ក្រុមហ៊ុន អ៊ី អុង សន្យាជួយថែទាំ និងជួសជុល សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ

ភ្នំពេញ៖ ក្រុមហ៊ុន អ៊ី អុង (AEON) សន្យាជួយថែទាំ និងជួសជុលសារមន្ទីរព្រះនរោត្តម សីហនុ អង្គរ ក្នុងឱកាសខួបទី១០ នៃសារមន្ទីរ ដោយចំណាយថវិកាទាំងស្រុង លើការថែទាំ និងជួសជុលទាំងនោះ ។

យោងតាមគេហទំព័រ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូនេះថា ក្នុងជំនួបជាមួយលោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី០៤ ធ្នូ លោកបណ្ឌិតសាស្ត្រាចារ្យ Yoshiaki ISHIZAWA នាយកវិទ្យាស្ថាន Sophia ប្រចាំទ្វីបអាស៊ី បានដឹកនាំ គណៈប្រតិភូក្រុមហ៊ុន AEON ដែលមានលោក Kansei SAKURA ជាតំណាង ចូលរួមសំណេះសំណាល និងពិភាក្សាដើម្បីពិនិត្យ លទ្ធភាពថែទាំ និងជួសជុលសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ។

លោកសាស្ដ្រាចារ្យ Yoshiaki ISHIZAWA បានមានប្រសាសន៍ថា ក្រុមហ៊ុនAEON នឹងចំណាយថវិកាទាំងស្រុង លើការថែទាំ និងជួសជុលទាំងនោះ ប៉ុន្ដែដើម្បីកំណត់ទីតាំង និងលក្ខណៈបច្ចេកទេសឲ្យបានសមស្រប ក្រុមហ៊ុន AEON នឹងមកពិនិត្យសិក្សាវាយតម្លៃ លក្ខណៈបច្ចេកទេសជាដំបូងសិន ដើម្បីធ្វើរបាយការណ៍លម្អិត ដាក់ជូនភាគីពាក់ព័ន្ធពិនិត្យ សម្រេច។

តាមគម្រោង ដែលបានគ្រោងទុក ក្រុមពិនិត្យសិក្សាវាយតម្លៃនេះ នឹងបញ្ចប់កិច្ចការរបស់ខ្លួន ក្នុងចុងខែធ្នូ២០១៥នេះ ដូចនេះការងារថែទាំ ជួសជុលនេះ អាចនឹងដំណើរការបានឆាប់ៗ ក្រោយពេលដែលភាគីពាក់ព័ន្ធ ពិនិត្យសម្រេចលើរបាយការណ៍ ដែលទទួលបានពីការវាយតម្លៃសរុបរួចមក។

លោក ស៊ុ ម៉ាប់ បានថ្លែងអំណរគុណ ចំពោះសាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុន AEON ជាពិសេស ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយគាំទ្រ និងផ្ដល់ជំនួយដល់កម្ពុជាជាបន្តបន្ទាប់ លើគ្រប់វិស័យ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ កសាងឡើងក្រោមកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វីយ៉ា ដោយមូលនិធិនៃក្លឹប១% របស់ក្រុមហ៊ុនAEON ដើម្បីដាក់តាំងនិងតម្កល់វត្ថុបុរាណ ដែលបានរកឃើញ ក្នុងពេលសិក្សា ស្រាវជ្រាវរបស់សាកលវិទ្យាល័យសូហ្វីយ៉ា។ ចាប់ពីបើកដំណើរការ ទទួលភ្ញៀវពីឆ្នាំ២០០៨មក សារមន្ទីរបានពង្រីក ការតាំងពិព័រណ៍ សមុច្ច័យរបស់ខ្លួនជាបន្តបន្ទាប់ហើយ សព្វថ្ងៃនេះ សារមន្ទីរមានពិព័រណ៍អចិន្ត្រៃយ៍ចំនួនបី ដែលសុទ្ធសឹងជាលទ្ធផលនៃ កំណាយស្រាវជ្រាវក្នុងតំបន់អង្គរ៕

ក្រុមហ៊ុន អ៊ី អុង សន្យាជួយថែទាំ និងជួសជុល សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ

ក្រុមហ៊ុន អ៊ី អុង សន្យាជួយថែទាំ និងជួសជុល សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ

ក្រុមហ៊ុន អ៊ី អុង សន្យាជួយថែទាំ និងជួសជុល សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ

ក្រុមហ៊ុន អ៊ី អុង សន្យាជួយថែទាំ និងជួសជុល សារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