ចង់​សម្រេច​ក្តី​ស្រមៃ ត្រូវ​អំណត់​ព្យាយាម និង​ជម្នះ​រាល់​ឧបសគ្គ

«ថ្វី​ដ្បិតតែ​ខ្ញុំ​មានគំនិត និង​ការ​ច្នៃប្រឌិត​មែន ប៉ុន្តែ​ប្រសិនបើ​គ្មាន​ការ​គាំទ្រ​ទៅ​លើ​ការងារ​ដែល​ខ្ញុំ​ស្រឡាញ់​នោះ​ទេ ខ្ញុំ​ក៏​មិន​អាច​សម្រេច​បាន​ជោគជ័យ​ក្នុង​ជីវិត​ដែរ » ។ នេះ​ជាស​ម្តី​យុវជន ជៀប ស៊ី​បូ​រ៉ា អ្នក​ផលិត​តុក្កតា​មនុស្ស​ស្រី Barbie វ័យក្មេង នៅ​ទឹកដី​អង្គរ ខេត្តសៀមរាប ។

យុវជន​មាន​មាឌតូច សម្បុរ​ស អាយុ​២៣​ឆ្នាំ ក្នុង​ដៃ​កាន់​តុក្កតា​មនុស្ស​ស្រី​Barbie​ម្យ៉ាង​ដែល​មានការ​កែ​ច្នៃ​របៀប​ប្លែក​មក​ពី​អឺរ៉ុប បាន​រៀបរាប់​ពី​ការ​ធ្វើ​តុក្កតា​មនុស្ស​ស្រី​បែប​ខ្មែរ ដែល​មាន​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ព្រោះ​រូបគេ​ចូល​ចិត្ត និង​មានគំនិត​អភិរក្ស​នូវ​អ្វី​ដែល​ជា​សម្បត្តិ​វប្បធម៌​ខ្មែរ ។

យុវជន ជៀប ស៊ី​បូ​រ៉ា ជា​មនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​គំនិត​ច្នៃប្រឌិត និង​បាន​បង្ហាញ​នូវ​ស្នាដៃ​ថ្មី​នេះ​ទៅ​កាន់​ជនរួមជាតិ និង​ជនបរទេស​ផង​ដែរ ។ ជៀប ស៊ី​បូ​រ៉ា និយាយ​​ថា ៖ « ខ្ញុំ​ស្រឡាញ់​ការ​តុបតែង​ខ្លួន ស្រឡាញ់​សិល្បៈ និង​ចូល​ចិត្ត​គូររូប​គំនូរ​បែប​បុរាណ ។ ម្យ៉ាងទៀត ខ្ញុំ​ក៏​ចូល​ចិត្ត​មើលសៀវភៅ​គំនូរ​រឿង​ព្រះ​កែវ​មរតក ដែល​មាន​ក្បាច់​មកុដ គ្រឿង អលង្ការ និង​សម្លៀក​បំពាក់​ស្អាត​ៗ ព្រមទាំង​មើល​ការ​សម្តែង​សិល្បៈ ដូច្នេះ ខ្ញុំ​ក៏​គូស​តាម​គំនូរ​ទាំងនោះ » ។

យុវជន​រូប​នេះ​បន្ត​ថា ៖ « យើង​មិន​ធ្លាប់​ឃើញ​មាន​តុក្កតា Barbie គ្រង​នូវ​សម្លៀក​បំពាក់​តាម​បែបបទ​ខ្មែរ​នៅឡើយ​ទេ ហេតុនេះ​ហើយ​ទើប​ខ្ញុំ​ចាប់ផ្តើម​រិះរក​នូវ​គំនិត​ច្នៃប្រឌិត​មួយ​ក្នុង​ការ​តុបតែង​បន្ថែម​លើ​តុក្កតា​នេះ » ។

