ពេជ្រ សោភា ឈ្លោះ​ជា​មួយអ្នក​គ្រប់គ្រង​តារា​ចម្រៀង​​ហង្សមាស?

មូលហេតុដែលឈាន ទៅដល់ការចាកចេញ ពីផលិតកម្មហង្សមាស របស់តារាចម្រៀង កញ្ញា ពេជ្រ សោភា ទំនង​ជា​មានជាប់ទាក់ទង នឹងជម្លោះមួយ រវាងតារាចម្រៀងនិងនរណាម្នាក់ ដែលមានតួនាទីធំដុំ នៅក្នុង​ផលិតកម្ម​នេះ។ នេះ​បើ​តាម​​ការ​​បញ្ជាក់ របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ។
ពេជ្រ សោភា ឈ្លោះ​ជា​មួយអ្នក​គ្រប់គ្រង​តារា​ចម្រៀង​​ហង្សមាស?
តារាចម្រៀង ពេជ្រ សោភា។ (រូបថតហ្វេសប៊ុក)

«មាន​បញ្ហា​ខ្លះ នាង​ខ្ញុំ​ទទួលយក​លែង​បាន​ហើយ​» នេះជាពាក្យសម្ដី ដែលតារាចម្រៀងវ័យជាង ៣០ឆ្នាំ កញ្ញា ពេជ្រ សោភា បានបង្ហើបឲ្យដឹង នៅក្នុងសារសុំលាឈប់របស់នាង នៅលើទំព័រហ្វេសប៊ុក។ ពាក្យសម្ដី ដែល​ដូចជា​ការ​ពិត បើគេបានដឹង ពីជម្លោះមួយរវាងតារាចម្រៀង និងលោក អ៊ិន ទីតូ អ្នកគ្រប់គ្រងតារាចម្រៀង នៅ​ក្នុង​​ផលិតកម្ម​​ដ៏ធំជាងគេ នៅក្នុងប្រទេសកម្ពុជា ហើយត្រូវបានសារព័ត៌មានក្នុងស្រុក យកមកផ្សព្វផ្សាយ។

ចង់ដឹងថាពិតឬយ៉ាងណា គេត្រូវត្រឡប់ទៅកាន់ការប្រគំ​តន្ត្រី «​វី​ខន​សឺ​ត​» ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីមជ្ឈមណ្ឌលកោះ​ពេជ្រ ដោយ​មាន​គ្រូបង្វឹក​បី​រូប​ទៀត និង​រួម​ទាំង​អតីត​បេក្ខជន​ប្រឡង ក្នុង​កម្មវិធី​ពីមុនៗ ជាច្រើន​រូប​ចូលរួមផង។​ សារព័ត៌មាននោះ បានយកប្រភព​ព័ត៌មាន ពី​អ្នក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ មក​រាយការណ៍ថា បន្ទាប់ពី​កញ្ញា ពេជ្រ សោភា បាន​ចុះ​ពី​ឆាក​តន្ត្រី​ភ្លាម នាងត្រូវបាន​បុគ្គលិក​ម្នាក់ មាន​តំណែង​ធំ​គួរសម ក្នុង​ហង្ស​មាស បាន​ស្ដីបន្ទោស ឲ្យ​នាង​កណ្ដាល​មុខ​មហាជន​ថា អ្នកនាង​មិនចេះ​ប្រដៅ​កូនចៅ។ ប្រភព​បានអះអាងបន្ថែមថា នៅចំពោះហេតុការណ៍នេះ និងក្នុងនាមនាង ជាតារាដែលមានកេរ្ត៍ឈ្មោះគួរសម កញ្ញា ពេជ្រ សោភា បានសម្ដែងការ​អាក់អន់​ស្រពោន​ចិត្ត​ ដោយបានចាត់ទុកថា នេះការទះកំភ្លៀង​នាង​ នៅ​ចំពោះ​មុខ​មហាជន ដែលនាង«ទទួលយក​លែង​បាន​» និងមិនមែនជាលើកទីមួយនោះទេ។

