នាយក​រដ្ឋមន្ត្រី​វៀតណាម​សន្យា​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ

ប្រទេស​វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Tan Dung បាន​ថ្លែង​ក្នុង​មហាសន្និបាត​ស្តី​ពី​ភាព​ជា​ដៃគូ​អភិវឌ្ឍន៍​វៀតណាម​ប្រចាំឆ្នាំ​២០១៥ (VDPF) នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​សៅរ៍​ថា ៖ « ប្រទេស​វៀតណាម​បាន​ប្រតិបត្តិ​នូវ​គោលដៅ​ដ៏​មាន​សារសំខាន់​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​រយៈពេល​៥​ឆ្នាំ​មុន ។ ស្រប​ពេល​ប្រជាជាតិ​មួយ​នេះ​បាន​ធ្វើ​សមាហរណកម្ម​យ៉ាង​លឿន​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ដែល​ចាំបាច់​ត្រូវ​នាំ​មក​នូវ​គុណប្រយោជន៍​នៃ​កាលានុវត្តភាព​កំណើន ក៏​ដូច​ជា​ពុះពារ​នឹង​ការ​លំបាក​ជា​ច្រើន ព្រមទាំង​ការ​ប្រកួតប្រជែង​នៅ​លើ​ពិភពលោក​ផង​ដែរ » ។

មហាសន្និបាត​នេះ​មាន​ទិស​ដៅ​ដូច​ជា ៖ ផ្លាស់​ប្តូរ​យោបល់​សម្រាប់​ដៃគូ​លំដាប់​ខ្ពស់ ពិភាក្សា​លើ​ការ​សម្របសម្រួល​គោលនយោបាយ​រវាង​រដ្ឋាភិបាល​វៀតណាម និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​វិស័យ​ឯកជន អង្គការ​សង្គម​ស៊ី​វិល​ក្នុងស្រុក និង​អន្តរជាតិ គ្រឹះស្ថានស្រាវជ្រាវ​ជាតិ និង​ផ្នែក​អភិវឌ្ឍន៍​ដទៃ​ទៀត ដើម្បី​ជួយ​លើ​កក​ម្កើ​ង​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ។ គោលការណ៍​សម្រាប់​ឆ្នាំ​នេះ គឺ​ដើម្បី​ប្រកួតប្រជែង​ឆ្ពោះទៅ​មុខ​ដែល​មាន​ក្នុង​កំណើន និង​ភាព​អាច​ទ្រទ្រង់​រួច​នៃ​កំណើន ។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « វៀតណាម​បាន​ដាក់​ទិស​ដៅ​រក្សា​អត្រាកំណើន​ប្រចាំឆ្នាំ​ចំនួន​៦,៥% ទៅ​៧% ក្នុង​អំឡុង​ឆ្នាំ​២០១៥-២០២០ បើ​ទោះជា​មាន​លក្ខខណ្ឌ​សេដ្ឋកិច្ច​ខុស​គ្នា​ក្តី ដូច​ជា កម្សោយ​ផ្នែក​ផលិតភាព កង្វះ​ភាព​ប្រកួតប្រជែង និង​ផល​លំបាក​ក្នុង​ការ​សម្រេច​បាន​នៃ​ការ​អភិវឌ្ឍ ដែល​អាច​ទ្រទ្រង់​រួច » ។

ដើម្បី​សម្រេច​បាន​នូវ​ទិស​ដៅ​អាទិភាព​នោះ គឺ​ត្រូវ​រាប់​បញ្ចូល​នូវ​ការ​ប្រតិបត្តិ​គោលនយោបាយ​ផ្សេង​ៗ​ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​លើ​ម៉ាក្រូសេដ្ឋកិច្ច ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ការ​វិនិយោគសាធារណៈ និង​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​គ្រប់គ្រង​ពាណិជ្ជកម្ម ព្រមទាំង​ការ​ធានា​បាន​នូវ​ការ​ប្រកួតប្រជែង​ស្មើភាព​ផង​ដែរ ។ វិធានការ​ទាំងឡាយ​ត្រូវធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផលិតភាព រឹត​បន្តឹង​ការ​ចំណាយ​ថវិកា ការ​គ្រប់គ្រង​បំណុល​សាធារណៈ ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​នៃ​ការ​វិនិយោគសាធារណៈ និង​ការ​ធានា​នូវ​សន្តិសុខ​ហិរញ្ញវត្ថុ​ជាតិ ។