ក្តី​ស្រឡាញ់​ដែល​ចេញពី​ទឹកចិត្ត​នោះ ក៏​បាន​ប្រែ​ក្លាយទៅជា​ទ​ង្វើ ។ នៅ​ឆ្នាំ​២០១០ បូ​រ៉ា ក៏​បាន​ចាប់ផ្តើម​តុបតែង​តុក្កតា Barbie ឲ្យ​ក្លាយជា​តួអង្គ​ស្ត្រី​ខ្មែរ​បុរាណ ដែល​មាន​ម៉ូ​ដ​សម្លៀក​បំពាក់​ស្អាត​ៗ មាន​មកុដ​ក្បាច់លម្អ និង​ច្នៃ​ម៉ូ​ដ​សក់ ជាដើម ។ តុក្កតា​របស់​អឺរ៉ុប​ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ច្នៃ​ជា​របៀប​ខ្មែរ និង​បាន​ក្លាយជា​តុក្កតា​សហ​សម័យ ដែល​មានការ​ចាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ព្រមទាំង​ជនបរទេស​ផង​ដែរ ។

តុក្កតា​ដែល​នាំ​ចូល​មក​ពី​សហរដ្ឋអាមេរិក​នីមួយ​ៗ​មាន​តម្លៃ​ចាប់ពី​២០​ដុល្លារ ទៅ​៣០​ដុល្លារ គិត​រួម​ទាំង​ថ្លៃ​ដឹក​ជញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ ។ ការ​បញ្ជា​ទិញ​ម្តង​មាន​ចំនួន​ចាប់ពី​២០ ទៅ​៤០​តុក្កតា ហើយ​ត្រូវ​រង់ចាំ​រយៈពេល​ប្រមាណ​ជា​៣​ខែ ។

បូ​រ៉ា និយាយ​ថា ៖ « ពេល​កុម្ម៉ង់​ម្តង​ៗ ក្នុង​មួយ​ម៉ូ​ដ​ៗ​គេ​លក់​ឲ្យ​ត្រឹមតែ​៥ ទៅ​១៥​តុក្កតា​ប៉ុណ្ណោះ ហើយ​យើង​អាច​កុម្ម៉ង់​ទិញ​ម្តង​បាន​យ៉ាងច្រើន​បំផុត​ត្រឹមតែ​៤០​តុក្កតា​ប៉ុណ្ណោះ ព្រោះ​នេះ​ជា​គោលការណ៍​នៃ​ការ​ទិញ និង​ដឹក​ជញ្ជូន​របស់​គេ » ។

ដោយសារ​ការ​ផលិត​តុក្កតា​នេះ​ត្រូវ​ទទួល​បន្ទុក​ធ្វើ​តែ​ម្នាក់ឯង បូ​រ៉ា អាច​ផលិត​តុក្កតា​បាន​តែ​៥​បុ​៉​ណ្ណោះ​ក្នុង​មួយ​ខែ ដែល​តុក្កតា​នីមួយ​ៗ​លក់​ចេញ​វិញ​បាន​តម្លៃ​ចាប់ពី​៣០​ដុល្លារ ទៅ​៥០​ដុល្លារ​ទៅ​តាម​ការ​ច្នៃ​ម៉ូ​ដ​ផ្សេង​ៗ ។ ក្នុង​តុក្កតា​នី​មួ​ួ​យ​ៗ បូ​រ៉ា អាច​ចំណេញ​បាន​ត្រឹមតែ​១០​ដុល្លារ​ប៉ុណ្ណោះ ដោយ​រួម​បញ្ចូល​ទាំង​វត្ថុធាតុដើម​ក្នុង​ការ​ច្នៃ​ម៉ូ​ដ និង​កម្លាំង​ពលកម្ម​ផង​ដែរ ។

ស្នាដៃ​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​នេះ​បាន​ធ្វើ​ឲ្យ​សាធារណជន​ជា​ច្រើន​ទទួលស្គាល់ និង​យល់​ពី​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ច្នៃប្រឌិត ហើយ​ជួយ​គាំទ្រ​ការ​ផលិត​តុក្កតា Barbie ម៉ូត​ថ្មី​របស់ បូ​រ៉ា ដែល​ជា​និស្សិត​សិក្សា​មុខ​វិជ្ជា​ផ្ទុយ​ស្រឡះ​ពី​ទេព​កោសល្យ​ពិតប្រាកដ​របស់​ខ្លួន ។

