យាយ​ទុរគត​ដើរ​កោស​ខ្យល់​ឱ្យ​គេ​យក​លុយ​ចិញ្ចឹម​ចៅ​ប្រុស​យ៉ាង​វេទនា​

ខេត្ត​តាកែវ​ ៖ ដើម្បី​ចៅ​ប្រុស​ម្នាក់​ដែល​ឪពុក​ ម្តាយ​បង្កើត​ហើយ​ទុក​ចោល​ ​លោក​យាយ​ទុរគត​ម្នាក់​ឈ្មោះ​ជុំ​ សុគន្ធ អាយុ​៦៤​ឆ្នាំ រស់​នៅ​ភូមិ​ដូន​ពែង សង្កាត់​បារាយណ៍​ ក្រុង​ដូន​កែវ បាន​តស៊ូចិញ្ចឹម​ចៅ​យ៉ាង​លំបាក​វេទនា​តាំង​ពី​អាយុ​៣​ខែ​រហូត​ដល់​អាយុ​៨​ឆ្នាំ បា​ន​ចូល​រៀន​នឹង​គេ​។

លោក​យាយ​បាន​រៀប​រាប់​ថា ​គាត់​មាន​ប្តី និង​កូន​ចំនួន​​៣​នាក់​ តែប្តី​របស់​គាត់​ និង​កូនៗបាន​ស្លាប់​អស់​ហើយ​តាំង​ពី​ជំនាន់​ប៉ុល​ ពត​ លុះ​ក្រោយ​មក​គាត់​រស់​នៅ​តែ​ម្នាក់​ឯង​តែល​តោល​គ្មាន​ទី​ពឹង​អ្វី​ទាំង​អស់​ តែ​គ្រា​នោះ​គាត់​នៅ​មាន​កម្លាំង​ចេះ​តែ​ដើរ​រក​ស៊ី​ឈ្នួល​ច្រូត​ស្ទូង​ស្រូវ​ឱ្យ​គេ​បាន​លុយ​គ្រាន់​ចិញ្ចឹម​ជីវិត​រហូត​មក តែ​រហូត​មក​ដល់​ពេល​នេះ​វ័យ​កាន់​តែ​ចាស់​មាន​ជំងឺ​ប្រចាំ​កាយ​ថែម​ទៀត គឺ​រស់​នៅ​យ៉ាង​លំបាក​បំផុត​។

លោក​យាយ ជុំ សុគន្ធ បាន​រៀប​រាប់​បន្ត​ទៀត​ថា កាល​ពី​៨​ឆ្នាំ​មុន​នេះ គាត់​បាន​រស់​នៅ​ជាមួយ​ក្មួយ​សាច់​ថ្លៃ​២នាក់​ ប្តីប្រពន្ធ លុះ​ពេល​គេ​មាន​កូន​ប្រុស​ម្នាក់​ អាយុ​ទើប​បាន​៣​ខែ ប្តី​ប្រពន្ធ​គេ​បាន​ទុក​ឱ្យ​​គាត់​ចិញ្ចឹម​ដោយ​បាន​ប្រគល់​ផ្ទះ​ខ្ទម​នេះ​មក​ឱ្យ​គាត់​នៅ​២នាក់​ចៅ​ម្នាក់​នេះចាប់​តាំង​ពី​ប្តី​ប្រពន្ធ​គេ​ចេញ​ទៅ​បាត់​ដំណឹង​រហូត​មិន​ដឹង​ជា​ទៅ​ទី​ណា​។

គាត់​បាន​តស៊ូ​រស់​នៅ​ចិញ្ចឹម​ចៅ​ប្រុស​ម្នាក់​រហូត​បាន​ចូល​រៀន​ថ្នាក់​ទី​១ ។ រាល់​ថ្ងៃ​នេះ​គាត់​ដើរ​កោស​ខ្យល់​ឱ្យ​អ្នក​ភូមិ​ទាំង​ឈឺ ទាំង​ជា​ដើម្បី​បាន​លុយ​បន្តិច​បន្តួច​មក​ទិញ​ម្ហូប និង​អង្ករ​ឱ្យដាំ​បាយ​ឱ្យ​ចៅ​ហូប​ ហើយ​អ្នក​ភូមិ​មានការ​អាណិត​អាសូរ​ ឱ្យ​តែ​ពេល​មាន​បុណ្យ​ទាន ឬ​មង្គ​ល​ការ​ក្នុង​ភូមិ​តែង​តែ​ហៅ​គាត់​ឱ្យ​ទៅ​ជួយ​លាង​ចាន គ្រាន់បាន​លុយ​មក​ចិញ្ចឹម​ចៅ​ប្រុស​ឈ្មោះ​ឆាយ គឹម​ហេង ។

លោក​យាយ​បាន​អំពាវ​នាវ​ដល់ក្មួយ​របស់​គាត់​ដែល​ជា​ឪពុក​ ម្តាយ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ​នេះ​ មក​ទទួល​យក​កូន​ទៅ​ចិញ្ចឹម​វិញ​ផង ព្រោះ​ពេល​នេះគាត់​កាន់​តែ​ចាស់​ មាន​ជំងឺ​ប្រចាំ​កាយ​ថែម​ទៀត​មិន​ដឹង​ស្លាប់​ពេល​ណា​ទេ​។

តាម​រយៈ​កោះ​សន្តិ​ភាព​សូម​អំពាវ​នាវ​រក​សប្បុរ​ស​ជន​ជួយ​ដល់​លោក​យាយ​ទុរគត​ចិញ្ចឹម​ចៅ​ប្រុស​ម្នាក់​នេះ​ផង​៕