ឈើប្រណីត​នៅក្នុងដែន​ជម្រកសត្វព្រៃភ្នំព្រេច​មណ្ឌលគិរីកំពុងរក​ការកាប់បំផ្លាញរាល់ថ្ងៃ

ខេត្តមណ្ឌលគិរី ៖​ ក្រុមឈ្មួញរកស៊ីឈើតូចតាច​បានបង្ហើបឲ្យដឹងថា ​ឈើប្រភេទសុក្រំ​ ផ្ចឹក ធ្នង់ បេង និងនាងនួន ​នៅក្នុងដែនការពារ​សត្វព្រៃភ្នំព្រេច ​បច្ចុប្បន្នបាននិង​កំពុង​​កាប់​បំផ្លាញ​​ពីមួយថ្ងៃទៅមួយថ្ងៃស្ទើរ​រលាយហិនហោច ​។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងទៀតថា ​ទោះបីមានឈ្មោះ​ជាព្រៃដែន​ជម្រកការពារ​សត្វព្រៃ​ ក៏ប៉ុន្តែបើ​គេ​ចូលទៅដល់​ក្នុងតំបន់ព្រៃជ្រៅ​ គេមិនអាចស្តាប់ឮសំឡេងសត្វព្រៃយំ ឬ​ស្រែកឡើយ ​ក្រៅពីឮសម្លេងរណា​យន្តអារឈើទាំងយប់ទាំងថ្ងៃ ។

ចំណែកសត្វព្រៃធំៗដូចជា​ ដំរី ខ្ទីង ទន្សោង…​ក៏គេកម្របានឃើញ ​ដូចកាលពីមុនដែរ​ ព្រោះសព្វថ្ងៃគេអាចមើលឃើញ​ត្រឹមឡានកែច្នៃធុនធំប្រភេទដំរីទឹក ​ប្រភេទបង្កុង និង​គោយន្តកន្ត្រៃ​ ជំនួសឲ្យវត្តមាន​នៃសត្វព្រៃ​ដ៏កម្រទាំងនោះ។ វត្តមាននៃឡានប្រភេទ​កែច្នៃខាងលើ ​គ្មានអ្វីក្រៅពីក្រុមឈ្មួញ​យកទៅដឹកជញ្ជូនឈើ​ចេញ​ពីព្រៃអភិរក្ស​ក៏ដូចជា​ព្រៃការពារ​នោះឡើយ។

ប្រជាសហគមន៏​ជនជាតិដើមភាគតិចបាននិយាយថា ​កុំថាឡើយព្រៃការពារឬព្រៃ​អភិរក្សដែលរងនូវការកាប់បំផ្លាញ ​សូម្បីឈើនៅក្នុង​សហគមន៏ដែលបម្រុង​ទុកឲ្យកូនចៅ ជំនាន់ក្រោយប្រើប្រាស់​ និងទុកសម្រាប់ឲ្យពួកគេស្គាល់​នូវប្រភេទដើមឈើព្រៃក្នុងស្រុកខ្មែរ​ក៏គេលួចកាប់ស្ទើរអស់គ្មានសល់​។ ប្រភពពីប្រជាសហគមន៏​បន្តឲ្យដឹងថា ការ​កាប់​បំផ្លាញព្រៃឈើ​យ៉ាងអនាធិបតេយ្យនៅភូមិអន្រ្ទង ​ឃុំចុងផ្លាស់ ស្រុកពេជ្រាដា​ ជ្រកក្រោមស្លាកក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដែល​ទទួលបានការអនុញ្ញាត​ពីរាជ​រដ្ឋាភិបាល ​តែគេឆ្ងល់ថា គ្រប់ដីសម្បទាន ​គឺគេមិនដែលឲ្យវិនិយោគក្នុងតំបន់ព្រៃស្តុកឡើយ​ គឺអាចវិនិយោគតែក្នុងដីតំបន់រិចរឹលប៉ុណ្ណោះ ​តែក្រុមហ៊ុនដែល​​មានទីតាំង​នៅ​តំបន់ការពារសត្វព្រៃភ្នំព្រេច បែរជាដឹកឈើរាប់ឆ្នាំមកហើយ ហើយឈើទាំងនោះទៀតសោតសុទ្ឋតែជាប្រភេទឈើស្រល់ថ្មីៗ ។ ទាំងនេះ ត្រូវបានប្រភពបញ្ជាក់ថា ពួកក្រុម​ឈ្មួញបានចូលទៅកាប់ឈើក្នុងព្រៃអភិរក្ស រួចដឹកមកទម្លាក់ក្នុងក្រុមហ៊ុនដាក់ជាឈើមានច្បាប់ រួចដឹកយកទៅលក់នៅតាមព្រំដែននៃខេត្តត្បូងឃ្មុំ រាល់យប់ដែល​ក្នុង​មួយយប់​មានឈើមិនតិចជាង ​២០ទៅ៤០គ្រឿងទេ ​ដែលសុទ្ឋតែប្រភេទយីឌុប ។

ចំណែកថៅកែដែល​មានសិទ្ឋអំណាចដ៏មហិមាក្នុងការទិញនិង​ដឹកជញ្ជូនឈើឆ្លងពីខេត្តមួយទៅ​ខេត្តមួយយកទៅលក់ឲ្យថៅកែ​វៀតណាមគឺមានងារ​សុទ្ឋតែជាឧកញ៉ានោះ ថែមទៀត ។​ ទាក់ទងទៅនឹងការលើកឡើង​ខាងលើនេះ ​នាយកគ្រប់គ្រងដែនការពារ​សត្វព្រៃភ្នំព្រេច ​លោកសំរ៉ង ឌីវិចិត្រ ​បានមានប្រសាសន៏ ​តាមទូរស័ព្ទកាលពី​ពេល​ថ្មីៗ​នេះថា​ ចំពោះករណីមានគេលួចកាប់​ឈើក្នុងតំបន់ដែលលោកគ្រប់គ្រង ​លោកបានបញ្ជាកម្លាំងឲ្យចុះ​ទៅធ្វើការបង្ក្រាបជាច្រើនថ្ងៃមកហើយ​ ។ លោកបានបន្តថា​ អំឡុង​ពេលដែលកូនចៅ​លោកចុះអនុវត្តការងារ ​ក៏បានបង្ក្រាបឈើខុសច្បាប់​ប្រមាណជាងមួយពាន់កំណាត់ផងដែរ ​តែមិនទាន់មានរបាយ​ការណ៏លំអិត​នៅឡើយទេ ៕