បើ​យើង​មើល​ពី​អតីតកាល​វិញ យុវជន ជៀប ស៊ី​បូ​រ៉ា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពោធិ៍​មង្គល ឃុំ​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ខេត្តកណ្តាល ។ កើត​នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​១៩៩២ និង​ជា​កូនពៅ​ក្នុង​ចំណោម​បងប្អូន​៦​នាក់ ដែល​មាន​តែ​ឪពុក​ជា​មន្ត្រី​ចូល​និវត្តន៍ ។ បូ​រ៉ា បាន​បញ្ចប់​ថ្នាក់​ទុតិយភូមិ​នៅ​វិទ្យាល័យ​អង្គរ ក្នុង​ឆ្នាំ​២០១០ ។
បច្ចុប្បន្ន​នេះ​រូបគេ​ជា​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​ព័​ត៌ មាន​វិទ្យា នៃ​សាកលវិទ្យាល័យ South-East Asia (USEA) នៅ​ខេត្តសៀមរាប ។

បូ​រ៉ា បាន​ពោល​ដោយ​ទឹកមុខ​ក្រៀមក្រំ​ថា ៖ « ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ចូល​រៀន​ផ្នែក IT ដោយសារ​តែ​មានការ​ជំរុញ​ពី​ក្រុម​គ្រួសារ​របស់ខ្ញុំ ដែល​វា​ផ្ទុយ​ស្រឡះ​ពី​ចំណង់​ចំណូលចិត្ត​ខ្លួនឯង » ។

បូ​រ៉ា បន្ត​ថា ៖ « ក្រុម​គ្រួសារ​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​ធ្វើការ​ផ្នែក​អាជីវកម្ម​ជាមួយ​ពូ​ខ្ញុំ ដែល​ជា​ក្រុមហ៊ុន​ជួសជុល​ម៉ូតូ​ធំ​ៗ​ឲ្យ​ជនបរទេស ហៅ​ថា ក្រុមហ៊ុន Cambodia Quad Bike ។ ខ្ញុំ​បាន​ធ្វើការ​នៅ​ទីនោះ​មាន​តួនាទី​ជា​ផ្នែក​លក់ ទីផ្សារ និង​គ្រប់គ្រង​វេ​ប​សាយ​របស់​ក្រុមហ៊ុន ។ ពួក​គាត់​មិន​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ​នោះ​ទេ (​ច្នៃ​ម៉ូ​ដ​)​។ កាលពីមុន ខ្ញុំ​តែងតែ​លួចលាក់​ធ្វើការ​ច្នៃ​ម៉ូ​ដ​តុក្កតា​នេះ ដោយ​មិន​ឲ្យ​ពួក​គាត់​ដឹង​ឡើយ » ។

ពាក្យចាស់​លោក​ពោល​ថា « បើ​មិន​បាន​ជួយ​ចូក ជួយ​ចែវ កុំ​យកជើងរាទឹក » ។ មិន​ត្រឹមតែ​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ ដែល​មិន​បាន​លើកទឹកចិត្ត សូ​ម្បី​តែ​មិត្តភក្តិ​មួយ​ចំនួន​ធំ ក៏​បាន​ពេបជ្រាយ​ដល់​ការ​រក​ឃើញ​គំនិត និង​ការ​ចាប់ផ្តើម​ធ្វើ​ថ្មី​របស់ បូ​រ៉ា ផង​ដែរ ។

ទោះបីជា​យ៉ាងណា ទឹកចិត្ត​ស្រឡាញ់ និង​ភាព​អំណត់​អត់ធ្មត់ ព្រមទាំង​សេចក្តី​ព្យាយាម​របស់​បូ​រ៉ា នោះ​មិន​បាន​រលាយ​សាបសូន្យ​ឡើយ​។ ផលិតផល​ធ្វើ​ដោយ​ដៃ​របស់ បូ​រ៉ា ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន ដែល​ពួក​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ភាព​ច្នៃប្រឌិត និង​ធ្វើ​ឲ្យ​ស្នាដៃ​កូន​ខ្មែរ​រស់នៅ​លើ​ទឹកដី​អង្គរ​រូប​នេះ ។

