បើ​ផឹកទឹក​បន្លែ​ផ្លែឈើ​ត្រូវ​ឈ្វេងយល់ ១០ រឿង​

១-​ភាព​ស្អាត អនាម័យ​ជា​អាទិភាព

​បើ​អ្នក​គិតថា​បន្លែ​ផ្លែឈើ​ដែល​នៅក្នុង​កញ្ចប់​ស្អាត​ហើយ សូម​ប្រាប់ថា​អ្នក​គិត​ខុស​ហើយ ។ ទោះបីជា​មុខមាត់​ផ្នែក​ខាងក្រៅ​ស្អាត​ល្អល្អះ​យ៉ាងណាក៏ដោយ​ក៏​យើង​ត្រូវតែ​លាង​សម្អាត​ផ្លែឈើ​ឱ្យ​ស្អាត​មុន​ជានិច្ច បើ​មិន​ដូច្នេះ​ទេ​មេរោគ និង ថ្នាំ​សម្លាប់​សត្វល្អិត​ដែល​បង្កប់ខ្លួន​ក្នុងនោះ​អាចធ្វើឱ្យ​អ្នក​រាករូស ។​

២-​ផឹក​ដដែលៗ​មិនល្អ​

​សូម្បីតែ​អាហារ​ក៏​អ្នកជំនាញ​ណែនាំ​យើង​ប្តូរ​មុខម្ហូប​ញឹកញាប់ ។ យ៉ាងណាមិញ​ទឹក​បន្លែ​ផ្លែឈើ​ក៏​មិន​ខុសគ្នា​ដែរ បើ​យើង​ផឹក​ប្រភេទ​ដដែលៗ​ជា​រៀងរាល់ថ្ងៃ សារធាតុ​គីមី​ពី​បន្លែ​ប្រភេទ​នោះ​នឹង​ចូលទៅ​សន្សំ​ក្នុង​រាងកាយ​ធ្វើឱ្យ​កើត​ក្រួស​ក្នុង​តម្រងនោម ។ ចំណែកឯ​ផ្លែឈើ​ដែលមាន​សារធាតុ​អក់​សា​ឡេ​ត ដូចជា ចេក ឆឺ​រី ទំពាំងបាយជូរ ស្វាយ មឺ​ឡុង​(​ត្រសក់ស្រូវ​ផ្អែម​) នឹងធ្វើ​ឱ្យ​អ្នក​ធេងធោង វិល មុខ ។ សរុបសេចក្តី​មក មិនត្រូវ​ផឹកទឹក​បន្លែ​ផ្លែឈើ​ដដែលៗ​នោះទេ ផ្លែឈើ​មាន​ច្រើន​ប្រភេទ​ណាស់ ប្តូរ រសជាតិ​ឱ្យបាន​ញឹកញាប់​ដើម្បី​សុខភាព​ល្អ ។​

៣-​រក្សាទុក​យូរពេក​

​ក្រោយពី​គាប​យក​ទឹក​ហើយ​គុណ​តម្លៃ​អាហារ​ក្នុង​ទឹក​បន្លែ​ផ្លែឈើ​នឹង​នៅបាន​ត្រឹមតែ ១៥ នាទី បើ​យើង​ទុកចោល​យូរ​ជាង​នេះ សារធាតុ​អាហារ​នឹង​រលាយខ្លួន​ម្តង​បន្តិចៗ ។ ដូច្នេះ​អ្នក​ដែល​គាប​បាន​ទឹក​ហើយ​ទៅ​ដើរ​ត្រេង​ត្រាង ឬ គាប​ម្តង​ច្រើនៗ​ហើយ​ទុក​ផឹក​ច្រើន​ថ្ងៃ​ក៏​មិន​បានទទួល​សារធាតុ​អាហារ​ពេញ​ល្អ​ឡើយ ។​

៤-​ផឹក​ពេល​ពោះ​ទំនេរ​ល្អ​បំផុត​

ព្រោះ​ពេល​ពោះ​ទំនេរ​រាងកាយ​របស់​យើង​នឹង​បឺត​ស្រូបយក​វីតាមីន អំបិល​រ៉ែ​បានល្អ​បំផុត ។ ដូច្នេះ សូម​សាកល្បង​ផឹកទឹក​បន្លែ​ផ្លែឈើ​មុន​អាហារ​មួយពេលៗ​ប្រមាណ​ជា ១៥ នាទី នឹង​ជួយ​ឱ្យ​ញ៉ាំ​អាហារ​បាន​តិច​ផងដែរ ។ អ្នក​ដែល​កំពុងតែ​សម្រក​ទម្ងន់ វិធី​នេះ​ត្រូវ​បំផុត ។​

