​​មន្ត្រី​កាំកុងត្រូល​ខេត្ត​​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប

ខេត្ត​ព្រះ​សីហ​នុ ៖ ម​ន្ត្រី​កាំកុងត្រូល​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​នៅ​តាម​ផ្សារ​ទំនើប ក្នុង​ន័យ​ពង្រឹងគុណភាព​លើ​ទំនិញប្រើប្រាស់ក៍​ដូច​ជា​ការ​ចូលរួម​ការ​អភិ​វ​ឌ្ឍ​សង្គម​តាម​រយៈការ​ថែរក្សា​​​សុខភាព​ជូន​ប្រជាពលរដ្ឋ ​និងភ្ញៀវ​ទេសចរ​ ​ក្នុងឱ​កាស​នោះ​ សមត្ថកិច្ច​បាន​ដកហូត​ទំនិញ​មួយ​ចំនួន​ដែល​ហួស​សុពលភាព​ប្រើប្រាស់ ​។

លោក ជា ប៉ិច អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​​ បាន​បញ្ជា​ក់ថា យុ​ទ្ឋ​នា​ការចុះ​ត្រួតពិនិត្យ​នេះ មន្ត្រី​កាំកុងត្រូល​បាន​ធ្វើ​ឡើងជា​ប្រចាំ​ គ្រប់​គោលដៅ គ្រប់​ទីកន្លែង តាម​ឃ្លាំង​ស្តុក​ទំនិញ ​តាម​ផ្សារ​ទំនើប ​និង​តាម​សាលារៀន​ជាដើម ក្នុង​នោះ​ដែរ មន្ត្រី​ជំនាញ​បាន​​ធ្វើការ​អប់រំ​ និង​ផ្សព្វផ្សាយ​​​ដល់​អាជីវករ ពាណិជ្ជករ សិស្សានុសិស្ស​ អំពី​ផល​ប៉ះពាល់ជុំវិញ​ការ​ដាក់​លក់ និង​បរិភោគ​​​ទំនិញ​ខូចគុណភាព​ទាំងនេះ​ ។ ​

លោក​អនុប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​​ ​បាន​បន្ត​ថា ជាក់ស្តែង​នៅ​​ព្រឹក​ថ្ងៃ​ទី​៨ ​ធ្នូ មន្ត្រី​កាំកុងត្រូលបាន​ចុះ​​​ត្រួតពិនិត្យ​នៅ​តាម​ផ្សារ ​និងមី​នី​ម៉ាត​ចំនួន​៥​ទី​តាំង ដែល​ជាទី​ប្រជុំជន​ភ្ញៀវ​ទេសចរ​ ដោយ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាពហួស​សុពលភាព​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ ​។

ក្នុង​នាម​លោក​ជា​មន្ត្រី​ជំនាញ សូម​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​អាជីវករ ពាណិជ្ជករ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ទាំងអស់ សូម​មេត្តា​រួម​គ្នាលុប​បំបាត់​ឱ្យ​អស់​នូវ​អ្វី​ដែល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព ត្រូវ​បន្ត​ផ្សព្វផ្សាយ​ដល់​កូនចៅ សាច់ញាតិ និងមនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​យើង អំពី​ចំណីអាហារ​ដែល​ធ្វើ​ឱ្យ​ខូច​​សុខភាព ត្រូវ​ឆ្លើយ​ថា «​ទេ» និង​បញ្ឈប់​ជា​បន្ទាន់​​ការ​ចរាចរ​ណ៏ ការ​ចែកចាយ ការ​បរិភោគ​​​ទំនិញ ​និង​ចំណីអាហារ​ណា​ដែល​មានការ​សង្ស័យ​ថា​ ​ដែល​​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​សុខភាព​ ៕ ​