្ឋាភិបាល​កណ្តាល​ការ​លក់​រថយន្ត​ប្រើ​ថាមពល​ថ្មី​ឬ​អគ្គិសនី​ក្នុង​ប្រទេស​ចិន នឹង​សម្រេច​បាន​នៅ​ចន្លោះ​២២​ម៉ឺន​គ្រឿង និង​២៥​ម៉ឺន​គ្រឿង ខណៈ​បរិមាណ​នៅ​សហរដ្ឋអាមេរិក នឹង​លក់​បាន​ត្រឹមតែ​១៨​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ។

លោក Xu បាន​កត់​សម្គាល់ថា ការ​លក់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​របស់​ចិន​នឹង​ស្មើនឹង​ជាង​៤០%​នៃ​ការ​លក់​នៅ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​នេះ ខ្ពស់​ជាង​នៅ​សហរដ្ឋ​អាមេ​រិក អឺរ៉ុប និង​ជប៉ុន​ទៀត​ផង ។

ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​នូវ​រថយន្ត​ប្រើ​ថាមពល​ថ្មី​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ការ​បំពុល​ខ្យល់អាកាស រដ្ឋាភិបាល​ចិន​បាន​ស្នើ​ឲ្យ​មានការ​គាំទ្រ​ដល់​គោលនយោបាយ​ទាំងឡាយ ។

ជាក់ស្តែង​ក្នុង​រដ្ឋធានី​ប៉េ​កាំ​ង​ដែល​ជាទី​ក្រុង​ត្រូវ​បាន​គេ​សម្រេច​កាលពី​ខែតុលា​នៅ​ក្នុង​ការ​លើកលែង​ការ​ធ្វើ​ស្លាក​លេខ​សម្រាប់​រថយន្ត​អគ្គិសនី ។

ទិន្នន័យ​ពី​សមាគម​បង្ហាញ​ថា ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ការ​លក់​រថយន្ត​ប្រើ​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​២៩០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ឬ​ស្មើនឹង​១៧១.១៤៥​គ្រឿង ខណៈ​ការ​លក់​រថយន្ត​សរុប​ទាំងអស់​គ្រប់​ប្រភេទ​បាន​កើនឡើង​ត្រឹម​១,៥%​ប៉ុណ្ណោះ​ឬ​ស្មើនឹង​១៩,២៨​លាន​គ្រឿង ។

បើ​ទោះជា​កំណើន​មាន​សន្ទុះ​លឿន​យ៉ាងណា​ក្តី ក៏​លោក Xu បាន​សម្ដែង​ក្តី​បារម្ភ​អំពី​ទីផ្សារ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ក្នុងស្រុក​ផង​ដែរ ដែល​នៅ​តែ​មាន​ភាព​ចាំបាច់​ដដែល​សម្រាប់​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​និង​បច្ចេកវិទ្យា​អា​គុយ​ល្អ​ជាង​មុន ៕