៥-​ផឹក​យឺតៗ​បាន​គុណប្រយោជន៍​ល្អ​

​ពេលវេលា​ក្នុងការ​ផឹកទឹក​បន្លែ​ផ្លែឈើ ដែល​រាងកាយ​នឹង​ទទួលបាន​អត្ថប្រយោជន៍ ខ្ពស់បំផុត​គឺ​ត្រូវ​ផឹក​ប្រមាណ​ជា ៥-១០ នាទី ក្នុង​មួយ​កែវ ពេលនោះ​រាងកាយ​នឹង​បឺត​ស្រូប យក​វីតាមីន និង រ៉ែ​ធាតុ​សន្សឹមៗ​ទៅប្រើ​បាន ពេញទី​ល្អ ។ ប៉ុន្តែ​បើ​យើង​អត់​ដង្ហើម​លើក​ផឹក ភ្លាម​អស់​ភ្លែត នោះ​សារធាតុ​អាហារ​នឹងត្រូវ បាន​បឺត​ស្រូប​យកបាន​តិច​បំផុត ។ ចំណែក ឯ​អ្នក​ចិត្ត​ត្រជាក់​ដែល​ប្រើពេល​ផឹក​យូរ​លើស ពី ៣០ នាទី បែបនេះ​អត់​ប្រយោជន៍​ទៅវិញ ព្រោះ​វីតាមីន និង អំបិល​រ៉ែ​រលាយ​ស្ទើរ​អស់​ទៅហើយ ស្ទើរតែ​មិន​ខុស​អី​ពី​ផឹកទឹក​សុទ្ធ​ឡើយ ។​

៦-​អាហារ​ស្រស់​ល្អ​ជាង​ឆ្ងាយ​

ច្បាស់​ណាស់​ថា ផ្លែឈើ​ដែល​នៅ​ថ្មី​ស្រស់ៗ​ត្រូវ​មានគុណ​តម្លៃ​ខាង​អាហារ ខ្ពស់ជាង​ផ្លែឈើ​ដែល​រក្សាទុក​ច្រើន​ថ្ងៃ ។ ដូច្នេះ​ត្រូវ​ប្តូរ​ទម្លាប់​ពី​ការទិញ​បន្លែ​ផ្លែឈើ​ច្រើនៗ​មក​ក្លាស្សេ​ទុក​រាប់​សប្តាហ៍​មកជា​ការ​ទិញ​រៀងរាល់ ២ ថ្ងៃ​ម្តង​ជំនួស​វិញ​ដើម្បី​បានទទួល​វីតាមីន​ពេញទី​ល្អ ។​

៧-​ជ្រើសរើស​បន្លែ​ផ្លែឈើ​ដែល​មិន​ផ្អែម​ល្អ​

​ជាតិ​ស្ករ​ក្នុង​បន្លែ​ផ្លែឈើ​គឺ​ហ្វ្រា​ក់​តូ​ស ដែល​រាងកាយ​បឺត​ស្រូបយក​ទៅប្រើ​បាន​ភ្លាមៗ​បើ​យើង​ជ្រើសរើស​បន្លែ​ផ្លែឈើ​ប្រភេទ​ដែលមាន​ជាតិ​ស្ករ​ច្រើន នោះ​យើង​អាច​នឹង​ស្រស់ស្រាយ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​ក៏​នឹងធ្វើ​ឱ្យ​ឆាប់​ធាត់ ហើយ កោសិកា​ស្បែក​ឆាប់​ខ្សោយ​លឿន​ផងដែរ ។​

៨-​ក្រឡុក​ផ្សំ​ចូលគ្នា​ត្រូវមាន​រូបមន្ត​

វីតាមីន​ក្នុង​បន្លែ​ផ្លែឈើ​ប្រភេទ​ខ្លះ​នឹងធ្វើ​ប្រតិកម្ម​គ្នា​បើ​យកមក​ផ្សំ​លាយ​គ្នា យើង​នឹង​រាករូស ក្អួតចង្អោរ ឬ បើជា​ផ្លែឈើ ដែលមាន​វីតាមីន C ខ្ពស់ នោះ​រោគ​ក្រពះ​នឹង​មក​សួរសុខទុក្ខ​ហើយ ។​

៩-​ពណ៌​បៃតង = ស្អុយ​បៃតង (Stink)

​ចំណុច​អវិជ្ជមាន​របស់​បន្លែ​បៃតង​គឺ​ក្លិនស្អុយ​បៃតង បើ​យើង​ដាក់​បន្លែ​បៃតង​ចូលទៅ​ច្រើន យើង​អាច​នឹង​ស្អុយ​រហូត​ទាល់តែ​ទ្រាំ​ផឹក​មិនបាន ។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ថា យក​ល្អ​គួរតែ​ដាក់​បន្លែ​បៃតង​មិនឱ្យ​លើសពី ២៥ ភាគរយ​នៃ​បន្លែ ផ្លែឈើ​ទាំងអស់ ។​

១០-​ផឹក​ឲ្យ​បាន​ជាប់​ជាប្រចាំ​

បើ​យើង​ខ្វះ​វីតាមីន​ណាមួយ នោះ​រាងកាយ​នឹង​ត្រូវការ​ពេលវេលា​ប្រមាណ​ជា ២ សប្តាហ៍​ក្នុងការ​ស្តារ​សភាព​ឡើងវិញ ។ ដូច្នេះ​ការផឹក​ទឹក​បន្លែ​ផ្លែឈើ​ឱ្យ បាន​ផល​ល្អ គឺ​ត្រូវ​ផឹក​ឱ្យបាន​ជាប់ៗ​គ្នា ។ យ៉ាងណាៗ​សូម​សាកល្បង​ផឹក​ឱ្យ បាន​រៀងរាល់​ថ្ងៃនោះ​អ្នកនឹង​ទទួល​អារម្មណ៍​ថា រាងកាយ​ស្រស់ស្រាយ​ភ្លឺ​ថ្លា​ឡើងជា​ពុំខាន ៕​ឆាន់ ចំ​រ៉ា​
​ ​ ​ ​ ​
​