កម្មករ​រោងចក្រ សេរី ហ្គា​មេន ខេ​ម​បូ​ឌា ដួល​សន្លប់​ជាង​១០០​នាក់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់​ៗ​គ្នា

ខេត្តកំពង់ស្ពឺ ៖ រយៈពេល​២​ថ្ងៃ កម្មករ​-​កម្មការិនី​រោងចក្រ សេរី​ ហ្គា​មេន ខេ​ម​បូ​ឌា បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ត្រូវ​បាន​ខាង​រោងចក្រ​ដឹក​យក​មក​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ។ ការ​ដួល​សន្លប់​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ពុល​ថ្នាំ​ជ្រលក់​ក្រណាត់ ឬ​បណ្តាល​មក​ពី​ធុំក្លិន​ថ្នាំ​បាញ់​សម្លាប់សត្វ​ល្អិ​ត ដែល​ខាង​រោងចក្រ​បាន​បាញ់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​៧ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ សេរី ហ្គា​មេន ខេ​ម​បូ​ឌា ស្ថិត​ក្នុងភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

លោក ចឹក បូ​រិ​ន្ទ ប្រធាន​មន្ទីរ​ការងារ​ខេត្ត បានអោយ​ដឹង​ថា កម្មករ​ដែល​ដួល​សន្លប់​ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ពេល​នេះ​ខាង​មន្ទីរ​កំពុង​តែ​ស្រង់​ចំនួន និង​អត្តសញ្ញាណ​(​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​) គ្រាន់តែ​ដឹង​ថា​សន្លប់​រយៈពេល​២​ថ្ងៃនេះ​ជាង​១០០​នាក់ ដោយនៅ​ក្នុង​រោងចក្រ​មានកម្ម​ករ​សរុប​៧០០​នាក់ ស្រី​៦៤០​នាក់ ។

លោក ចឹក បូ​រិ​ន្ទ បន្ត​ទៀត​ថា ការ​ដួល​សន្លប់​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ ម្តង​ហើយ ដោយ​ខាង​រោងចក្រ​បាន​បាញ់ថ្នាំ​សម្លាប់​សត្វល្អិត​នៅ​ក្នុង​អាគារ​ធ្វើការ និង​ជុំវិញ​អាគារ ក្រោយ​ពេល​បាញ់ថ្នាំ ខាង​រោងចក្រ​មិន​បាន​បើកទ្វារ​អោយ​មាន​ខ្យល់​ចេញចូល​ធ្វើ​អោយ​ចំហាយ​ថ្នាំ​​​នៅ​ក្នុង​នោះ ទើប​ពេល​កម្មករ​ចូល​ទៅ​ធ្វើការ​មានការ​ពិបាក​ដកដង្ហើម ទើប​ដួល​សន្លប់​បែប​នេះ ។

ក្រុម​កម្មករ​ដែល​មិន​បាន​ដួល​សន្លប់ បាន​បន្ទោស​ខាង​រោងចក្រ​ថា គ្មាន​បច្ចេកទេស​ក្នុង​ការ​លាយថ្នាំ​ជ្រលក់​សាច់​ក្រណាត់ ទើប​បណ្តាល​ឱ្យ​កម្មករ​-​កម្មការិនី​ដួល​សន្លប់​បែប​នេះ ។

នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ដែរ​ក្រុមការងារ​ប​ច្ចក​ទេស​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​រោងចក្រ​កើតហេតុ​រក​ប្រភព​ដែល​បណ្តាល​អោយ​មានការ​ដួល​សន្លប់​នេះ ។

អ្នកខ្លះ​ទៀត​លើក​ឡើង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ក្រុម​កម្មករ​ដួល​សន្លប់​នេះ​បណ្តាល​មក​ពី​អារម្មណ៍​របស់​គាត់​នៅ​តក់ស្លុត​បន្ទាប់​ពី​ឃើញ​មិត្តភក្តិ​របស់​គាត់​ដួល​សន្លប់​ក៏​មានការ​ភិតភ័យ​ដួល​សន្លប់​ត​ៗ​គ្នា​ជា​បន្ទ​បន្ទាប់​បែប​នេះ ។ ខាង​រោងចក្រ​ដោយ​មើលឃើញ​ពី​សភាពការណ៍​បែប​នេះ​បាន​សំរេច​អោយ​បងប្អូន​កម្មករ​ចាកចេញ​ទៅ​ផ្ទះ ហើយ​អនុញ្ញាត​អោយ​ឈប់​សំរាក​រហូត​ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២១៥ ទើប​ចូល​បំរើ​ការងារ​វិញ​ជា​ធម្មតា ៕