អាមេរិក​ដាក់​​​យន្តហោះ​​ស៊ើបការណ៍​នៅ​សិង្ហបុរី កាន់​តែ​តានតឹង​ជាមួយ​ចិន

អាមេរិក​ដាក់​​​យន្តហោះ​​ស៊ើបការណ៍​នៅ​សិង្ហបុរី កាន់​តែ​តានតឹង​ជាមួយ​ចិន

សហរដ្ឋអាមេរិក​បាន​ព្រមព្រៀង​ជា​​មួយ​សិង្ហបុរីក្នុង​ការ​ដាក់​យន្តហោះ​ស៊ើបការណ៍ US P8 Poseidon ​លើ​ទឹក​ដី​សិង្ហបុរី ​​​ដែល​ជា​ការ​ឆ្លើយ​តប​ថ្មី​ចុង​ក្រោយ​​​សម្រាប់​ចិន​ ចំពោះ​ការ​បន្ត​អះអាង​អំពី​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ថា​ជា​របស់​ខ្លួន។

 

​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​រួម​មួយ ​បន្ទាប់​ពី​​មាន​ជំនួប​​ប្រជុំ​​នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី៧ ធ្នូ​ ម្សិលមិញ​ រវាង​​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Ashton Carter និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​សិង្ហបុរី​លោក Ng Eng Hen បាន​ស្វាគមន៍​បើក​សម្ពោធ​​ការ​ដាក់​ឈរ​ជើង​នេះ​នៅ​​សិង្ហបុរី​​ចាប់​ពី​ថ្ងៃ​ទី ៧ខែធ្នូ ដល់​ទី ១៤។​

 

អាមេរិក​ដាក់​​​យន្តហោះ​​ស៊ើបការណ៍​នៅ​សិង្ហបុរី កាន់​តែ​តានតឹង​ជាមួយ​ចិន

យន្តហោះ​ស៊ើបការណ៍ US P8 Poseidon របស់​អាមេរិក

 

ចំណែក​​មន្ត្រី​ការ​ពារ​ជាតិ​​​អាមេរិក​មួយ​រូប​ទៀត​​ថា ​ការ​ដាក់​​យន្តហោះ​​​ឈរជើង​នៅ​សិង្ហបុរី​បន្ថែម​ទៀត​ ​ក៏​អាច​នឹង​មាន​ដែរ។​ ចំណាត់​ការ​នេះ​កើត​​​ឡើង​ ខណៈ​​ពេល​​​មាន​ភាព​តានតឹង ​​​ដោយ​ចិន​នៅ​បន្ត​អះអាង​សមុទ្រ​ចិន​ខាង​ត្បូង​​ជា​ដែន​ដី​របស់​ខ្លួន​តែ​ម្នាក់​ឯង។

 

ការ​ដាក់​ឈរ​ជើង​របស់​អាមេរិក​នេះ​ មើល​ទៅ​​ហាក់​ដូច​ជា​ចង់​បញ្ចេញ​កំហឹង​ចំពោះ​ចិន​រឿង​ដែន​សមុទ្រ​នេះ។ ​ប្រទេស​ចិន​​អះ​អាង​ថា​ដែន​សមុទ្រ​សំបូរ​ថាមពល​ស្ទើរ​ទាំង​​មូល ​​មាន​ទំហំ​ពាណិជ្ជកម្ម​​ចំនួន ៥​ទ្រី​លាន (ពាន់​ពាន់​លាន) ដុល្លារ​​អាមេរិក​ ​ក្នុង​មួយ​ឆ្នាំ​ៗ។

 

សហរដ្ឋអាមេរិក​​ធ្លាប់​បើក​ដំណើរ​ការ​ P8 ​ជាមួយ​ជប៉ុន និង​ហ្វីលីពីន​រួច​ហើយ​ ​និង​បាន​​តាម​ដាន​ជើង​ហោះ​ហើរ​​ប្រទេស​ម៉ាឡេស៊ី​ផង​ដែរ។ ចំណែក​ទីក្រុង​វ៉ាស៊ីនតោន​​បាន​រិះគន់​ការ​សាង​សង់​កោះ​សិប្បនិម្មិត​​​របស់​ចិន​លើ​សមុទ្រ​មាន​ជម្លោះ​​ត្រង់​ប្រជុំកោះ Spratly ដោយ​មាន​​ការ​​ហោះ​ល្បាត​ក្បែរ​ៗ​នោះ​ទៀត​ផង។​​​

 

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​និយាយ​ថា ការ​ឈរ​ជើង​ P8 ​នៅ​សិង្ហបុរី នឹង​ជួយ​បង្កើន​ប្រតិបត្តិការ​រួម​ជា​មួយ​យោធា​ក្នុង​តំបន់ តាម​រយៈ​ការ​ចូល​រួម​​ហាត់​សម​យុទ្ធ​ទ្វេភាគី និង​ពហុភាគី៕

 

ចុចអាន៖ រុស្ស៊ី​ចុះ​កិច្ច​ព្រមព្រៀង​លក់​​យន្តហោះ​ចម្បាំង​ Su-35 ឲ្យ​ចិន​២៤គ្រឿង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ malaysiakini