ក្រុម​គ្រួសារ​របស់ បូ​រ៉ា ព្រមទាំង​មិត្តភក្តិ ក៏​ចាប់ផ្តើម​ផ្លាស់​ប្តូរ​ផ្នត់គំនិត​ពួក​គេ​ដែរ ដែល​ធ្លាប់តែ​យល់​ថា គំនិត​ថ្មី​របស់ បូ​រ៉ា គ្រាន់តែ​ជា​រឿង​ឥត​បានការ​នោះ ក៏​ប្តូរ​មក​ឱ្យ​តម្លៃ ព្រោះ​នេះ​ជា​ការ​ចូលរួម​ក្នុង​សង្គម និង​ជួយ​ដល់​សេដ្ឋកិច្ច​គ្រួសារ ។

គួរ​បញ្ជាក់​ដែរ​ថា បូ​រ៉ា បាន​ផលិត និង​លក់​តុក្កតា Barbie អស់​ចំនួន​១០៦​រូប​ហើយ គិត​ចាប់តាំងពី​ឆ្នាំ​២០១០ មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ។ អតិថិជន​ដែល​និយម​គាំទ្រ​ស្នាដៃ​កូន​ខ្មែរ​ម្នាក់​នេះ ច្រើន​តែ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស និង​ជនបរទេស​មក​ពី​សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន កូរ៉េ និង​វៀតណាម ជាដើម ។ ពួក​គេ​បាន​ទិញ​តុក្កតា​នេះ​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ដល់​មិត្តភក្តិ និង​ក្រុម​គ្រួសារ ជាដើម ។

ដោយសារ​មានការ​គាំទ្រ​កាន់តែ​ច្រើន​ឡើង ពី​សំណាក់​អ្នក​នៅ​ជុំវិញ​ខ្លួន ធ្វើ​ឲ្យ​យុវជន រូប​នេះ កាន់តែ​មាន​ទឹកចិត្ត​បំពេញ​កិច្ច​ការងារនេះ​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ តាម​បំណងប្រាថ្នា​របស់​ខ្លួន ទៅ​ថ្ងៃ​អនាគត ។

នា​ពាក់កណ្តាល​ឆ្នាំ​ក្រោយ បូ​រ៉ា មាន​គម្រោង​បើកហាង​ផលិត និង​លក់​តុក្កតា Barbie ហើយ​ដាក់​ឈ្មោះ​ថា Bora Apsara Barbie នៅ​លើ​ទឹកដី​ខេត្តសៀមរាប​នេះ ។
បូ​រ៉ា និយាយ​ថា ៖ « ខ្ញុំ​មាន​សេចក្តី​រំភើប​ឥត​ឧបមា​ដោយសារ​តែ​មានការ​គាំទ្រ​ច្រើន​ពី​ក្រុម​គ្រួសារ មិត្តភក្តិ អតិថិជន និង​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ផលិត​តុក្កតា​នេះ ហើយ​ជោគជ័យ​ទាំងនេះ ក៏​ជា​ចំណែក​មួយ​របស់​ពួក​គេ​ផង​ដែរ » ។

បូ​រ៉ា បន្ត​ថា ៖ « ខ្ញុំ​សូម​ផ្តាំផ្ញើ​ទៅ​យុវជន​ទាំងអស់​ថា កុំ​បោះបង់​ចោល​នូវ​ក្តី​ស្រមៃ​របស់​ខ្លួន បើ​ទោះជា​ជួប​ការ​លំបាក​ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់​ទិស​ដៅ​នោះ​យ៉ាងណា​ក៏​ដោយ​។ ការ​តស៊ូ អំណត់ ព្យាយាម រមែង​តែង​ទទួល​បាន​ជោគជ័យ និង​អាច​ជម្នះ​រាល់​ឧបសគ្គ​ដែល​រារាំង​ទាំងពួង​បាន » ៕