កម្ពុជា​រំពឹង​​ទេសចរ​មក​កម្ពុជា​​នឹង​កើន​​ដល់​​​​​​ ៨លាន​នាក់​នៅ​​​​​ឆ្នាំ ២០២០


កម្ពុជា​រំពឹង​​ទេសចរ​មក​កម្ពុជា​​នឹង​កើន​​ដល់​​​​​​ ៨លាន​នាក់​នៅ​​​​​ឆ្នាំ ២០២០

បើ​ទោះបី​ជា​​ឆ្នាំ ​២០១៥ កម្ពុជា​មិន​​អាច​ស្រូប​យក​ទេសចរ​បាន ៥ លាន​នាក់​ចូល​ទស្សនា​ដូច​ការ​រំពឹង​ទុក ប៉ុន្តែ​​ចំនួន​ភ្ញៀវ​​អាច​​នឹង​កើន​ឡើងពី ៧ លាន ៥ សែន​នាក់​ទៅ ៨ លាន​នាក់ ក្នុង​ឆ្នាំ ២០២០។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍ ​លោក​​ ថោង ខុន ក្នុង​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​​ម៉ារ៉ាតុន នៅ​អង្គរ​វត្ត​លើក​ទី​២០ ក្នុង​ឆ្នាំ​២០១៥ កាលពី​ពេល​ថ្មីៗ​នេះ។

 

កម្ពុជា​រំពឹង​​ទេសចរ​មក​កម្ពុជា​​នឹង​កើន​​ដល់​​​​​​ ៨លាន​នាក់​នៅ​​​​​ឆ្នាំ ២០២០

 

លោក ថោង ខុន ​រដ្ឋមន្ត្រី​​ក្រសួង​ទេសចរណ៍ 

 

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​រូប​នេះ​ថ្លែង​ឱ្យ​អ្នកសារព័ត៌មាន​ដឹង​ថា ឆ្នាំ​ ២០១៥​ នេះ កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​ប្រហែល ៤ លាន ៨ សែន​នាក់ ហើយ​ក្នុង​ឆ្នាំ​២០២០ លោក​រំពឹង​ថា​នឹង​កើន​ឡើង​ដូច​ដែល​បាន​លើក​ឡើង​ខាងលើ។ លោក​​បាន​ទម្លាយ​ឱ្យ​ដឹង​ពី​អំណះអំណាង​ថា មក​ពី​កម្ពុជា​មាន​កត្តា​ទាក់ទាញ​សំខាន់ៗ ៥ ដូចជា​កម្ពុជា មាន​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ មាន​ឆ្នេរសមុទ្រ​​​​​ជាប់​ចំណាត់​ថ្នាក់​ល្អ​លើ​ពិភពលោក មាន​តំបន់​អេកូទេសចរណ៍​​​​ស្រស់​បំព្រង ប្រជាជនស្វាគមន៍​ភ្ញៀវ​យ៉ាង​​រួសរាយ​រាក់ទាក់ និង​ជា​ប្រទេស​​មាន​សុវត្ថិភាព។

 

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​សង្កត់​ធ្ងន់​ថា៖ “បើ​តាម​ការ​វាយ​តម្លៃ​របស់​ពិភពលោក កម្ពុជា​ជា​ប្រទេស​មួយ​មាន​ឧត្ដមភាព​​ប្រកួតប្រជែង​យ៉ាង​សំខាន់​ក្នុង​វិស័យ​ទេសចរណ៍​​ ជាពិសេស​​ទេសចរ​ណ៍​​​វប្បធម៌ និង​ធម្មជាតិ”។

 

តាម​ការ​ឱ្យ​ដឹង​របស់​រដ្ឋ​មន្ត្រី​ដដែលនេះ ពិភព​លោក​បាន​បង្ហាញ​ការ​យល់​ឃើញ​ថា បើ​កម្ពុជាខិត​​ខំប្រឹងប្រែង ​​ប្រែ​ក្លាយ​​ប្រទេសទៅ​ជាគោល​ដៅ​​ទេសចរណ៍​បៃតង​និង​ស្អាត នោះ​កម្ពុជា​មាន​លទ្ធភាព​ទាក់ទាញ ហើយ​​មាន​ឧត្ដមភាព​ខ្លាំង​ក្លា។

 

លោក​មាន​ប្រសាសន៍​ថា អ្វី​ទាំង​នេះនៅ​​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ដើម្បី​ឱ្យ​កាន់​តែ​ល្អ​មួយ​កម្រិត​ទៀត​នោះ ក្រសួង​ទេសចរណ៍​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាជន ត្រូវ​ធ្វើ​ឱ្យ​គោលដៅ​ទេសចរណ៍​កម្ពុជា មាន​សេវា​ប្រកប​ដោយ​គុណភាព និង​មាន​បដិសណ្ឋាកិច្ច​ល្អ​​ថែម​ទៀត​​៕

 

ចុចអាន៖ ថ្ម​តាដា​​សច្ចំ​ រមណីយដ្ឋាន​ទឹក​ធ្លាក់​ថ្មី​​​​កំពុង​ល្បី​​នៅ​​កំពត

 

អត្ថបទ៖ អ៊ុំ សុភក្តិ