មាស សុខ​រតនៈ​ ថា សុគន្ធ នីសា នៅ ថោ​ន មាន​ភាពកក់ក្តៅ​ខ្លាំង​

​នៅពេល ដែល​ព័ត៌មាន ពេជ្រ សោភា លាឈប់​ពី ហង្ស​មាស កំពុងតែ​ធ្វើឱ្យ​ទស្សនិកជន ចង់ដឹង​ពី​មួល​ហេតុ​នោះ នៅ​ល្ងាចម្សិលមិញ​នេះ ស្រាប់​តែមាន​ព័ត៌មាន​ថា តារាចម្រៀង សុគន្ធ នីសា ក៏បាន​ចាក​ចេញពី​ផលិតកម្ម ថោ​ន ទៅ​ចូល ហង្ស​មាស វិញ​ដែរ ដើម្បី​ជំនួស​កៅអី ពេជ្រ សា​ភា ។

​ពាក់ព័ន្ធ​នឹង​រឿងនេះ លោក មាស សុខ​រតនៈ អ្នក​គ្រប់​គ្រង់ ផលិតកម្ម ថោ​ន បាន​ប្រាប់​«​ប្រជាប្រិយ​»​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែធ្នូ នេះ​ថា សុគន្ធ នីសា មិនបាន​ចាកចេញ​ពី​ផលិតកម្ម ថោ​ន នោះទេ ព្រោះ​តាំងពី​ម្សិលមិញ​មកដល់​ថ្ងៃនេះ​លោក និង​ក្រុមការងារ​ផលិតកម្ម គ្រប់ផ្នែក មិនទាន់​ទទួលបាន​ពាក្យសុំ​ឈប់ ឬក៏​ការ​ជួន​ដំណឹង​អ្វី​ពី​នាង​នោះទេ​។​

​លោក មាស សុខ​រតនៈ បាន​បន្តទៀតថា សម្រាប់​ការងារ រវាង​ផលិតកម្ម ថោ​ន និង សុគន្ធ នីសា គឺ​មិន​បានធ្វើ​កុងត្រា​ចង់​ជើងទេ គឺ​ផលិតកម្ម​ផ្តល់​តម្លៃ​ឱ្យ​នាង ហើយក៏​ស្ម័គ្រចិត្ត​ច្រៀង​នៅក្នុង​ផលិតកម្ម ថោ​ន ។​ហើយ​ថ្មីៗ​នេះ ថោ​ន ទើបតែ​លើកស្ទួយ​នាង​ចេញ​បទ​ចម្រៀង​មួយ​វ៉ុល​ម្នាក់ឯង​ផងដែរ​។​លោក​បាន​បន្តទៀតថា ចំពោះ​ព័ត៌មាន ដែល​គេ​ថា សុគន្ធ នីសា ចេញទៅ​ហង្ស​មាស​នោះ គឺ​មិនមែនជា​ការពិត​ឡើយ តែបើ​សុគន្ធ នីសា គាត់​ចង់​ចាកចេញ គាត់​មាន​សេរីភាព​គ្រប់គ្រាន់ តែ​លោក​ជឿ​ង​ថា គាត់​មិន​ចង់​ទៅណា​ទៀត​ទេ ព្រោះ​នៅ​ថោ​ន គាត់​មាន​ភាពកក់ក្តៅ​ខ្លាំង​៕ ប្រមាញ់ តារា​
​