សហរដ្ឋអាមេរិក​សម្រាល​ទណ្ឌកម្ម​ប្រឆាំង​ភូមា​ថែម​ទៀត

សហរដ្ឋអាមេរិក​នឹង​សម្រាល​បណ្តោះអាសន្ន​បណ្តា​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​មាន​ជា​ធរមាន​ប្រឆាំង​ភូមា ដែល​នៅ​ទីនោះ​មេដឹកនាំ​ប្រឆាំង​លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ខែ​មុន ហើយ​កំពុង​រៀបចំ​ការ​ផ្ទេរអំណាច​ជាមួយ​របប​សព្វថ្ងៃ ។

យោង​តាម​បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​រដ្ឋាភិបាល​អា​មេ​រិ​កថា ក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​អនុញ្ញាត​សម្រាប់​រយៈពេល​៦​ខែ​ឱ្យ​បណ្តា​ទំនិញ​ដែល​ដឹក​ចេញពី​បណ្តា​កំពង់​ផែ និង​ព្រ​លាន​យន្តហោះ​ភូមា​ចូល​មក ។

ប្រភព​ព័ត៌មាន​ដដែល​នោះ​បញ្ជាក់​ថា ការ​អនុញ្ញាត​នេះ​ក៏​នឹង​រួម​មាន​បណ្តា​កំពង់​ផែ ឬ​ព្រ​លាន​យន្តហោះ​ដែល​ត្រួតត្រា​ដោយ​បណ្តា​មនុស្ស​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៃ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អា​​មេ​រិ​ក​ផង​ដែរ ។

អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​ក​ម្នាក់​និយាយ​ថា ទិស​ដៅ​គឺ​អនុវត្ត​លើ​រណសិរ្ស​សេដ្ឋកិច្ច ដើម្បី​ផ្តល់​ដង្ហើម​ដក​ដល់​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី នា​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ ពេល​លោកស្រី​ស៊ូ​ជី បង្កើត​រដ្ឋាភិបាល​មួយ ។

លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី ដែល​ទើប​ជួប​កាលពី​ស​ប្តា​ហ៍​មុន​ជាមួយ​មេដឹកនាំ​នយោបាយ និង​យោធា​របស់​ប្រទេស​មាន​ប្រសាសន៍​ថា លោកស្រី​មាន​សុទិដ្ឋិនិយម​សម្រាប់​អនាគតភូមា ៕