Asean Para Games​លើក​ទី​8 នៅ​សិង្ហ​បុរី​គិត​ត្រឹម​ថ្ងៃ​ទី​8 ធ្នូ កម្ពុជា​រកបាន​មេដាយមាស​1 ប្រាក់​1​និង​សំរឹទ្ធ​5

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ជន​ពិការ Asean Para Games លើក​ទី​៨​នៅ​ប្រទេស​សិង្ហ​បុរី​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជាង​មួ​យស​ប្ដា​ហ៍​កន្លង​មកនេះ គិត​ត្រឹម​ថ្ងៃ​ទី​៨ ធ្នូ កម្ពុជា​ដណ្ដើម​បាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩​ក្នុង​តារាង ។

លោក យី វាសនា អគ្គលេខាធិការ​សហព័ន្ធ​កិ​ឡា​បា​៉​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បានឱ្យ​ដឹង​ថា ការ​ប្រកួត​មិន​ទាន់​ចប់​នៅឡើយ​ទេ ប៉ុន្តែ​ពេល​នេះ​កម្ពុជា​មានឱកាស​រកបាន​មេដាយ​ចំនួន​៧​គ្រឿង​ហើយ ក្នុង​នោះ​មេដាយមាស​១​គ្រឿង​រកបាន​ដោយ​កីឡាករ​ប៊ុ​ន ហុង ពិការ​ប្រភេទ​T46 លើ​វិញ្ញាសា​រត់​ចម្ងាយ​៤០០​ម៉ែត្រ ។ ទោះជា​យ៉ាងណា លោក​នៅ​តែ​មាន​សង្ឃឹមថា កីឡាករ​កម្ពុជា នឹង​រកបាន​មេដាយ​បន្ថែម​ទៀត ខណៈ​ការ​ប្រកួត​មិន​ទាន់​ចប់​នៅឡើយ ។

នៅ​ក្នុង​ពេល​នេះ​ប្រទេស​ថៃ​កំពុង​តែ​នាំមុខ​គេ ដោយ​បាន​ទម្លាក់​ឥណ្ឌូ​ណេ​ស៊ី​ដែល​ធ្លាប់​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ មក​នៅ​ចំណាត់ថ្នាក់​លេខ​២​វិញ តាម​រយៈ​ការ​ដណ្ដើម​បាន​មេដាយមាស​៦០​គ្រឿង ប្រាក់​៥៨​គ្រឿង និង​សំរឹទ្ធ​៦៥​គ្រឿង​។ ចំណែក​ឥណ្ឌូ​ណេ​ស៊ី​រកបាន​មេដាយមាស​៥៨​គ្រឿង ប្រាក់​៥១​គ្រឿង និង​សំរឹទ្ធ​៤៤​គ្រឿង​។ បន្ទាប់​មក​ប្រទេស​វៀតណាម​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣ រកបាន​មេដាយមាស​៣៩​គ្រឿង ប្រាក់​៤៥​គ្រឿង និង​សំរឹទ្ធ​៣៨​គ្រឿង​។ ម៉ា​ឡេ​ស៊ី​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៤ រកបាន​មេដាយមាស​៣៦​គ្រឿង ប្រាក់​៤០​គ្រឿង និង​សំរឹទ្ធ​២៧​គ្រឿង ។ សិង្ហ​បុរី​ម្ចាស់ផ្ទះ​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៥ រកបាន​មេដាយមាស​២០​គ្រឿង ប្រាក់​១០​គ្រឿង និង​សំរឹទ្ធ​១៤​គ្រឿង ។ មី​យ៉ា​ន់​ម៉ា ចំណាត់ថ្នាក់​លេខ​៦ រកបាន​មេដាយមាស​១២​គ្រឿង ប្រាក់​២៣​គ្រឿង និង​សំរឹទ្ធ​៥៤​គ្រឿង ។ ហ្វី​លី​ពី​ន ចំណាត់ថ្នាក់​លេខ​៧ រកបាន​មេដាយមាស​៨​គ្រឿង ប្រាក់​១១​គ្រឿង និង​សំរឹទ្ធ​១៦​គ្រឿង ។ ព្រុយ​ណេ ចំណាត់ថ្នាក់​លេខ​៨ រកបាន​មេដាយមាស​២​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង សរុប​៩​គ្រឿង និង​កម្ពុជា​ចំណាត់ថ្នាក់​លេខ​៩​បាត​តារាង​រកបាន​មេដាយមាស​១​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៥​គ្រឿង ៕