លោក​អភិបាល​ខណ្ឌដង្កោ​ចុះ​សួរសុខទុក្ខ​ចៅសង្កាត់​ស្ពានថ្ម និង​ស្មៀន​សង្កាត់ពងទឹកដែល​កំពុង​មាន​ជម្ងឺ

រាជ​ធានីភ្នំពេញ​ ៖  លោក នុ​ត ពុធ​ដា​រ៉ា អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌដង្កោ​ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​សំណាក់ លោក ប៉ឹ​ល កុសល ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បាន​ដឹកនាំ​មន្ត្រីរាជការ​សាលា​ខណ្ឌចុះ​សួរ​សុខ ទុក្ខ​លោក រស់​ រឿ​ន ​ចៅសង្កាត់​ស្ពានថ្ម  និង​លោក ចៅ ជិន​រតនា ស្មៀន​សង្កាត់​ពងទឹក​ដែល​កំពុង​មាន​ជម្ងឺ និងកំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត នា​វេលា​ព្រឹក​ ថ្ងៃ​ទី​០៨ ​ធ្នូ ​​២០១៥ ។

លោក​អភិបាល​ខណ្ឌ បាន​ចុះសួរ​សុខទុក្ខ ដល់​មន្ត្រី​ទាំង​២​រូប​ដែល​កំពុង​មាន​ជម្ងឺ និង​​ផ្តាំផ្ញើដល់​​ក្រុម​គ្រួសារ​ទាំង​ពីរ​សូម​បន្ត​តាមដាន​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​អ្នកជម្ងឺ​ និង​​​រាយការណ៍​អំពី​ស្ថានភាព​ជម្ងឺ​ដើម្បី​ខណ្ឌ​មាន​វិធានការ​ និង​រក​ដំណោះស្រាយ​ជូន​។

ជាមួយ​គ្នា​នោះ លោក​អភិបាលក៏​បាន​លើកទឹកចិត្ត​ និង​ជូនពរ​ដល់​លោក​ចៅសង្កាត់ និង​ស្មៀនសូម​ឆាប់​បានជា​សះស្បើយ​ដើម្បី​បន្ត​បំពេញ​តួនាទី​បម្រើ​ប្រជាពលរដ្ឋ​ និង​សង្គម​ជាតិ​បន្ត​ទៀត​។

ក្នុង​ឱកាស​នោះ លោក​អភិបាល​ខណ្ឌ បាន​ឧបត្ថម្ភ​ដល់​លោក រស់ រឿ​ន ចៅសង្កាត់​ស្ពានថ្មនូវ​ផ្លែ​ឈើ ០១​កន្ត្រក និង​ថវិកា៥០​ម៉ឺន​រៀល លោក ប៉ឹ​ល កុសល ​ប្រធាន​សមាគម​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ឧបត្ថម្ភថវិកា៥០​ម៉ឺន​រៀល និង​លោក វើក សា​មឿ​ន ​ចៅសង្កាត់​ដង្កោ ថវិកា៤០​ម៉ឺន​រៀល​។

ដោយឡែក លោក ចៅ ជិន​រតនា ស្មៀន​សង្កាត់​ពងទឹក លោក​នុ​ត ពុធ​ដា​រ៉ា បាន​ឧបត្ថម្ភ​ផ្លែ​ឈើ ០១​កន្ត្រក និង​ថវិកា៥០​ម៉ឺន​រៀល ហើយ​លោក វើក​ សា​មឿ​ន បាន​ឧបត្ថម្ភ ថវិកា៤០​ម៉ឺន​រៀល​ផង​ដែរ​។

លោក​អភិបាល​ខណ្ឌ​បាន​ប្រាប់​ថា លោក រស់ រឿ​ន​ មាន​ជម្ងឺមហារីក​គ្រាប់​ឈាម​ និង​ឡើង​សម្ពាធ​ឈាម សរ​សៃ​ឈាម​ខួរក្បាល ហើយ​លោក ចៅ ជិន​រតនា​ មាន​ជម្ងឺ​ក្រិន​ថ្លើម ​​បាន​ចូលសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​អស់​រយៈពេល​៣​ថ្ងៃ​មក​ហើយ​៕​​