​ចោរ​​​២នាក់​ឆក់​កាបូបពី​នារីម្នាក់​​ ​ពលរ​ដ្ឋ​​ដេញ​​​ទាន់​​រត់​ចោល​​ម៉ូតូ​​

​រាជ​​ធានី​ភ្នំពេញ ៖ នារី​ម្នាក់ចេញពី​ធ្វើការ​​​ជិះ​រថយន្ត​តាក់​ស៊ីម៉ែត្រ​ទៅ​ផ្ទះ​ពេល​ដើរ​​ចូល​ផ្ទះ ​ស្រាប់​តែ​មាន​​ជន​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព​ឆក់​កាបូបបាន​សម្រេច ​រួច​​ជិះ​ម៉ូតូ​គេចខ្លួន ​​​ខណៈនោះពលរដ្ឋ​ឃើញ​​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​​ធ្វើ​ឱ្យ​​ជន​សង្ស័យ​​ទាំង​២នាក់​ភ័យ​ស្លន់ស្លោ​​បើក​ម៉ូតូ​​​​​ធ្លាក់​​ចូលជង្ហុក​ដួល​ស្រវា​ក្រោក​ឡើង​​​រត់​ចោល​ម៉ូតូ​​កាលពី​វេលា​ម៉ោង​១និង​៤០​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែ​ឆ្នូ ឆ្នាំ​២០១៥ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​១៦ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

នារី​​ម្ចាស់​កាបូប​ឈ្មោះ កៅ រតនា អាយុ៣៨ឆ្នាំ​ ​ជា​​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ​​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ​បាន​ឲ្យ​ដឹង​ថា ​​​នៅ​ក្នុង​កាបូប​នោះ​ មាន​​ប្រាក់​អាមេរិក​​១៩១​ដុល្លារ ​ដែល​​​ទើបតែ​បើក​ប្រាក់ខែ​​​ថ្មី​ៗបាន​សម្រេច ​ហើយ​ជនសង្ស័យ​​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​បាន​​ពលរដ្ឋ​ក្បែរ​នោះ​ឃើញ​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​​ជនសង្ស័យ​ធ្វើ​ឲ្យ​ជន​សង្ស័យ​​ភ័យ​ជិះ​ម៉ូតូ​ធ្លាក់​ជង្ហុក​ដួល​ទៅ​មុខ​លែង​រួច ក៏​ទុក​ម៉ូតូ​ចោល​​ ​រួច​​​រត់​គេចខ្លួន​បាត់​ស្រមោល​ ។

ក្រោយ​ពី​កើតហេតុ​ នារី​​ម្ចាស់​កាបូប​បាន​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទន្លេបាសាក់ ដើម្បី​ឱ្យ​​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ចាប់​ខ្លួន​ជន​​សង្ស័យ​មក​ផ្តន្ទាទោស​​តាម​ច្បាប់ ​ចំណែក​កា​បូ​ប​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​​​ឱ្យ​ម្ចាស់​ដើម​វិញ​​ ។ រីឯ​ម៉ូតូ​ជនសង្ស័យម៉ាកហុងដា​ឌ្រីម ធុន​​សេ១២៥ ពណ៌ខ្មៅ ពាក់​ស្លាក​លេខកំពង់ឆ្នាំង ​1B-3069​​ត្រូវ​នគរបាល​ប៉ុស្តិ៍​យក​មក​រក្សា​ទុកជា​ភស្តុ​តាង​ និង​ធ្វើ​របាយ​ការណ៍​ទុកជា​ឯក​សារ​​ក្រែង​ថ្ងៃ​ណាមួយ​អាច​តាម​ចាប់​ជនសង្ស័យ​បាន​ ៕