លោក គីម ជុងអ៊ុន ប្រកាស ប្រឆាំងសង្គ្រាម កាប់បំផ្លាញព្រៃឈើ នៅក្នុង កិច្ចប្រជុំទីក្រុង ប៉ារីស

ប៉ារីស៖ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់រដ្ឋមន្ត្រីការបរទេស របស់ខ្លួន ដែលកំពុងមានវត្តមាន នៅឯកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុ COP21 ក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនោះ ឲ្យលើកឡើងពី សង្គ្រាមប្រឆាំងចំពោះការកាប់បំផ្លាញ ព្រៃឈើ ដែលជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដល់បរិស្ថានរបស់ភពផែនដី។

សារព័ត៌មានសិង្ហបុរី ចេញផ្សាយ នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ ២០១៥ នេះទៀតថា កូរ៉េខាងជើង បានចូលរួមជាមួយបណ្តាប្រទេស សរុបចំនួន ១៩៥ នៅក្នុងកិច្ចប្រជុំ ស្វែងរកដំណោះស្រាយរួមគ្នា ស្តីពីកិច្ចគាំពារបរិស្ថាន ក្នុងទីក្រុងប៉ារីស ដែលមានរយៈពេល ១២ថ្ងៃ។ បញ្ហាចម្បង ដែលពិភពលោកកំពុងព្រួយបារម្ភនោះ គឺឧស្ម័នផ្ទះកញ្ចក់ ដែលកំពុងកើនឡើង ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ។

រដ្ឋមន្ត្រីការបរទេស កូរ៉េខាងជើង លោក រី យ៉ុងស៊ូ បានប្រាប់តំណាងអន្តរជាតិទាំងឡាយ ពីសាររបស់លោក គីម ថា “លោកគីម បានប្រកាសសង្គ្រាម ប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ហើយប្រទេសនេះ នឹងចាប់ផ្តើមនូវគម្រោងដ៏ធំមហិមាមួយ គឺការធ្វើឲ្យភ្នំទាំងអស់ក្នុង ប្រទេស ក្លាយទៅជាភ្នំមាស ដែលគ្របដណ្តប់ ដោយដើមឈើ យ៉ាងក្រាស់ឃ្មឹកតែម្តង។”

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបង្ហាញជាបន្តបន្ទាប់ នូវគម្រោងការរបស់ជាតិខ្លួន ដែលមានការដំាដើមឈើពូជធំៗ ជាច្រើន នៅតាមតំបន់ភ្នំ នៅរយៈពេលមួយទសវត្សរ៍ទៀត ហើយរដ្ឋកុម្មុយនិ៍ស្តមួយនេះ ក៏បានសន្យាថា នឹងព្យាយាមកាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ ផងដែរ៕

លោក គីម ជុងអ៊ុន ប្រកាស ប្រឆាំងសង្គ្រាម កាប់បំផ្លាញព្រៃឈើ នៅក្នុង កិច្ចប្រជុំទីក្រុង ប៉ារីស