មេ​គយ​ខេត្តបន្ទាយមានជ័យ ថោង សុខាំ​ភូ កាន់តែ​ល្បីល្បាញ​ខាង​រៀបចំ​បណ្ដាញ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​

​ប្រភពពី​មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្ត​នេះ កំពុង​រៀបចំ​បក្ខពួក​និង​បណ្ដាញ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត ដោយ​មិន​ខ្លាច​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នោះទេ​។ ជាងនេះទៅទៀត​លោក ថោង សុខាំ​ភូ បាន​ឃុបឃិត​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​មួយចំនួន​ឲ្យ​បង្កប់​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ស្រេច​តែ​អំពើ​ចិត្ត​ដើម្បី​ចែក​ផលប្រយោជន៍​គ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ជាពិសេស​ក្រុម​គយ​ចល័ត​ប្រចាំ​ប៉ុស្តិ៍​ជជុះ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត កំពុងតែ​ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ​យ៉ាង​អ​នា​ធិ​ប​ត្យេ បើទោះបី​ឈ្មួញ​និង​អាជីវករ​ទាំងនោះ​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​តាមច្បាប់​យ៉ាងណាក៏ដោយ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ថោង សុខាំ​ភូ បាន​ឲ្យ​ដឹងថា​ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ​រូបនេះ កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ក៏ដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​ឡើយ​។ ប្រភព​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា ក្រុមហ៊ុន​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ប្រសិនបើ​ចង់​បង្កប់​ទំនិញគេចពន្ធ ឬ​ទំនិញ​ខុសច្បាប់​ដោយ​គ្មាន​ការរំខាន​ត្រូវ​បង់លុយ​ក្បាល​ឡាន​និង​បង់លុយ​ប្រចាំខែ​ឲ្យ​លោក ថោង សុខាំ​ភូ តាម​ការកំណត់ ទើប​គ្មាន​ការរំខាន​ពី​សមត្ថកិច្ច​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ រថយន្តក្រុង​របស់​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ ក្រុមហ៊ុន​ប្ល៊ូ​បឺត ក្រុមហ៊ុន​ប៉ា​រ៉ា​ម៉ោ​ន និង​ក្រុមហ៊ុន​ពន្លឺ​អង្គរ ជាដើម​ត្រូវគេ​ដឹង​ថាបើ​មាន​បង្កប់​ទំនិញគេចពន្ធ​ឬ​ទំនិញ​ខុសច្បាប់​ក្នុង​មួយ​ជើង​ត្រូវ​បង់​ឲ្យ​សមត្ថកិច្ច​គយ​៥០​ដុល្លារ និង​បង់​ប្រចាំខែ​រាប់ពាន់​ដុល្លារ​ទៀត​។

​មន្ត្រី​គយ​ដែល​ស្និទ្ធ​នឹង​លោក ថោង សុខាំ​ភូ បាន​ឲ្យ​ដឹង​ទៀតថា មេ​គយ​រូបនេះ​បាន​ចាត់តាំង​មនុស្ស​ជំនិត​របស់ខ្លួន​ម្នាក់​ឈ្មោះ ម៉ៅ វិសុទ្ធ ឲ្យ​ធ្វើជា​អ្នកប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ពី​ក្រុមហ៊ុន​ក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ដែលមាន​បង្ក​ប់​ទំនិញគេចពន្ធ​។ ក្នុងនោះ​គយ​ចល័ត​នៅ​ចំណុច​ផ្លូវ​លេខ​៥០ ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ធ្វើ​សកម្មភាព​ជំរិត​យកលុយ​ពី​ឈ្មួញ​អាជីវករ​និង​អ្នករត់​តាក់ស៊ី​មិន​ខុសពី​ក្រុមចោរប្លន់​ឡើយ ព្រោះ​គយ​ចល័ត​ទាំងនោះ​មាន​រថយន្ត​សម្រាប់​ប្រដេញ​ចាប់​រថយន្ត​តាក់ស៊ី​ដែល​មិន​ចូល​បង់លុយ ដើម្បី​គាប​យកលុយ​យ៉ាង​គឃ្លើន​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ថោង សុខាំ​ភូ ប្រធាន​សាខាគយ​ខេត្តបន្ទាយមានជ័យ នៅមាន​ជាច្រើន​រូបភាព​ទៀត​ដែល មនសិការ​ខ្មែរ នឹង​យកមក​ចុះផ្សាយ​ជូន​ប្រិយមិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​៕

RFA-Aun-Pornmoniroath-H111115TV-P4-300x215លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ thong-sokhamphouលោក ថោង សុខាំភូ ប្រធានសាខាគយខេត្តបន្ទាយមានជ័យ