សារព័ត៌មាន បានបន្ថែមប្រភពព័ត៌មាន​ ពី​អ្នកសិល្បៈ ដែល​បាន​ចូលរួម​ក្នុង​កម្ម​វិធិ​ប្រគំ​តន្ត្រី​នោះ មកបញ្ជាក់​ទៀត​ថា តារាចម្រៀងបាន​អាក់អន់ចិត្ត ជាមួយនឹង​អ្នកគ្រប់គ្រង​តារាចម្រៀង ក្នុង​ផលិតកម្ម​ហង្ស​មាស គឺ​លោក អ៊ិន ទី​តូ ដែល​បាន​ស្ដីបន្ទោស​នាង ថា មិនចេះ​គ្រប់​គ្រប​អ្នក​រ៉េ​ប​បទ​ចម្រៀង និង​អ្នករាំ ព្រោះ​ហាក់​មាន​ច​រឹក​ឫកពារ​​ឈ្លើយ​។ ការ​អាក់អន់ស្រពន់ចិត្ត ​នឹង​សម្ដីរបស់លោក អ៊ិន ទី​តូ នេះ បានជំរុញឲ្យតារាចម្រៀង ពេជ្រ សោភា សម្រេចចិត្ត​ថា នឹង​ចេញពី​ផលិតកម្ម​ហង្ស​មាស រួម​ទាំង​ក្រុម​របស់​នាង​ ជាពិសេស​អ្នកនិពន្ធ​បទ​ចម្រៀង​​ថ្មី ដែល​មិន​ចម្លង​បទ​ពី​បរទេសនោះ ក៏​នឹង​ត្រូវ​ចាកចេញ​ទាំង​អស់ដូចគ្នា។​

ពេជ្រ សោភា ឈ្លោះ​ជា​មួយអ្នក​គ្រប់គ្រង​តារា​ចម្រៀង​​ហង្សមាស?

ក្រោយហេតុការណ៍នោះ តារាចម្រៀង បានថ្លែងប្រាប់សារព័ត៌មានដដែលនោះថា៖ «​ចាំ​មើល​ក្រោយ​ពី The Voice Cambodia បញ្ចប់ តើ​មាន​អ្វី​កើតឡើង​? ព្រោះ​ខ្ញុំ​មិនទាន់​ហ៊ាន​និយាយ ​អ្វី​ច្រើន​ឡើយ នៅពេលនេះ​។»​ ខណៈ លោក ងួន ចាន់​ដេវីត ដែលជាអ្នកចម្រៀង ​រ៉េ​ប (Rap) និង ជា​អ្នកនិពន្ធផ្ទាល់ ​របស់​តារាចម្រៀង ពេជ្រ សោភា ក៏បានអះអាង ពីការចាកចេញរបស់ខ្លួនដូចគ្នា ដោយសំអាងហេតុផល ថាតារាចម្រៀង ពេជ្រ សោភា ជា​អ្នក​ជប់​ជីវិត​សិល្បៈដល់​លោក។ លោក ដាវិដ បានអះអាង នៅទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «បើ ពេជ្រ សោភា ចេញ ​ខ្ញុំ​ក៏​ចេញ​ដែរ​។ សមិទ្ធផល​ថ្មី​ ដែល​ខ្ញុំ​នឹង​គាត់​បាន​ត្រៀម​ សម្រាប់​ឆ្នាំ​២០១៦ ​ក៏​ទៅតាម​ហ្នឹង​ដែរ​។»។

មិនអាច​អាក់​ទង​លោក អ៊ិន ទី​តូ អ្នកគ្រប់គ្រង​តារាចម្រៀង ក្នុង​ផលិតកម្ម​ហង្ស​មាស ឲ្យ​បំភ្លឺ​បាន​ទេ​នៅ​ពេល​នេះ ហើយផលិតកម្មហង្សមាសទាំងមូល ក៏មិនទាន់បានឃើញចេញប្រតិកម្មអ្វី ទាក់ទងនឹងការប្រកាស​លា​ឈប់ របស់តារាចម្រៀងស្រីប្រុស ពីផលិតកម្មខ្លួនដែរ។ នេះ បើទោះជាមានការលេចឭថា ទាំងអ្នកគ្រប់គ្រង​ទាំង​​តារា​ចម្រៀង កំពុងស្ថិតក្នុងការចរចា ដើម្បីរកចំណុចដោះស្រាយក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយ រួមនឹងនឹង​ប្រិយមិត្ត​របស់តារាចម្រៀង ក៏ដូចជារបស់ផលិតកម្មផង សង្ឃឹមថានឹងមានការបំភ្លឺ ជុំវិញរឿងរ៉ាវ​ដ៏ក្ដៅគគុក​នេះ៕

ពេជ្រ សោភា ឈ្លោះ​ជា​មួយអ្នក​គ្រប់គ្រង​តារា​ចម្រៀង​​ហង្សមាស?