បុរសស្ទាវម្នាក់​អុកឡុក​ផ្ទះជិត​ខាង​ តុលាការ​សម្រេច​ដោះ​លែង ឯអ្នក​រងគ្រោះ​មិន​សុខ​ចិត្ត​

ខេត្តស្វាយរៀង ៖ លោក​ម៉ុ​ក សា​វុ​ធ អាយុ​៤៨​ឆ្នាំ ជា​មេ​ភូមិ​ប្រ​សូត្រ​ទី​១ ព្រមទាំង​ប្រពន្ធ កូនស្រី និង​កូនប្រសា ដែល​ជា​ជន​រង​គ្រោះ​បាន​អំពាវនាវ​រក​យុត្តិធម៌ ដោយ​មាន​ជនល្មើស​ម្នាក់​ទៅ​ធាក់​ទ្វារ​សម្រុកចូល​ក្នុងផ្ទះ​ទាំង​យប់ និង​ចាក់​ប្រហារ​កូនប្រុស​-​ស្រី និង​ប្រពន្ធ​​​គាត់ តែ​ជន​ដៃដល់​បែរជា​តុលាការ​ដោះ​លែងឱ្យ​មាន​សេរីភាព ធ្វើ​ឱ្យ​រូប​គាត់ និង​ប្រពន្ធ​-​កូន​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​គ្រួសារ​យ៉ាង​ខ្លាំង ។

ករណី​អំពាវនាវ​រក​យុត្តិធម៌​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧ ធ្នូ ២០១៥ មាន​ទី​លំ​ភូមិ​ប្រ​សូត្រ​ទី​១ ឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយ​ទាប ។

ជន​រង​គ្រោះ​ឈ្មោះ​ម៉ុ​ក សា​វុ​ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មេ​ភូមិ​ប្រ​សូត្រ​ទី​១ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៤ ធ្នូ ២០១៥ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ មាន​ជនសង្ស័យ​ឈ្មោះ​សំ ពិសិដ្ឋ ហៅ​ង៉ោ​ល ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅផ្ទះ​ជាប់​របង​គ្នា បាន​សម្រុក​ទៅ​ធាក់​ទម្លាយ​ទ្វារផ្ទះ​កូនស្រី និង​កូនប្រសា​ឈ្មោះ​យឹ​ម ផា អាយុ​៣២​ឆ្នាំ នៅ​តូប​ខាង​មុខ​រួច​យក​កន្ត្រៃ​ចាក់​ទម្លាយ​ទ្វារ​ធ្លុះ​ប្រមាណ​២០​កន្ត្រៃ​ហើយ​ស្រែក​ឱ្យ​បើកទ្វារ បើ​មិន​បើក គេ​នឹង​ចាក់​សាំង​ដុត​ផ្ទះ​ចោល ។

ខណៈនោះ រូប​គាត់​និង​ប្រពន្ធ ក៏​ស្រែកហៅ​ឈ្មោះ​សំ ពិសិដ្ឋ ហៅ​ង៉ោ​ល​នេះ​ថា ឯង​កុំ​ធ្វើបាប​កូន​តា​ទៅ​ផ្ទះ​វិញ​ទៅ ។ ស្រាប់តែ​ឈ្មោះ​ពិសិដ្ឋ បាន​រត់ឡើង​ទៅ​លើ​ផ្ទះ​គាត់ រូប​គាត់ និង​ប្រពន្ធ​ភ័យ​ក៏​បិទទ្វារ​ផ្ទះ ខណៈនោះ​ជន​ដៃដល់​បាន​ធាក់​ទ្វារ​សម្រុកចូល​ទៅ​ដោយ​កាន់​កន្ត្រៃ​ចុង​ស្រួច​នៅ​ក្នុង​ដៃ ។ ឃើញ​ដូច្នោះ ប្រពន្ធ​គាត់​ឈ្មោះ​មាន់ ស្រី​ម៉ៅ អាយុ​៤៦​ឆ្នាំ បើក​បង្អួច​ផ្ទះ​ស្រែកហៅ​ជីដូន​ជន​ដៃដល់​ឈ្មោះ​យស់ សា​ឃុ​ត អាយុ​៧០​ឆ្នាំ ឱ្យមក​ហៅ​ចៅ ។

ពេល​នោះ ឪពុក​ជន​ដៃដល់ និង​យាយ រត់​មក​ជួយ ព្រមទាំង​កូនប្រសា ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ​យឹ​ម ផា បាន​ឡើង​ទៅ​ជួយ​ចាប់​ក៏​ត្រូវ​ជន​ស​ង្ស​យ័​ចាក់​ចំពោះ​ខាងឆ្វេង​២​កន្ត្រៃ និង​ចាក់​ចំ​ដៃ​ឆ្វេង​១​កន្ត្រៃ លិច​មួយ​ថ្នាំងដៃ​របួសធ្ងន់ បញ្ជូន​ទៅ​គ្លីនិក​ឯកជន​ទាំង
យប់ ។

បន្ទាប់​មក​ប្រមាណ​ជា​ម៉ោង​១០​យប់ លោកហាស់ ណា​លី អធិការរង​នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​ទាប ដឹកនាំ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ចុះ​មក​ចាប់ខ្លួន​ជន​ដៃដល់​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​កណ្តៀង​រាយ ។ លុះ​ព្រឹក​ថ្ងៃ​ទី​០៥ ធ្នូ ក៏​បាន​បញ្ជូន​មក​អធិ​ការ​ដ្ឋាន​នគ​បាល​ស្រុក រហូត​ដល់​ថ្ងៃ​ទី​៦ ធ្នូ ២០១៥ វេលា​ម៉ោង​០២​រសៀល បញ្ជូន​មក​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ដ្ឋាន​​នគរបាល​ខេត្ត ចោទ​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទម្ងន់ទោស រួច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលា​ដំបូង​ខេត្តស្វាយរៀង ។

លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជូន​សំណុំរឿង​ឱ្យ​លោក​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​រហូត​ដល់​ម៉ោង​៥​ល្ងាច លោក​ចៅក្រម​ស៊ើបសួរ​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទើប​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​អំពាវនាវ​រក​យុត្តិធម៌ ។ ទាក់ទិន​ករណី​ដោះ​លែង​ជន​ដៃដល់​ឱ្យ​មាន​សេរីភាព​នេះ​ដែរ លោក​ហម ម៉េ​ង​សែ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​២ និង​២២​នាទី​រសៀល​ថ្ងៃ​ទី​៧ ធ្នូ ថា ការ​ដោះ​លែង​នេះ គឺ​ជនសង្ស័យ​ជា​មនុស្ស​ឆ្កួត និង​កំពុង​ព្យាបាល​រាល់ថ្ងៃ​ដោយ​មាន​សំបុត្រ​បញ្ជាក់​ពី​លោក​វេជ្ជបណ្ឌិត​នៃ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ។