វិចារណកថាៈ ពង្រឹងការ អនុវត្តច្បាប់ ចរាចរណ៍ ជារឿងសំខាន់បំផុត

នៅក្នុងឆ្នាំ២០១៥នេះ ជាពិសេស ក្នុងអំឡុងខែតុលា និងខែវិច្ឆិកា គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ក្នុងរូបភាព គួរឲ្យរន្ធត់ ហើយករណីខ្លះមានមនុស្សជាច្រើននាក់ ស្លាប់បាត់បង់ជីវិត និងរងរបួស ។ ករណី គ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងកាន់តែច្រើនគឺជាវិបត្តិសង្គម ដែលពិបាកដោះស្រាយ។ ជាការពិត រាជរដ្ឋាភិបាល ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាសមត្ថកិច្ចបានយកចិត្តទុកដាកយ៉ាងខ្លាំង ដើម្បីទប់ ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងនោះ មិនទាន់អាចទប់ស្កាត់កាត់ បន្ថយគ្រោះថ្នាក់ ចរាចរណ៍ប្រកបដោយប្រសិទ្ធភាពនៅឡើយទេ ។

 ទាក់ទងនឹងបញ្ហាខាងលើនេះ កាលពីថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០១៥ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តី ជូនដំណឹងស្តីពី ការពង្រឹងវិធានការអនុវត្តច្បាប់ស្តីពី ចរាចណ៍ផ្លូវគោក ។ នៅក្នុងសេចក្តីជូនដំណឹង នោះអគ្គស្នងការដ្ឋាន នគរបាលជាតិ បានលើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការគាំទ្រ ចូលរួមសហការពីស្ថាប័ន អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិលនានា បានជំរុញការឃោសនា អប់រំប្រជាជន មហាជន ឲ្យយល់ដឹង និងចូលរួមគោរច្បាប់សម្តៅដោះស្រាយស្ថានភាពចរាចរណ៍ ឲ្យបានល្អប្រសើរ ជាបន្ត បន្ទាប់។ គិតរហូតមកទល់បច្ចុប្បន្ននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ យល់ឃើញថារយៈ នៃការផ្សព្វផ្សាយអប់រំ លើកកម្ពស់ការយល់ដឹងខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តិនានា ដែលពាក់ព័ន្ធការធ្វើចរាចរណ៍ផ្លូវគោក សម ល្មមឈានដល់ពេលវេលាមួយតម្រូវឲ្យអនុវត្តច្បាប់ សម្តៅធ្វើឲ្យសភាពការសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក និងសណ្តាប់ធ្នាប់សាធារណៈមានការវិវត្តណ៍ប្រែប្រួលថ្មី ជាពិសេស ការកាត់បន្ថយគ្រោះ និងភាពកក់ ស្ទះចរាចរណ៍។

