តូចចិត្ត​ប្រពន្ធ​រត់តាម​ឪពុកមា ទៅ​ថៃ​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់ខ្លួន​តែ​មិន​សម្រេច​

បន្ទាយមានជ័យ:  បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​ហៅ​ទៅ​សួរនាំ បន្ទាប់ពីប៉ង​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់ខ្លួន​។​ការឃាត់ខ្លួន​យក​​ទៅ​សាកសួរ​នេះ​បាន​ធ្វើឡើង កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​បរិវេណ​វត្ត​បា​លិលេ​យ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

 បុរស​ដែល​ប៉ុនប៉ង​សម្លាប់ខ្លួន​មិនបាន​សម្រេច​មានឈ្មោះ ភ័​ក្រ ស័​ក្ត អាយុ​២៥​ឆ្នាំមកពី​ភូមិ​ចំប៉ី ឃុំ​តា​យ៉ែ​ក ស្រុក​សូត្រ​និគម ខេត្តសៀមរាប ។​

 បុរស​ខាងលើ​បាន​រៀបរាប់ថា ខ្លួន​ចង់​រត់​ចូល​រថយន្ត​ដើម្បី​សម្លាប់ខ្លួន ដោយនិយាយថា​តូចចិត្ត​ប្រពន្ធ​រត់តាម​ឪពុកមា ទៅ​ថៃ​បាត់​កាលពី​២-៣​ថ្ងៃមុន​។ ប្រពន្ធឈ្មោះ ចិន យ័ន អាយុ​១៨​ឆ្នាំ ឪពុកមា​ដែល​ពង្រត់​ប្រពន្ធ​ទៅ​ថៃ​នោះ​ឈ្មោះ យួនផង់ មិនដឹង​អាយុ​ប៉ុន្មាន​ទេ មាន​ទីលំនៅ​ក្នុងស្រុក​ស្ទោង ខេត្តកំពង់ធំ ។ ខ្លួន​និងប្រពន្ធ​នោះ​មិនបាន​រៀបការ​ពេញ​ច្បាប់​នោះទេ ដោយ​គ្រាន់តែ​រៀបចំ​តិចតួច ហើយទើប​រស់នៅ​ជុំគ្នា​បាន​ជាង​១​ខែ​តែប៉ុណ្ណោះ ។

​ក្រោយមក​ត្រូវបាន​នគរបាល​ប៉ុស្តិ​រដ្ឋបាល យកទៅ​ធ្វើការ​អប់​ណែនាំ មិន​ឲ្យ​គិត​ខ្លីប៉ុនប៉ង​សម្លាប់ខ្លួន​ទៀត ៕​