ចំណែក​រដ្ឋមន្ត្រី​ផែនការ និង​វិនិយោគ លោក Quang Vinh ថ្លែង​ថា ៖ « វៀតណាម​ត្រូវ​ផ្លាស់​ប្តូរ​ការ​ផ្តោត​លើ​កំណើន​របស់​ខ្លួន​ពី​ការងារ​ល្អិតល្អន់​ក្នុង​មូលដ្ឋាន​បច្ចេកវិទ្យា ការ​បង្កើន​សមភាព​នៃ​សហគ្រាស​រដ្ឋ​នៅ​ពេល​មានការ​បង្កើត​នូវ​បរិយាកាស​អនុគ្រោះ​សម្រាប់​បណ្តា​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នានា ។ ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​វិស័យ​កសិកម្ម​របស់​វៀតណាម​នឹង​ឆ្ពោះទៅ​រក​ម៉ូ​ដែល​ផលិតកម្ម​កម្រិត​ខ្ពស់ » ។

រីឯ​លោក Jonathan Dunn អ្នកតំណាង​របស់​អង្គការ​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ IMF មាន​ប្រសាសន៍​ថា ៖ « ការ​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ការ​ធ្វើ​ឲ្យ​មាន​សមភាព​លើ​សហ​គ្រាស​របស់​រដ្ឋ នឹង​ជួយ​ដល់​សេដ្ឋកិច្ច​វៀតណាម​ឱ្យ​កាន់តែ​រឹងប៉ឹង​បន្ថែម​ទៀត ។ នៅ​ពេល​មានការ​កាត់​បន្ថយ​ការ​វិនិយោគ​ផ្នែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ នឹង​អាច​ជួយ​កត់​សម្គាល់​បញ្ហា​ដូច​ជា ឱនភាព​ថវិកា និង​ការ​កើនឡើង​នៃ​បំណុល​សាធារណៈ ជាដើម ។ វៀតណាម​ត្រូវ​ថែរក្សា​ឲ្យ​បាន​នូវ​ការ​មិន​ចុះសម្រុង​នៃ​ទិស​ដៅ​អភិវឌ្ឍន៍​រយៈពេល​វែង» ។

ដោយឡែក អគ្គនាយក​ធនាគារពិភពលោក WB ប្រចាំ​ប្រទេស​វៀតណាម លោកស្រី  Victoria Kwakwa ថ្លែង​ថា ៖ « វៀតណាម​បាន​សម្រេច​នូវ​លទ្ធផល​ដ៏​មាន​សារ​សំខាន់​ដើម្បី​រក្សា​បាន​នូវ​កំណើនសេដ្ឋកិច្ច ការ​លុប​បំផុត​ភាព​ក្រីក្រ និង​ការ​សម្រួល​នូវ​នីតិវិធី​ផ្តល់​សេវា​សុខាភិបាល និង​អប់រំ​ដល់​ប្រជាពលរដ្ឋ ។ ទោះបីជា​យ៉ាងណា វិធានការ​របស់​វៀតណាម​ក្នុង​រយៈពេល​៥​ឆ្នាំ នឹង​ផ្តោត​លើ​ការ​កត់សម្គាល់​ពី​តំបន់​គន្លឹះ​ដូច​ជា ផលិតភាព​បញ្ហា​បរិ​សា្ថ​ន សុខុមាលភាព​សង្គម សមត្ថភាព​អភិបាលកិច្ច និង​ការ​ទទួលខុសត្រូវ » ។

លោកស្រី​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​សង្កេត​ទៅ​លើ​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​របស់​ខ្លួន ដើម្បី​បង្កើត​ចំណូល​ផ្ទៃក្នុង ជា​ពិសេស ពេល​បន្ធូរបន្ថយ​ជំនួយ​អភិវឌ្ឍ​ត្រូវ​ធានា​ថា មូលនិធិ​ពី​ប្រភព​ជំនួយ​អភិវឌ្ឍន៍​ជា​ផ្លូវការ​នោះ​បាន​ប្រើប្រាស់​ដោយ​មាន​ប្រសិទ្ធភាព ៕