កន ច​ន្ថា ស្រវា​បង្កើត​របរ​ថ្មី​បន្ថែម​ពីលើ​អាជីព​ប្រដាល់

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ភរិយា​លោក​អូត ភូ​ថង បាន​អះអាង​ពី​ការ​ធ្លាក់​ចុះ​ចំណូល​ក្នុង​មុខរបរ​លក់​ភី​ហ្សា​តាម​តូប​តូច​ៗ ដោយសារ​មានការ​ប្រកួតប្រជែង​ខ្លាំង ក៏​កីឡាករ​ល្បីឈ្មោះ កន ច​ន្ថា និង​ភរិយា នៅ​តែ​ស្រវា​យកមុខ​របរ​នេះ ដោយ​មានការ​រំពឹង​ខ្ពស់​ថា នឹង​បាន​ទទួល​ប្រាក់​ចំណូល​បន្ថែម​ពីលើ​ការ​ប្រដាល់​នោះ​ផង ។ យ៉ាងណា​ក៏​ដោយ គេ​មិនសូវ​ឃើញ​មាន​អ្នកទិញ​កកកុញ​នោះ​ទេ បើ​ផ្អែក​តាម​ស្ថានភាព​ដែល​អ្នកដំណើរ​ជិះ​កាត់​ម្ដង​ៗ ព្រោះតែ​ទីតាំង​ដែល​លោក​ជ្រើស​លក់​ស្ថិត​នៅ​ចំ​ប្លង់​កកស្ទះ ដែល​សូ​ម្បី​តែ​អ្នក​លក់ដូរ​ផ្សេង​ទៀត​ក៏​ចង់​ស្ងាប​អស់​ដែរ ។

ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ​ដែល​គេ​ឃើញ​លោក​កន ច​ន្ថា និង​ភរិយា​បង្ហាញខ្លួន​ក្នុង​អាជីព​ថ្មី​គឺ «​កន ច​ន្ថា ភី​ហ្សា​» ដែល​ស្ថិត​នៅ​ខាង​មុខ​ច្រកចូល​ស្ដា​ត​ចាស់ ដែល​ជា​កន្លែង​ចាស់​របស់​អ្នកស្រី​ម៉ែ​ន ដា​លី​យ៉ា ភរិយា​របស់​លោក​អូត ភូ​ថង ឈរជើង​ដាក់​លក់​កាលពីមុន​។ មានការ​អះអាង​ថា ភរិយា​របស់​លោក​ទទួល​ការ​បង្ហាត់បង្ហាញ​ពី​ភរិយា​លោក​អូត ភូ​ថង និង​ឱកាស​បើក​លក់​ពី​អ្នកស្រី​ម៉ែ​ន ដា​លី​យ៉ា ក្រោយ​ពេល​គ្រួសារ​លោក​អូត ភូ​ថង រើ​ចេញ​ទៅ​ជួល​នៅ​កន្លែង​ថ្មី​នៅ​ម្ដុំ​រង្វង់​មូល​ជ្រោយចង្វា ទើប​ក្រុម​គ្រួសារ​លោក​កន ច​ន្ថា បាន​មក​ឈរជើង​បោះទីតាំង​លក់​ជំនួស​វិញ ។ លោក​កន ច​ន្ថា បាន​ប្រើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​ផ្សាយ​ឲ្យ​ឃើញ​ពីមុខ​របរ​របស់​ខ្លួន ខណៈ​ដែល​ភរិយា​របស់​លោក និង​ក្រុម​គ្រួសារ​ក៏​ប្រឹង​ដុតដៃដុតជើង ដើម្បី​ឱ្យ​អាជីព​នេះ​ទទួល​បានការ​គាំទ្រ​ដូច​គ្នា​។

