អីយ៉ា​ស … ការវះកាត់​ប្តូរ​លិង្គ លើកដំបូង​នៅ​អា​មេ​រិច ជិត​មក​ដល់​ហើយ​

អីយ៉ា​ស ... ការវះកាត់​ប្តូរ​លិង្គ លើកដំបូង​នៅ​អា​មេ​រិច ជិត​មក​ដល់​ហើយ​

​សាកលវិទ្យាល័យ Johns Hopkins របស់​អា​មេ​រិច គ្រោង​នឹង​បង្កើត​សេវាកម្ម​វះកាត់​ប្តូរ​ប្រដាប់ភេទ (​លិង្គ​) ហើយ​មនុស្ស​ដែល​មាន​អាទិភាព​មុនគេ គឺ​កងទ័ព​អា​មេ​រិច​។ កាសែត​ដ៏​ល្បី The New York Times បាន​រាយការណ៍​ថា ការវះកាត់​ដំបូង​គេ នឹង​អាច​ធ្វើឡើង​នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

​ដំណឹង​នៃ​ការវះកាត់​ប្តូរ​លិង្គ អាច​នឹង​ផ្សព្វផ្សាយ​លឿន ហើយ​វា​ក៏​ជា​ដំណឹង​ល្អ សម្រាប់​មនុស្ស​ប្រុស​ដែរ ប៉ុន្តែ មិនមែន​មានន័យថា វា​ជា​លើក​ដំបូង​នោះ​ទេ គឺថា ការវះកាត់​ប្តូរ​លិង្គ​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​ជោគជ័យ នៅ​អាហ្វ្រិច​ខាងត្បូង​ម្តង​រួចមកហើយ​។ ហើយ​វា​ក៏​ប្រហែល​អាច​ក្លាយជា របរ​រកស៊ី​ដ៏​កាក់កប​ផងដែរ​។​

​នៅ​សហរដ្ឋ​អា​មេ​រិច ការរង​របួស ឬ​ការ​កាត់​ស្បែក​លិង្គ មិនសូវ​ជា​ឧស្សាហ៍​កើតមាន​ទេ ប៉ុន្តែ វា​មិនមែន​មានន័យថា គេ​មិន​ត្រូវការ​ការវះកាត់​លិង្គ​ឡើយ​។ ស្ថិតិ​របស់​ក្រសួងការពារជាតិ​អា​មេ​រិច បានបង្ហាញ​ថា ទាហាន​ចំនួន ១,៣៦៧ នាក់​បាន​រងរបួស​លើ​ប្រដាប់ភេទ ចន្លោះ​ឆ្នាំ ២០១១ និង ២០១៣ នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អា​ហ្វ​ហ្គានី​ស្ថាន​។​

​តើ​វា​ពិត​ទេ​ថា មនុស្ស​ប្រុស​មិន​ត្រូវការ​ប្រដាប់ភេទ សម្រាប់​រយៈពេល​ចុងក្រោយ នៃ​ជីវិត​របស់​ពួកគេ​? មិន​អាច​ទេ​! កុំ​ថា​ឡើយ​សម្រាប់​ប្រើការ ឲ្យតែ​បាន​មាន​ដូច​មុន គឺ​វា​អស្ចារ្យ​សម្រាប់​ពួកគេ​ហើយ​។ ពិតណាស់ ប្រដាប់ភេទ (​លិង្គ​) តាម​ប្រពៃណី​ប្រទេស​ភាគច្រើន គឺ​វា​បញ្ជាក់​អំពី “​ភាព​ជា​បុរស ភាព​ជា​មនុស្ស​ខ្លាំង ភាព​ជា​អំណាច​” ដូច្នេះ គ្មាន​រឿង​អី​ដែលថា មនុស្ស​ប្រុស មិន​ហ៊ាន​ប្រឈម​នឹង​ការវះកាត់ ដើម្បី​បាន​លិង្គ​ត្រឡប់មកវិញ​នោះទេ​។​

​ជា​ការពិត ការវះកាត់​ជួសជុល និង​ព្យាបាល​ដោយ​យក​ស្បែក​ពី​កន្លែង​ផ្សេង អាច​ជួយ​អ្នក​បាន ប៉ុន្តែ វា​មិន​អាច​ស្តារ​តួនាទី ធម្មជាតិ​របស់​វា​បាន​នោះទេ គឺមាន​តែ​ការវះកាត់​ប្តូរ​លិង្គ ពី​អ្នក​ព្រម​បរិច្ចាក​ប៉ុណ្ណោះ ទើប​ចប់​សព្វគ្រប់​។​

​លោក Scott E. Skiles បាន​និយាយ​ទាំង​សើច​ញញឹម​ថា ៖ “​ខ្ញុំ​សុខចិត្ត​បាត់​បង់ដៃ ឬ​ជើង​ទាំង​គូ​របស់​ខ្ញុំ តែ​បើ​អា​អូន​តូច​ប្រើការ​មិនកើត ស៊ូស្លាប់​ល្អ​ជាង​”​។​
​យ៉ាងណាមិញ ដំណើរការ​នៃ​ការវះកាត់​នេះ មិនមែន​ជា​ការងាយស្រួល​នោះទេ ហើយ​វេជ្ជបណ្ឌិត​ប្រចាំ​សាកលវិទ្យាល័យ Johns Hopkins បាន​ប៉ាន់ស្មាន​ថា វា​ប្រហែលជា​ត្រូវការ​ពេលវេលា​វះកាត់ ១២ ម៉ោង និង​ដោយ​យកចិត្តទុកដាក់​ជា​ទីបំផុត​។​

​វេជ្ជបណ្ឌិត​ប្រចាំ​សាកលវិទ្យាល័យ Johns Hopkins  ៖
“​វា​មិនមែន​ជា​ការងាយស្រួល​ទេ សរីរាង្គ​មួយ​នេះ មាន​ភាពស៊ាំ​ញ៉ាំ និង​ស្មុគស្មាញ​បំផុត​។ ម្យ៉ាងវិញទៀត ទោះបីជា​វះកាត់​ជោគជ័​យក្តី ប៉ុន្តែ ការប៉ះទង្គិច​ផ្លូវចិត្ត​ពីមុន ឬ​ការ​មាន​អារម្មណ៍​ថា មិនមែន​ជា​របស់​ខ្លួន ឬ​ការ​មិន​ពេញចិត្ត​នឹង​សរីរាង្គ​ដែល​គេ​បរិច្ចាក ... អាច​នឹង​ធ្វើឲ្យ​អ្នក​ជំងឺ​មាន​បញ្ហា​។ ហើយ​វា​បាន​កើតឡើង​ម្តង​រួចមកហើយ ទៅលើ​បុរស​ជនជាតិ​ចិន កាលពី​ឆ្នាំ ២០០៦ គឺថា ការវះកាត់​ប្តូរ​លិង្គ​បាន​ទទួល​ជោគជ័យ ប៉ុន្តែ ក្រោយ ១០ ថ្ងៃ កត្តា​ផ្លូវចិត្ត បុរស​នោះ​បាន​ស្នើរ​ឲ្យ​គ្រូពេទ្យ វះកាត់​យក​លិង្គ​ថ្មី​នោះ​ចោល​វិញ​”៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី08  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។