នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លក់​ប្រេង​ឱ្យ​តួ​ក​គី

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់ លោក​ហៃ​អីុដា អាល់​អា​បា​ឌី ថ្លែង​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ថា ប្រេងកាត​មួយ​ផ្នែក​ធំ​ដែល​ផលិត​ក្នុង​បណ្តា​ដែនដី​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី និង​នៅ​អីុ​រ៉ា​ក់ ត្រូវ​បាន​លក់​ដោយ​លួចលាក់​ទៅ​កាន់​តួ​ក​គី ។

ពេល​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​ល្លឺ​ម៉​ង់ លោក FRANK WALTER STEINMEIER នាយក​រដ្ឋមន្ត្រី​អីុរ៉ា​ក់ គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​បញ្ឈប់​ការ​រត់ពន្ធ​ប្រេង​របស់​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ប្រេង​ទាំងនេះ​មួយ​ផ្នែក​ធំ​បញ្ជូន​មក​តួ​ក​គី ។

ប្រមុខ​រដ្ឋាភិបាល​អីុរ៉ា​ក់​ធ្វើការ​ចោទប្រកាន់​បែប​នេះ​បន្ទាប់​ពី​ការ​ចោទប្រកាន់​រួច​ហើយ​របស់​រុ​ស្ស៊ី​ពី​រឿង​នេះ ។ កាលពី​៦​ថ្ងៃមុន ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ប្រកាស​ថា ខ្លួន​មាន​ភស្តុ​តាង​ពី​ការ​ផ្ទេរ​ហិរញ្ញវត្ថុ​គ្នា​រវាង​ប្រធានាធិបតី​តួ​ក​គី លោក​រី​សេ​ប តៃ​យី​ប​អ័​រ​ដូ​ហ្គា​ន ព្រមទាំង​គ្រួសារ និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ក្រុង​អង់កា​រ៉ា ដែល​មាន​ទំនាក់ទំនង​តានតឹង​ជាមួយ​ក្រុង​មូ​ស្គូ ចាប់តាំងពី​យន្តហោះ​ប្រដេញ​តួ​ក​គី​បាញ់​ធ្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​ព្រំដែន​ស៊ី​រី​កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា មក បាន​បដិសេធ​រាល់​ការ​ចូលរួម​របស់​រដ្ឋ​ក្នុង​ការ​រត់ពន្ធ​ប្រេងកាត​មក​ពី​បណ្តា​តំបន់​ត្រួតត្រា​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ការ​ចោទប្រកាន់​របស់​អីុ​រ៉ា​ក់​ធ្វើ​ឡើង ខណៈ​ពេល​មាន​ភាព​តានតឹង​ខាង​ការទូត​រវាង​ក្រុង​បា​ដា​ដ និង​ក្រុង​អង់កា​រ៉ា​មក​ពី​ការ​ដាក់​ពង្រាយ​នា​ពេល​ថ្មី​ៗ​នេះ​នូវ​ទាហាន​តួ​ក​គី​ជា​ច្រើន​រយ​នាក់​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់ ដែល​បរិហារ​ពី​ការ​រំលោភ​បំពាន​អធិបតេយ្យភាព​របស់​ខ្លួន ហើយ​គំរាម​ប្តឹង​ទៅ​ក្រុង​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប ។

អុ​ី​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ស្នើ​ឱ្យ​តួ​ក​គី​ដក​កងទ័ព​បន្ថែម​របស់​ខ្លួន​ដែល​ដាក់​ពង្រាយ​មុន​នេះ​នៅ​ភាគ​ខាងជើង​អុ​ី​រ៉ា​ក់​ត្រឹម​យប់​ថ្ងៃ​ទី​៨ ធ្នូ យ៉ាង​យូរ​បំផុត ។ លោក IBRAHIM AL JAAFARI រដ្ឋមន្ត្រី​ការ​បរទេស​អុ​ី​រ៉ា​ក់ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ រួម​ជាមួយ​សម​ភាគី​អា​ល្លឺ​ម៉​ង់ ដែល​មក​កាន់​ក្រុង​បា​ដា​ដ​ថ្លែង​ថា រយៈពេល​៤៨​ម៉ោង​នឹង​ផុត ហើយ​ប្រសិនបើ​គ្មាន​កា​រដក​កងទ័ព​ទេ នោះ​រាល់​ការ​ជ្រើសរើស​នឹង​បើក​ធ្វើ ឬ​ក៏​យើង​ងាក​ទៅ​រក​បណ្តា​អង្គការ​អន្តរជាតិ ៕