 នៅក្នុងសេចក្តីជូនដំណឹងស្តីពីការពង្រឹងវិធានការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការដ្ឋាន នគរបាលជាតិបានបញ្ជាក់ទៀតថា តាមស្មារតីខាងលើ និងតួនាទីជាស្ថាប័នអនុវត្តច្បាប់ អគ្គស្នងការដ្ឋាន នគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថាៈ ចាប់ពីថ្ងៃទី០១ - ០១ - ២០១៦នេះតទៅ កម្លាំងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នឹងបើកយុទ្ធនាការត្រួតពិនិត្យព្រមៗគ្នា នៅគ្រប់ទីកន្លែងទូទាំងប្រទេស។ ក្នុងនោះមានជាអាទិ៍ តាមគោលដៅដើមទី ចំណតយានយន្ត កំពង់ផែ ផែស្ងួត កំពង់ចម្លង ស្ថានីយ៍ជញ្ជីង សាលាបង្រៀនបើកបរ យានដ្ឋានជួសជុលកែច្នៃ... និងតាមដងផ្លូវនានា ធ្វើការផាក ពិន័យយ៉ាងម៉ឺងម៉ាត់តាមខ្លឹមសារ អនុក្រឹត្យលេខ ៨៥ អនក្រ បក និងអនុក្រឹត្យ ៨៦ អនក្រ បក ចំពោះករណី បើកបរដោយគ្មានប័ណ្ណបើកបរ បើកបរលើសល្បឿនកំណត់ មិនគោរពស្លាកសញ្ញាចរាចរណ៍ បើកបរក្រោម ឥទ្ធិពលជាតិស្រវឹង មិនពាក់មួក ខ្សែក្រវាត់ ការផ្ទុកទំនិញសំពីងសំពោង យានយន្តមិនគ្រប់លក្ខណៈបច្ចេក ទេស។ល។ អគ្គស្នងការដ្ឋាននគរបាលជាតិ មានសង្ឃឹមយ៉ាងមុតមាំថាសាធារណជនទាំងអស់ នឹងមានការ យោគយល់ចូលរួមជាមួយកម្លាំងសមត្ថកិច្ចអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកសម្តៅរក្សាសុវត្ថិភាព និងជួយធ្វើឲ្យ ស្ថានភាពសណ្តាប់ធ្នាប់ចរាចរណ៍នៅព្រះរាជាណាចក្រកម្ពុជាបានល្អប្រសើរ។

 អ្នកតាមដានស្ថានភាពចរាចរណ៍ក្នុងប្រទេសកម្ពុជាបានលើកឡើងថា វិធានការរបស់អគ្គស្នងការដ្ឋាន នគរបាល ជាតិ គឺជាកត្តាសំខាន់បំផុតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ ដោយហេតុថា រយៈពេលប៉ុន្មានខែចុងក្រោយ នេះគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងយ៉ាងគំហុក ហើយរូបភាព និងព័ត៌មាននៃគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានផ្សព្វផ្សាយតាមគេហទំព័រ សារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ជាសាធារណៈ។ មានន័យថា គ្រោះថ្នាក់ចរាចរណ៍កំពុងបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរនៅកម្ពុជា ព្រោះបានធ្វើឲ្យមនុស្ស រាប់ពាន់ នាក់ស្លាប់បាត់បង់ជីវិត ហើយរាប់ម៉ឺននាក់ទៀតរងរបួសក្លាយទៅជាជនពិការ បង្កទុក្ខលំបាកដល់ក្រុម គ្រួសារ គ្មានទីបញ្ចប់។ ដូច្នេះ ការអនុវត្តច្បាប់ចរាចរណ៍ប្រកបដោយប្រសិទ្ធភាព គឺជាប្រការសំខាន់បំផុត ដើម្បីសុវត្ថិភាព នៅលើដងផ្លូវ ហើយប្រជាពលរដ្ឋទូទៅត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

 សរុបសេចក្តីមក ការអនុវត្តច្បាប់ចរាចរណ៍ គឺជាកត្តាសំខាន់បំផុតដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅលើ ដងផ្លូវប្រកបដោយប្រសិទ្ធភាព។ ដើម្បីឲ្យការអនុវត្តច្បាប់នេះ មានតម្លៃ និងកាត់បន្ថយបាននូវគ្រោះថ្នាក់ ចរាចរណ៍លើដងផ្លូវ គឺប្រជាពលរដ្ឋទូទៅពេលបើកបររថយន្ត ម៉ូតូ និងយានយន្តគ្រប់ប្រភេទ ត្រូវគោរព ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនស្រប់ទៅតាមវិធានការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសុវត្ថិភាព អាយុជីវិតរបស់ខ្លួន និងអាយុជីវិតអ្នកដទៃ។ ចូលរួមគោរព និងអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាទង្វើ ប្រកបដោយការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដើម្បីសុវត្ថិភាពនៅលើដងផ្លូវ និងចៀសវាង បាននូវសោកនាដកម្មលើដងផ្លូវ ហើយអាចជំរុញការអភិវឌ្ឍ ប្រទេសកម្ពុជាឲ្យបានរីកចម្រើនកាន់ តែឆាប់រហ័សថែមទៀត៕