​ថ្ងៃ​ដំបូង​របស់ Neville ​បង្ហាត់​ Valencia ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចូល​រួម​អបអរ

​ថ្ងៃ​ដំបូង​របស់ Neville ​បង្ហាត់​ Valencia ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចូល​រួម​អបអរ

Gary Neville ​ត្រូវ​បាន​តែងតាំង​ជា​អ្នក​ចាត់ការ​ថ្មី​របស់ Valencia ​តាំង​ពី​សប្ដាហ៍​មុន​មក​ម៉្លេះ ប៉ុន្តែ​ទើបតែ​បាន​ចេញ​មុខ​ជា​ផ្លូវការ​បង្ហាត់​កូន​ក្រុម​នៅ​ល្ងាច​ម្សិលមិញ​នេះ​ទេ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ជាមួយ Lyon ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ពាន​រង្វាន់ UEFA Champions League ​។ ដោយ​វត្តមាន​អ្នក​ចាត់ការ​ថ្មី​នេះ​ដែរ ​មាន​អ្នក​គាំទ្រ Valencia ​រាប់​ពាន់​នាក់​បាន​ទៅ​ចូល​រួម​មើល ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត។

 

​ថ្ងៃ​ដំបូង​របស់ Neville ​បង្ហាត់​ Valencia ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចូល​រួម​អបអរ

 

អតីត​កីឡាករ​ក្រុម Manchester United ​និង​ជម្រើស​ជាតិ​អង់គ្លេស​ខាង​លើ​ មាន​ឱកាស​ចាប់​អាជីព​ដឹក​នាំ​ក្រុម​ដំបូង បន្ទាប់​ពី​លោក Nuno Espirito Santo ​សម្រេច​ចិត្ត​លាលែង​តំណែង​ពី​អ្នក​ចាត់ការ​ Valencia ​។ អាជីព​ថ្មី​របស់​ Neville ​ត្រូវ​បាន​គ្រូ​បង្វឹក​នានា​មើល​ឃើញ​ថា​អាច​នឹង​ជោគជ័យ ដោយសារ​តែ​បុរស​រូប​នេះ​មាន​បទ​ពិសោធន៍​ច្រើន​ពេល​លេង​នៅ​ជា​កីឡាករ​បាល់ទាត់ ក៏​ដូចជា​រូបគេ​ធ្លាប់​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​តាំង​ពី​ឆ្នាំ​២០១២​មក។

 

ជាក់​ស្ដែង អ្នក​គាំទ្រ​ក្រុម​ខ្លាំង​នៅ​អេស្ប៉ាញ Valencia ​ទាំង​អស់​ក៏​បាន​សាទរ​ចំពោះ​វត្តមាន​របស់ Neville ​ផង​ដែរ ពោល​គឺ​កាល​ពី​ម្សិលមិញ​នេះ​នៅ​ទីលាន​ហ្វឹកហាត់​មុន​ប្រកួត​ជាមួយ​ក្រុម Lyon ​នៅ​ប្រកួត​ចុង​ក្រោយ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល Champions League ​មាន​អ្នក​គាំទ្រ​ជា​ច្រើន​ទៅ​ចូល​រួម​មើល​និង​ស្រែក​គាំទ្រ​ជា​ខ្លាំង។

 

​ថ្ងៃ​ដំបូង​របស់ Neville ​បង្ហាត់​ Valencia ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ចូល​រួម​អបអរ

 

ក្រុម Valencia ​នឹង​ត្រូវ​បើក​កីឡដ្ឋាន Estadio de Mestalla ​ដើម្បី​ស្វាគមន៍​ក្រុម Lyon ​នៅ​ម៉ោង​២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​ស្អែក ដើម្បី​កាត់សេចក្ដី​ថា​នឹង​ត្រូវ​ធ្លាក់​ឬ​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ថា​បើ Valencia ​ឈ្នះ ​ហើយ​ក្រុម Gent ​ចាញ់ Zenit ​នោះ​ក្រុម Velencia ​អាច​ឡើង​ទៅ​វគ្គ​បន្ត​បាន៕

 

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ Valencia