កន ច​ន្ថា និយាយ​ថា ហេតុផល​ដែល​នាំ​ឱ្យ​លោក​សម្រេច​បើក​លក់​ភី​ហ្សា​នេះ គឺ​បន្ទាប់​ពី​ទទួល​បាន​បទ​ពិសោធន៍​ពី​អ្នក​រកស៊ី​មុខរបរ​នេះ និង​ជា​ពិសេស​គឺ​បទ​ពិសោធន៍​របស់​ភរិយា​លោក​អូត ភូ​ថង នោះ​តែ​ម្ដង ។ គាប់​ជួន​ជា​លោក​និង​ភរិយា​ក៏​មិនដឹង​ថា​មាន​ដើមទុន​ច្រើន​កម្រិត​ណា​ដើម្បី​រក​បង្អែក​ក្រៅពី​ការ​ប្រដាល់ ហើយ​យល់​ថា បើក​លក់​ភី​ហ្សា​មិនសូវ​ចំណាយ​ដើម​ខ្ពស់​ទើប​សម្រេចចិត្ត​ឱ្យ​ភរិយា​ហាត់រៀន​ពី​របៀប​ផ្សំ​គ្រឿង និង​ប្រមែប្រមូល​លុយកាក់​ដើម្បី​រកស៊ី​មុខរបរ​នេះ​តែ​ម្ដង ។ លោក​បាន​ត្អូញត្អែរ​ប្រាប់​មិត្តភក្តិ​ថា មុខរបរ​នេះ​ទទួលផល​ចំណូល​មិនសូវ​ទៀងទាត់​នោះ​ទេ ដោយ​ក្នុង​ថ្ងៃ​ខ្លះ​ក៏​បាន​ចំណេញ​ច្រើន ហើយ​ក្នុង​ថ្លៃ​ខ្លះ​ក៏​សឹង​មិន​បាន​រួច​ដើម ។

យ៉ាងណា​ក៏​ដោយ លោក​ថា​ចំណូល​ដែល​ខ្លួន និង​ភរិយា​ទទួល​បាន គឺ​អាច​ដោះស្រាយ​តម្រូវការ​ប្រចាំ​ថ្ងៃ បើ​ធៀប​នឹង​ពេល​កន្លង​មក​ដែល​រង់ចាំ​ទាល់តែ​មានការ​ប្រកួត​ទើប​មាន​លុយ​នោះ ។ លោក​ថា ការ​បើក​មុខរបរ​នេះ គឺ​ដើម្បី​ទប់​ចំណាយ​ដែល​បាន​កើនឡើង ស្របគ្នា​ដែល​លោក​ពេល​នេះ ក៏​មាន​របួស​បាក់​ខ្ទង់ច្រមុះ​មិន​ទាន់​ជា ហើយ​មិន​ទាន់​អាច​ទទួល​ប្រកួត​បាន​ច្រើន​ក្នុង​មួយ​ខែ​ៗ​ដូច​មុន ។ លោក​ទទួលស្គាល់​ថា​ទីតាំង​ដែល​បាន​តាំង​លក់​ភី​ហ្សា​ហាក់​មិនសូវ​ចំ​ប្លង់​ប៉ុន្មាន​ទេ បើ​ទោះជា​ស្ថិត​នៅ​ច្រក​ខាង​មុខ​ស្ដា​ត​ចាស់​ដែល​ជាទី​ប្រជុំជន​នោះ​ក្ដី​។ ប៉ុន្តែ​ស្ថានភាព​រាល់ថ្ងៃ គឺ​លោក​នៅ​អាច​ទប់ទល់​ចំណូល​បាន ទើប​មិន​មាន​គម្រោង​ដោះ​ដូរ​កន្លែង​ថ្មី ដូច​ភរិយា​របស់​លោក​អូត ភូ​ថង នោះ​ទេ ដើម្បី​កុំឱ្យ​ពិបាក​ចំណាយ​រឿង​ជួល​កន្លែង​គេ​ថ្លៃ​ផង និង​ដឹក​ជញ្ជូន​ផង ។

មក​ទល់​ពេល​នេះ គេ​កត់​សម្គាល់ថា​មាន​កីឡាករ​២​រូប​ដែល​បាន​បើក​លក់​មុខរបរ​ប្រភេទ​នេះ ក្នុង​ពេល​ដែល​មុខរបរ​លក់​ភី​ហ្សា​តាម​រទេះ​មានការ​រីក​ដុះដាល​តាម​ដងផ្លូវ​ដូច​ផ្សិត​នា​ពេល​ចុង​ក្រោយ ។ លោក​អូត ភូ​ថង គឺជា​អ្នក​បើក​ឆាក​មុនគេ ដោយសារ​តែ​ភរិយា​របស់​លោក​ធ្លាប់​ធ្វើ​ចុងភៅ​តាម​ហាង ហើយ​មាន​ចំណូលចិត្ត​ធ្វើ​ភី​ហ្សា​បែប​នេះ​ពី​មុន​មក ។ លោក និង​ភរិយា​បាន​បែកគំនិត​ដាក់​លក់​កាបូប​ជជុះ​លេខ​១​មក​ពី​ប្រទេស​ថៃ​ថែម​មួយទៀត​បន្ទាប់​ពីមុខ​របរ​លក់​ភី​ហ្សា​ទទួល​បាន​ចំណូល​ទាប​ព្រោះតែ​មាន​អ្នកលក់​ប្រជែង​គ្នា​ខ្លាំង ។ ដោយឡែក​សម្រាប់​កីឡាករ​កន ច​ន្ថា​វិញ បាន​អះអាង​ថា ខ្លួន​មិន​មាន​គម្រោង​បន្ថែម​អាជីព​អី​ពីលើ​មុខរបរ​លក់​ភី​ហ្សា​នៅ​តាម​រទេះ​នេះ​ទេ ដោយ​គិត​ត្រឹម​ថា​នឹង​ធ្វើ​ឱ្យ​មុខរបរ​មួយ​នេះ​មាន​ភាពរឹងមាំ​សិន​ប៉ុណ្ណោះ ។ លោក​នៅ​តែ​ប្រកាន់​ជំហរ​ទទួល​ប្រកួត​បើ​ទោះ​របួស​បាក់​ខ្ទង់ច្រមុះ​ត្រូវ​បានជា​សះ​មួយ​រយ​ភាគរយ ហើយ​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​ប្រដាល់​ក្ដី​។

