មុខសញ្ញា​ចាស់​ចែកចាយ​គ្រឿងញៀន​២​នាក់​ត្រូវ​នគរបាល​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន

ខេត្តកំពត ៖ យុវជន​២​នាក់​ជា​មុខសញ្ញា​ចាស់​​ខាង​ចែកចាយ​ថ្នាំ​ញៀន​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​៧ ធ្នូ ២០១៥ នៅ​មុខ​ផ្សារ​កំពង់ត្រាច ស្ថិត​ក្នុងស្រុក​កំពង់ត្រាច​ខេត្តកំពត ។

លោក​អនុសេនីយ៍ឯក សឹម នៅ អធិការរង​នគរបាល​ស្រុក​កំពង់ត្រាច បាន​ឲ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​គឺជា​មុខសញ្ញា​ចាស់​ខាង​ចែកចាយ​គ្រឿងញៀន មាន ១-​ឈ្មោះ ហេង សម្បត្តិ អាយុ​២៨​ឆ្នាំ និង ២-​ឈ្មោះ ខេ​ង សំណាង អាយុ​១៥​ឆ្នាំ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច ។

លោក​អធិការរង​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ឆែក​ឃើញ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១​កូន​ថង់​តូច​នៅ​ជាប់​នឹង​ខ្លួន​របស់​ជនសង្ស័យ ខេ​ង សំណាង ចំណែក​ឈ្មោះ ហេង សម្បត្តិ ក្រោយ​ពេល​ពិនិត្យ​ឃើញ​ថា​មាន​សារធាតុ​ញៀន​នៅ​ក្នុង​ខ្លួន​ផង​ដែរ ។

បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ គេ​ឃើញ​ឪពុក​ម្តាយ​របស់​ជនសង្ស័យ​បាន​មក​សុំ​សម្រួល​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច ដើម្បី​ឲ្យ​ដោះ​លែង​កូនប្រុស​របស់​ខ្លួន​ដែរ តែ​សមត្ថកិច្ច​មិន​ព្រម​ធ្វើ​តាម​សំណូមពរ​ឡើយ ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