កុងតឺន័រ​បុក​ម៉ូតូ​គុប​ជ្រុង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ បាក់ជើង​ស្ត្រី​ម្នាក់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយ​បាក់ជើង​ឆ្វេង​ម្ខាង ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូឌុប​កូន​ចេញពី​សាលារៀន​ហើយ​ជិះ​ឆ្លងផ្លូវ​ក៏​ត្រូវ​បាន​រថយន្ត​កុងតឺន័រ​មួយ​បុក​ទាំង​លំ​រោល ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៨ ធ្នូ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ច្រកចូល​សាលារៀន​អន្តរជាតិ​ដេ​លី ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ ស្រី ធី អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ម្ដុំ​ផ្សារ​បែក​ចាន ភូមិ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 1AR-8577 ចំណែក​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-9049 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ណាត ឧត្តម អាយុ​២៧​ឆ្នាំ មានស្រុក​កំណើត ភូមិ​ក្រាំង​ក្រួច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ឃាត់​ខ្លួន​ភ្លាម​ៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

តាម​សាក្សី​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​កូនស្រី​អាយុ​៥​ឆ្នាំ​ម្នាក់​ចេញពី​សាលា​អន្តរជាតិ​ដេ​លី ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ចេញពី​ផ្លូវលំ ឡើង​ទៅ​ផ្លូវជាតិ​លេខ​៤ បន្ទាប់​មក​បាន​ឆ្លងផ្លូវ ខណៈ​ពេល​ឆ្លងផ្លូវ​បាន​បន្តិច​ស្រាប់​រថយន្ត​កុងតឺន័រ​១​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើតមក​ដល់​បុក​ចំពាក់​កណ្តាល​ម៉ូតូ​បណ្តាល​គាប​ជើង​ស្ត្រី​រង​គ្រោះ​ខាងឆ្វេង​អូស​ទៅ​នឹង​ថ្នល់រ​យាស់​សាច់​កំភួនជើង និង​បាក់ឆ្អឹង​តែ​ម្ដង ចំណែក​កូនស្រី មិន​មាន​រង​របួស​អ្វី​ឡើយ ។

ក្រោយ​ពេល​កើតហេតុ ប៉ូលិស​មូល​ដ្ធា​ន​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​បាន​ទាក់​ទៅ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​អង្គភាព​៧១១ កងពលតូច​លេខ​៧០ មក​រុំ​របួស និង​ដឹង​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តែ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បានអោយ​រថយន្ត​ជួយ​ដឹក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន សុ​ខេ​ម ច​ន្ធូ វិញ ។ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ធ្វើការ​វាស់វែង​យក​ទៅ​ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