រឿង ២ យ៉ាង​នាំ ទេព រិនដារ៉ូ សប្បាយ​ចិត្ត​ក្នុង​ឆ្នាំ​នេះ


រឿង ២ យ៉ាង​នាំ ទេព រិនដារ៉ូ សប្បាយ​ចិត្ត​ក្នុង​ឆ្នាំ​នេះ

លោក ទេព រិនដារ៉ូ បាន​បញ្ជាក់​ថា មាន​រឿង ២ យ៉ាង ដែល​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​នៅ​ក្នុង​ឆ្នាំ ២០១៥ នេះ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​សិល្បៈ​ខ្មែរ ក្នុង​នាម​ជា​តារា​ភាពយន្តជើង​ចាស់​​មួយ​រូប។

 

រឿង ២ យ៉ាង​នាំ ទេព រិនដារ៉ូ សប្បាយ​ចិត្ត​ក្នុង​ឆ្នាំ​នេះ

 

លោក​បន្ត​ថា រឿង​ទី១ ដែល​ធ្វើ​ឱ្យ​លោក​សប្បាយ​ចិត្ត​នោះ គឺ​ដោយ​លោក​កត់​សម្គាល់​ឃើញ​ថា ផលិតកម្ម​ភាពយន្ត​កាន់​តែ​ច្រើន​បាន​បញ្ចេញ​ស្នាដៃ​របស់​គេ​ជា​បន្តបន្ទាប់​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ ហើយ​ចាក់​បញ្ចាំង​តាម​រោងភាពយន្ត​នានា។ លោក​បន្ថែម​ថា៖” សូម្បី​តែ​ខ្ញុំ​ហ្នឹង ក៏​មមាញឹក​ថត​រឿង​រក​ពេល​សម្រាក​មិន​បាន​ដែរ​ក្នុង​ឆ្នាំ​នេះ គ្រាន់​តែ​ជា​ភាគ​ច្រើន​ជា​រឿង​​ភាគ”។ លោក​បញ្ជាក់​មក​កាន់ Sabay ម្សិល​មិញ។

 

តារា​សម្ដែង​ដែល​មាន​បទ​ពិសោធន៍​ជាង ២ ទសវត្ស​រូប​នេះ​បន្ត​ថា នេះ​ជា​សញ្ញា​មួយ​បង្ហាញ​ថា វិស័យ​ភាពយន្ត​ខ្មែរ​ចាប់​ផ្ដើម​ទៅ​មុខ​បណ្ដើរៗ​ហើយ ទោះ​មិន​ទាន់​ជឿនលឿន​ដូច​បណ្ដា​ប្រទេស​នានា​យ៉ាង​ណា​ក្ដី។

 

ដោយ​ឡែក​ចំពោះ​រឿង​ទី២​វិញ ត្រូវ​បាន​តារា​សម្ដែង​រួម​ជំនាន់​អ្នក​នាង អម្ពរ ទេវី រូប​នេះ​បង្ហើប​ថា ដោយ​សារ​តែ​ឃើញ​ចំណាត់​ការ​របស់​ក្រសួង​ពាក់ព័ន្ធ​កន្លង​មក ដែល​ថា នឹង​ហាម​មិន​ឱ្យ​ស្ថានីយ​ទូរទស្សន៍​នានា​ការ​ចាក់​បញ្ចាំង​ភាពយន្ត​បរទេស​ក្នុង​ម៉ោង​មាស។ ដោយ​យក​ពេល​វេលា​ទាំង​នោះ​មក​ចាក់​បញ្ចាំង​ភាពយន្ត ឬ​កម្មវិធី​ជា​ស្នាដៃ​ខ្មែរ ទោះ​បី​ជា​មិន​ទាន់​មាន​ប្រសិទ្ធភាព ១០០%​យ៉ាង​ណា​ក្ដៅ។

 

លោក​បន្ថែម​ថា នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​វិស័យ​ភាពយន្ត​ខ្មែរ ហើយ​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​ភាពយន្ត​មាន​ការ​រីក​ចម្រើន។ ទង្វើ​នេះ ក៏​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក៕

 

អត្ថបទ៖ សំ ជំនាញ