ពាក្យ​មួយ​ឃ្លា​ធ្វើ​ឱ្យ អ៊ាម វន្នី នឿយហត់​មិន​ត្អូញត្អែរ

ពាក្យ​មួយ​ឃ្លា​ធ្វើ​ឱ្យ អ៊ាម វន្នី នឿយហត់​មិន​ត្អូញត្អែរ

ដោយ​សារ​តែ​ពាក្យ”សប្បុរសធម៌” នេះ​ហើយ​បាន​ធ្វើ​ឱ្យ អ៊ាម វន្នី មិន​ដែល​បដិសេធ​រាល់​សំណើ​ទៅ​ចូលរួម​ច្រៀង​កម្មវិធី​ទាំង​នោះ​ឡើយ ទោះ​បី​ជា​ពេល​ខ្លះ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​យ៉ាង​ណា​ក្ដី។

 

“រឿង​សប្បុរសធម៌​ហ្នឹង ជា​បំណង​ខ្ញុំ​តាំង​រៀន​វិទ្យាល័យ​ម្ល៉េះ​គិត​ថា បើ​មាន​ឱកាស​នឹង​បាន​ចូលរួម​ជួយ​សង្គម​ដូច​គេ តែ​ពេល​នេះ​យើង​មាន​ឱកាស​ហើយ ចេះ​​តែ​ចែក​រំលែក​ទៅ ហត់​តិច​តួច​មិន​អី​ទេ”។ អ៊ាម វន្នី ថ្លែង​មក​កាន់ Sabay ព្រឹក​នេះ។ លោក​បន្ត​ថា ការ​ងារ​សប្បុរសធម៌ បាន​បង្កើត​ឱកាស​សម្រាប់​រូប​បាន​ចូល​រួម​ជួយ​សង្គម តាម​រយៈ​សមត្ថភាព​សិល្បៈ ដែល​មាន​ស្រាប់។

 

ពាក្យ​មួយ​ឃ្លា​ធ្វើ​ឱ្យ អ៊ាម វន្នី នឿយហត់​មិន​ត្អូញត្អែរ

 

អតីត​បេក្ខភាព Cambodian Idol រូប​នេះ​បន្ថែម​ទៀត​ថា លោក​កំពុង​ត្រៀម​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​សៀមរាប ដើម្បី​ចូលរួម​ចម្រៀង​ក្នុង​កម្មវិធី​សប្បុរសធម៌​ដែល​ជា​ការ​ជួបជុំ​មួយ​រៀប​ចំ​ឡើង​ដោយ​តារា​សម្ដែង សាវីន ហ្វីលីព ក្នុង​គោល​បំណង​ស្វែង​រក​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ ព្រោះ​ទី​នោះ ជា​កន្លែង​សង្គ្រោះ​កុមារ​មិន​យក​កម្រៃ​ធំ​ទី២​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ខណៈ​កុមារ​រាប់​ពាន់​នាក់​កំពុង​សម្រាក​ព្យាបាល ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​មាន​ជីវភាព​ក្រីក្រ។

 

ទាក់ទង​ទៅ​នឹង​ចំណុច​នេះ កូន​ប្រុស​អ្នក​បាត់ដំបង​ដដែល​អះអាង​ថា កន្លង​មក​ក៏​ធ្លាប់​បាន​ចូលរួម​រៃ​អង្គាស​ថវិកា ដើម្បី​ជួយ​ទ្រទ្រង់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ ក្នុង​នោះ​ថែម​ទាំង​និពន្ធ​បទ​ចម្រៀង​ទាក់ទង​ទៅ​នឹង​មន្ទីរ​ពេទ្យ​នេះ។ លោក​ចង់​​ផ្ដល់​ភាព​ពីរោះ​រណ្ដំ​ដល់​អ្នក​ស្ដាប់ និង​ជំរុញ​ទឹក​ចិត្ត​របស់​ពួក​គេ ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ដែរ។

 

រហូត​មក​ដល់​ពេល​នេះ មាន​កម្មវិធី​សប្បុរសធម៌​ជា​ច្រើន​ទៀត ដែល​បាន​អញ្ជើញ​លោក​ទៅ​ចូលរួម​រួច​ហើយ។ អ៊ាម វន្នី បន្ថែម​ថា៖”និយាយ​រួម​ទៅ ឱ្យ​តែ​យើង​ជជែក​គ្នា​ហើយ មាន​គោល​ដៅ​សប្បុរសធម៌​ដូច​គ្នា គឺ​ខ្ញុំ​នឹង​យល់​ព្រាម​ភ្លាម​ មិន​បញ្ហា​ទេ”។ លោក​បន្ត​​ដោយ​ចាត់​ទុក​ថា នោះ​ឱកាស​ល្អ ដែល​អាច​បង្ហាញ​បទ​ចម្រៀង​ជា​ស្នាដៃ​របស់​ខ្លួន​ផង​ដែរ។

 

ប៉ុន្តែ​កន្លង​មក លោក​ក៏​ធ្លាប់​បដិសេធ​កម្មវិធី​ច្រៀង​បែប​សប្បុរសធម៌​ខ្លះ​ដែរ ដោយ​សារ​តែ​ពេល​វេលា​ជាន់​គ្នា​មិន​អាច​ឆ្លៀត​បាន។ អ៊ាម វន្នី ចាត់​ទុក​ការ​ខកខាន​​នោះ​ថា ​ជា​រឿង​សោកស្ដាយ​សម្រាប់​រូប​គេ៕

សូម​ស្ដាប់​បទ​”គន្ធបុប្ផា​មហាសន្ដោស” ច្រៀង​ដោយ អ៊ាម វន្នី

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