អ្នកប្រដាល់វ័យក្មេង ឌុម កែវដា សុំសាក កណ្ដាប់ដៃនឹង មាស ច័ន្ទមាន លើសង្វៀន នៅ SEATV

ភ្នំពេញ៖ អ្នកប្រដាល់ ឌុម កែវដា ក្លឹបម្កុដរាជសីហ៍ សុំសាក កណ្ដាប់ដៃជាមួយអ្នកប្រដាល់ មាស ច័ន្ទមាន សមាគមកីឡាក្រសួងការពារជាតិ ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់ ៦០គីឡូក្រាម ចំពោះអ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបតាព្រហ្មមានជ័យប្រកួត ជាមួយអ្នកប្រដាល់ ចៅ ចេកខ្ចី ក្លឹបសំរោងកោងខេត្តបាត់ដំបង ប្រកួតគ្នាក្នុងប្រភេទ ទម្ងន់ ៥៤គីឡូក្រាមនៅព្រឹកសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០១៥នេះ លើសង្វៀននៅSEA-TV ។

មាស ច័ន្ទមាន ជាអ្នកប្រដាល់ជើងចាស់ដែលស្គាល់ថា ជាវាយខ្លាំងមិនចេះខ្លាចញញើត និងដកថយ ឡើយក្នុងការប្រកួតលើសង្វៀនមកម្តង សម្រាប់ស្នៀតប្រដាល់ និងល្បិចកលរបស់ មាស ច័ន្ទមាន មានប្រៀបលើ ឌុម កែវដា ។ ចំណែក ឌុម កែវដា ជាអ្នកប្រដាល់មានកម្លាំងពេញ ហើយមានស្នៀតទាត់និងកែង ជង្គង់ ល្អថែមទៀត  ប៉ុន្តែកែវដាក៏មានចំណុចខ្សោយដែរ ដោយសារតែជាអ្នកប្រដាល់មានចិត្ត តូច និងមានតិចនិកប្រកួតមិនដល់ ច័ន្ទមាននោះទេ។

អ្នកប្រដាល់ ថាន រ៉ាឌី ក្លឹបតាព្រហ្មមានជ័យ ប៉ះជាមួយអ្នកប្រដាល់ ចៅ ចេកខ្ចី ក្លឹបសំរោងកោង ខេត្តបាត់ដំបង ប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ចៅ ចេកខ្ចី មានស្នៀតប្រដាល់ល្អ និងខ្លាំងដែរ ដោយប្រកួតលើកចុងក្រោយ ចេកខ្ចី វាយ ចាញ់ ឯម សុធី ក្លឹបឫទ្ធីពោធិសែនជ័យក្នុងទឹកទី៣ រីឯ រ៉ាឌី ប្រកួតចុងក្រោយនេះ វាយឈ្នះ ជើងចាស់ ឆន ចន្នី ដោយពិន្ទុ។ រ៉ាឌី ជាអ្នកប្រដាល់ជើងចាស់ ដែលមានស្នៀតប្រដាល់ល្អ និងខ្លាំង។

អ្នកប្រដាល់ ផង់ សាមាឡេ ក្លឹបនាគរាជមានជ័យនឹងជួបប្រកួតជាមួយអ្នកប្រដាល់ គឿម សុវណ្ណនឿត ក្លឹបឃ្លាំងមឿងកីឡា ប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម សម្រាប់អ្នក ប្រដាល់ រឿង ធារិន ក្លឹបគុនខ្មែរអង្គរនឹងជួបអ្នកប្រដាល់ ឡុង រ៉ាមី ក្លឹបខ្លារខិនមានរិទ្ធ ប្រកួតគ្នាក្នុងទម្ងន់៥៤គីឡូក្រាម៕

អ្នកប្រដាល់វ័យក្មេង ឌុម កែវដា សុំសាក កណ្ដាប់ដៃនឹង មាស ច័ន្ទមាន លើសង្វៀន នៅ SEATV