ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​៣​ចាប់ផ្ដើម​ដំណើរការ​ហើយ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ដំណាក់កាល​ទី​៣​ដែល​មានឈ្មោះ​ថា GLF CHOM PRASIDH OPEN 2015 បាន​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ កន្លង​មកនេះ នៅ​មជ្ឈមណ្ឌល​ជាតិ​កីឡា​វាយ​កូន​បាល់​ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ។

ព្រឹត្តិការណ៍​មួយ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រឹត្តិការណ៍ ITF Futures ដំណាក់កាល​ទី​១ និង​ទី​២​បាន​បញ្ចប់​ដោយ​ជោគជ័យ ហើយ​ការ​ប្រកួត ITF Futures ដំណាក់កាល​ទី​៣​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ធ្នូ ខាង​មុខ​នេះ ។ ការ​ប្រកួត​GLF CHOM PRASIDH OPEN 2015​គឺជាព្រឹត្តិការណ៍​ចុង​ក្រោយបង្អស់​របស់ ITF Futures2015​ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡាករ​បរទេស​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​។ ចំណែក​កម្ពុជា​ក៏​បាន​អញ្ជើញ​កីឡាករ​ជើង​ខ្លាំង​របស់​ខ្លួន​ដែល​រស់នៅ​អា​មេ​រិ​ក គឺ​កីឡាករ​ម៉​ម វិទូ ដែល​ជា​ប្អូនបង្កើត​របស់​កីឡាករ​ម៉​ម ផល្គុន មក​តតាំង​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​បរទេស​ដែរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា កីឡាករ​រូប​នេះ​អាច​ឆ្លង​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​បាន ឬ​អត់​។ សម្រាប់​ការ​ប្រកួត​២​ដំណាក់កាល​កន្លង​មក កីឡាករ​កម្ពុជា​មិន​មានឱកាស​ឆ្លង​ផុត​ពី​វគ្គ​ប្រកួត​ជម្រុះ​លើក​ដំបូង​ឡើយ ។ ការ​ប្រកួត​នៅ​ក្នុង​ដំណាក់កាល​ទី​៣​នេះ​ចែក​ចេញ​ជា​២​វិញ្ញាសា ដូច​កាលពី​លើក​មុន​ៗ​ដែរ គឺ​វិញ្ញាសា​វាយ​គូ និង​វិញ្ញាសា​វាយ​ទោល ប៉ុន្ដែ​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ពី​ចំនួន​កីឡាករ​ថា​មាន​ប៉ុន្មាន​នាក់​ក្នុង​វិញ្ញាសា​នីមួយ​ៗ​ឡើយ ។ សម្រាប់​កីឡាករ​ដែល​ចូលរួម​ប្រកួត​វិញ​មាន​មក​ពី​ប្រទេស​កម្ពុជា វៀតណាម កូរ៉េ ចិនតៃវ៉ាន់ ហ្វី​លី​ពី​ន បារាំង ហូ​ឡង់ អង់គ្លេស ម៉ា​ឡេ​ស៊ី អ៊ូ​ស​បេ​គី​ស្ថាន និង​ជប៉ុន​ជា​ដើម។ 

លោក​ទេព រិ​ទ្ធី​វិ​ទ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា បានឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ប្រកួត​កីឡា​វាយ​កូន​បាល់ ITF Futures ឆ្នាំ​នេះ​គឺ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ព្រោះ​មាន​កីឡាករ​មក​ពី​ប្រទេស​ជា​ច្រើន​ចូលរួម​។ លោក​នឹង​ខិតខំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិការណ៍​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​បែប​នេះ​ជា​បន្ត​ទៀត ដើម្បី​ឱ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​បទ​ពិសោធន៍​កាន់តែ​ច្រើន​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ៕