កីឡាករ​កន ច​ន្ថា ត្រូវ​គេ​ឃើញ​មាន​របួស​ធ្ងន់ធ្ងរ​នៅ​ត្រង់​ច្រមុះ​បែប​នេះ ពី​ការ​ប្រកួត​ជាមួយ​កីឡាករ​ផា​ន់ គ្រាន់ កាលពី​ខែកក្កដា​កន្លង​ទៅ ប៉ុន្តែ​ដោយ​គ្មាន​លទ្ធភាព​ព្យាបាល​ដិត​ដល់​ទើប​ស្ថានភាព​មុខរបរ​ហាក់​មិន​ទាន់​ប្រាកដ​ថា​លែង​អី​។ ក្នុង​អំឡុង​សម្រាក​ព្យាបាល​នៅផ្ទះ គេ​ឃើញ​មានការ​ផ្ដល់​ជំនួយ​មួយ​ចំនួន​ពី​អ្នកគាំទ្រ និង​សប្បុរសជន ក្នុង​ពេល​ស្ថានភាព​រស់នៅ​របស់​លោក​មិនសូវ​ធូរធារ ហើយ​មក​បាក់​ខ្ទង់ច្រមុះ ដោយ​មិន​មានការ​ទទួលខុសត្រូវ​ពី​សហព័ន្ធ និង​ពី​ស្ថាប័ន​ដែល​ផ្គូផ្គង​ឱ្យ​ប្រកួត ។ លោក​ត្រូវ​គេ​ឃើញ​បាត់​មុខ​ពី​ការ​ប្រកួត​ក្នុង​ពេល​មុខរបួស​ធ្វើ​ទុក​ធ្ងន់​ព្រម​ជាមួយនឹង​អាជីព​ជា​អ្នកលក់​ភី​ហ្សា​ក៏​បាន​លេចឡើង ។

លោក​កន ច​ន្ថា បញ្ជាក់​ថា ស្ថានភាព​ជីវភាព​មិន​អាច​ឱ្យ​លោក​បោះបង់​ការ​ប្រកួត​បាន​ទេ ប៉ុន្តែ​មុខរបរ​ចាស់​មិន​ជួយ​ឱ្យ​លោក​អាច​រក្សា​លំនឹង​ប្រកួត​ឱ្យ​បាន​ខ្លាំង​រហូត​នោះ​ឡើយ ទើប​លោក​យល់​ថា មាន​តែ​មុខរបរ​តូច​មួយ​ដែល​បាន​ដំណើរការ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​ប៉ុណ្ណោះ ដែល​អាច​សម្រាល​បន្ទុក​បាន ។ លោក​ទទូច​ឱ្យ​មហាជន​ជួយ​គាំទ្រ​ដល់​មុខរបរ​របស់​លោក ក៏​ដូច​ជា​របស់​កីឡាករ​ដទៃ​ទៀត ដ្បិត​ទម្រាំ​តែ​ទទួល​បាន​អាជីព​ជា​អ្នកលក់​បើក​កូន​រទេះ​បន្តិចបន្តួច​នេះ គឺ​ត្រូវ​ប្រឹងប្រែង​សម្បើម​ណាស់ គឺ​មិនមែន​ដូច​អ្នកមាន​អាជីព​ផ្សេង ដែល​មាន​លុយ​ច្រើន​រយ​-​ពាន់​ដុល្លារ​សម្រាប់​យក​មក​បើកមុខ​របរ​ចិញ្ចឹមជីវិត​ឡើយ ៕