លោក អេង ឆៃអ៊ាង ប្រកាសឲ្យ សមាជិកបក្ស រៀបចំយុទ្ធសាស្រ្ត សម្រាប់ឈ្នះឆ្នោត ឆ្នាំ២០១៨

ភ្នំពេញ៖ តំណាងរាស្រ្ដបក្សសង្គ្រោះជាតិ លោកអេង ឆៃអ៊ាងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានធ្វើការអំពាវនាវ ឲ្យសមាជិកគណបក្សទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ធ្វើយ៉ាងណាឲ្យឈ្នះ ក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ។
ការប្រកាសនេះ បានធ្វើឡើង ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកនាទីស្នាក់ការកណ្តាល នៅភូមិ៣ សង្កាត់៤ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៨ ធ្នូថា ការជួបគ្នានាពេលនេះ ក្នុងគោលបំណងផ្សព្វផ្សាយ ពង្រឹងគោលជំហរ សមាជិកគណបក្សថ្នាក់ស្រុក ក្រុង ខេត្ត។

លោក អេង ឆៃអ៊ាង បានផ្តាំផ្ញើដល់សមាជិកបក្សថ្នាក់ឃុំ ស្រុក ខេត្ត ថា ត្រូវខិតខំយកចិត្តទុក ដាក់រៀបចំយុទ្ធសាស្រ្ត ក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដើម្បីយក ឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ។ តំណាងរាស្រ្តរូបនេះបន្តថា  “ដើម្បីយកអំណាច ជាការថ្នូរបាន មានតែការបោះឆ្នោត ដូច្នេះមានស្ថានការនយោបាយថ្មីៗ ដែលកើតមានឡើងក្នុងប្រទេសកម្ពុជាយើង នេះជាពិសេសពាក់ព័ន្ធ ជាមួយគណបក្សយើង ត្រូវតែមានការយល់ដឹងឲ្យច្បាស់ទាំងអស់គ្នា។ បើយើងកំណត់គោលដៅ ទិសដៅមិនបានច្បាស់លាស់ទេ គឺមិនអាចយកជ័យជម្នះបានទេ។ ខេត្តព្រះសីហនុនេះ កើនឡើងបីអាសនៈ កាលពីមុនមួយអាសនៈទេ ក្រោយពីខិតខំប្រឹងប្រែង គណបក្សសង្គ្រោះជាតិកើនឡើង។  ចឹងប្រកួតជាមួយគណប្រជាជនកើនឡើងបីអាសនៈ អីចឹងបីអាសនៈនេះជារឿងល្អសម្រាប់យើង”។

សូមបញ្ជាក់ថា ក្រោយពី លោក សម រង្ស៊ីមេបក្សប្រឆាំងសង្រ្គោះជាតិ បានចាក់ចេញពីប្រទេសកម្ពុជា អស់រយៈពេលជាច្រើនខែកន្លងមកនេះ សង្កេតឃើញថា តំណាងរាស្រ្តបក្សមួយនេះ បានបញ្ចេញសកម្មភាពជាច្រើន ក្នុងការចុះទៅតាមមូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រនិងប្រជាជន ក្នុងគោលបំណង ទាក់ទាញប្រជាប្រិយភាពឡើងវិញ ខណៈបក្សមួយនេះ នាពេលបច្ចុប្បន្ន ត្រូវបានគេមើលឃើញថា ទាំងប្រជាប្រិយ និងកេរ្តិ៍ឈ្មោះ ហាក់បានថមថយជាខ្លាំង៕

លោក អេង ឆៃអ៊ាង ប្រកាសឲ្យ សមាជិកបក្ស រៀបចំយុទ្ធសាស្រ្ត សម្រាប់ឈ្នះឆ្នោត ឆ្នាំ២០១៨