ផ្សព្វផ្សាយ​របាយការណ៍​ថ្មី ស្តីពី បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​

ភ្នំពេញ: រាជរដ្ឋាភិបាល​កម្ពុជា​ នឹងប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ថ្មី ស្តីពី “​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយ​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​”​ នៅព្រឹកថ្ងៃទី៩ធ្នូ ស្អែកនេះ។ របាយការណ៍​ថ្ មី​ដែល​នឹងត្រូវ​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​គោលបំណង​ប៉ាន់ប្រមាណ​ពី​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយសារ​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​។

​ពិធី​នេះ​ នឹងធ្វើ​ឡើង ក្រោម​អធិបតីភាព​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួង​កិច្ចការនារី លោកស្រី ស៊ី ដេ​ហ្វី​ន រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​អំពើហិង្សា​លើ​ស្ត្រី​និង​កុមារ លោកស្រី ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន អតីតយុទ្ធជន និង​យុវនីតិសម្បទា និង លោកស្រី ដេ​បូរ៉ា កូ​មី​នី  នាយិកា​អង្គការ​យូ​នី​សេ​ហ្វ​ ប្រចាំ​ប្រទេស​កម្ពុជា នៅ​ម៉ោង ១ និង ៣០​នាទី ថ្ងៃ​ពុធ ទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ​នា​សណ្ឋាគារ​កាំបូឌីយ៉ាណា រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាសរួមរវាងក្រសួងកិច្ចការនារី និងអង្គការ យូនីសេហ្វ បង្ហាញថា​ របាយការណ៍​ថ្មី​ ដែល​នឹងត្រូវ​ចេញផ្សាយ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ក្នុង​គោលបំណង​ប៉ាន់ប្រមាណពី​បន្ទុក​សេដ្ឋកិច្ច​នៃ​ផលវិបាក​ចំពោះ​សុខភាព​ដោយសារ​អំពើហិង្សា​លើ​កុមារ​ក្នុងប្រទេស​កម្ពុជា​។

ការសិក្សា​នេះ​ ដឹកនាំ​ស្រាវជ្រាវ​ដោយ​បណ្ឌិត Xiangming Fang ដែលជា​អ្នកជំនាញ​សកល​លើ​ប្រធានបទ​នេះ ក្រោម​កិច្ច​គាំទ្រ​ពី​អង្គការ​យូ​នី​សេ​ហ្វ​។ ដោយសារ​ការ​សិក្សា​​នេះ គឺជា​ការសិក្សា​លើកដំបូង​ក្នុងប្រទេស​កម្ពុជា លទ្ធផល​ដែល​ទទួលបាន​មាន​សារសំខាន់​ណាស់ ដើម្បី​ស្វែងយល់​ពី​ផលវិបាក​ដែល​បណ្តាល មកពី​អំពើហិង្សា​លើ​កុមារ និង​ការខាតបង់​ផ្នែក​សេដ្ឋកិច្ច​ចំពោះ​សង្គម​ទាំងមូល​។ ការសិក្សា​នេះ​ក៏បាន​គូសបញ្ជាក់​ពី​តម្រូវការ​ចាំបាច់​នៃ​ការវិនិយោគ​លើ​ការពង្រឹង​ប្រព័ន្ធ​ការពារ​កុមារ​ថ្នាក់ជាតិ ក៏ដូចជា​ការបែងចែក​ថវិកា និង​ការវិនិយោគ​លើ​ការទប់ស្កាត់​អំពើហិង្សា​លើ​កុមារ​។

នៅ​ឆ្នាំ​២០១៤ ការអង្កេត​ស្តីពី​អំពើហិង្សា​លើ​កុមារ​នៅ​កម្ពុជា​(CVACS) ត្រូវបាន​ផ្សព្វផ្សាយ ហើយ​ការអង្កេត​នោះបាន​ផ្តល់​ទិន្នន័យ​ដែល​អាច​ជឿ​ទុកចិត្តបាន និង​តួលេខ​ប៉ាន់ប្រមាណ​នៅ​ថ្នាក់ជាតិ ដែល​បង្ហាញ​ពី​វិសាលភាព​និង​លក្ខណៈ​នៃ​អំពើហិង្សា​លើ​កុមារ​នៅ​ទូទាំងប្រទេស​។ ការសិក្សា​អង្កេត​នោះ ​អាច​សម្រេច​ទៅបាន ដោយសារ​ការប្តេជ្ញាចិត្ត​របស់​គណៈកម្មាធិការ​អន្តរក្រសួង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង​និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ចំនួន​១៣៕