តូចចិត្ត​ឪពុកមា​ពង្រត់​ប្រពន្ធ​ទៅ​ថៃ ប៉ង​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ហៅ​ទៅ​សួរនាំ​បន្ទាប់​ពី​សមត្ថកិច្ច​ទទួល​បាន​សេចក្តីរាយការណ៍​ថា​ប៉ង​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន ព្រោះ​មក​តាម​រកប្រពន្ធ​មិនឃើញ ហើយ​ចោទ​ថា​ឪពុកមា​បង្កើត​ពង្រត់​ប្រពន្ធ​ទៅ​ស្រុក​ថៃ​បាត់ ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃ​ទី​៨ ធ្នូ ២០១៥ ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

បុរស​ដែល​ប៉ុនប៉ង​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន​ខាងលើ​ឈ្មោះ ភ័​ក្រ​ ស័​ក្ត អាយុ​២៥​ឆ្នាំ មក​ពី​ភូមិ​ចំប៉ី​ ឃុំ​តា​យ៉ែ​ក ស្រុ​ក​សូត្រ​និគម ខេត្តសៀមរាប ។

បុរស​ខាងលើ​បាន​រៀបរាប់​នៅ​មុខ​មហាជន​ថា ខ្លួន​ចង់​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់​ខ្លួន ដោយ​និយាយ​ថា​តូចចិត្ត​ត្បិត​នាង​ជា​ប្រពន្ធ​ត្រូវ​បាន​ឪពុកមា​​បង្កើត​របស់​ខ្លួន​ពង្រត់​ទៅ​ថៃ​បាត់​កាលពី​២-៣​ថ្ងៃមុន​នេះ ។ បុរស​គិត​ខ្លី​ខាងលើ​ប្រាប់​ថា ប្រពន្ធ​របស់​គេ​ឈ្មោះ ចិន យ័ន អាយុ​១៨​ឆ្នាំ ហើយ​ថា​ឪពុកមា​ដែល​ពង្រត់​ប្រពន្ធ​ទៅ​ថៃ​នោះ​ឈ្មោះ យួន ផង់ មិនដឹង​អាយុ​ប៉ុន្មាន​ទេ មាន​ទីលំនៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ។

ទោះជា​យ៉ាងណា​បុរស​ខាងលើ​ប្រាប់​ថា ខ្លួន​និង​ប្រពន្ធ​នោះ​មិន​បាន​រៀប​ការ​ពេញ​ច្បាប់​នោះ​ទេ ដោយ​គ្រាន់តែ​រៀបចំ​តិចតួច ហើយ​ទើប​រស់នៅ​ជុំ​គ្នា​បាន​ជាង​១​ខែ​តែ​ប៉ុណ្ណោះ ។ បុរស​ខាងលើ​បន្ទាប់​ពី​ត្អូញត្អែរ​រឿង​ឪពុកមា​ពង្រត់​ប្រពន្ធ​ហើយ​ចង់​រត់​ចូល​រថយន្ត​សម្លាប់​ខ្លួន ត្រូវ​ប្រជា​ការពារ​ភូមិ​ដែល​នៅ​យាម​បរិវេណ​វត្ត​ខាងលើ​រាយការណ៍​ទៅ​ប៉ុស្តិ​រដ្ឋបាល ហើយ​នគរបាល​ក៏​បាន​មក​ដល់​ដើម្បី​ណែនាំ​មិន​ឲ្យ​គិត​ខ្លី​ប៉ុនប៉ង​សម្លាប់​ខ្លួន​ទៀត បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​នាំ​បុរស​នោះ​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ និង​អប់រំ​បន្ថែម ។

គេ​មិនដឹង​ថា ការ​លើក​ឡើង​របស់​បុរស​ខាងលើ​វា​ជា​ការ​ពិត​ឬ​យ៉ាងណា​នោះ​ទេ ហើយ​ឈ្មោះ យួន ផង់​ ដែល​រង​ការ​ចោទប្រកាន់​ថា​ពង្រត់​ប្រពន្ធ​បុរស​ខាងលើ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ ៕