ភាព​មិន​ប្រក្រតី​នៃ​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​១​កន្លែង​នៅ​ស្ទឹងត្រែង

មន្ត្រី​សង្គម​ស៊ីវិល ចុះ​ស៊ើប​អង្កេត​ពី​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ​កន្លែង ឋិត​នៅ​ខាង​មុខ​សាលា​ខេត្ត​ស្ទឹងត្រែង ឈ្មោះ ស្រូយ រស្មី ដោយ​សង្ស័យ​ថា អាច​មាន​ភាព​មិន​ប្រក្រតី។ ការ​ចុះ​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង ដាក់​ឱសានវាទ​ឲ្យ​រុះរើ​ស្ថានីយ​ប្រេង​ចំនួន ៤​កន្លែង​ក្នុង​ក្រុង​ស្ទឹងត្រែង ដើម្បី​យក​ទីតាំង​នោះ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​មាន​សោភ័ណភាព និង​ធ្វើ​ជា​សួនច្បារ។

មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៧ ធ្នូ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ស៊ើប​អង្កេត​ពី​ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​ឥន្ធនៈ ១​កន្លែង​ឈ្មោះ ស្រូយ រស្មី ដែល​មាន​ប្លង់​រឹង​គ្រប់គ្រង​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ជា​កម្មសិទ្ធិ​ឯកជន។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល លើក​ឡើង​ថា ការ​ផ្តល់​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង​ដល់​ម្ចាស់​ស្ថានីយ​ឈ្មោះ ស្រូយ រស្មី នៅ​ខាង​មុខ​សាលា​ខេត្ត​ស្ទឹងត្រែង ហាក់​នៅ​មាន​អាថ៌កំបាំង ខណៈ​ដែល​ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន ៤​កន្លែង​ផ្សេង​ទៀត ត្រៀម​រុះរើ។ លោក​យល់​ថា បញ្ហា​នេះ​អាច​ជា​កំហុស​របស់​អាជ្ញាធរ ដែល​ផ្តល់​ប្លង់​កម្មសិទ្ធិ ឬ​ប្លង់​រឹង​លើ​ដី​សាធារណៈ​របស់​រដ្ឋ។ លោក ហូ សំអុល សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ហាក់​លាក់​បាំង​ព័ត៌មាន​ពី​ការ​ជូន​ដំណឹង ទាក់ទិន​ការ​ធ្វើ​អនុប្រយោគ​ដី​សាធារណៈ​របស់​រដ្ឋ៖ «យើង​ឃើញ​មាន​ប្លង់​មួយ បើ​សិន​ជា​អាជ្ញាធរ​ខេត្ត ឬ​ក្រុង​ដែល​ធ្វើ​ប្លង់​ឲ្យ​គេ​ហ្នឹង វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​ក្រុង ខេត្ត និង​សង្កាត់ យក​ដី​រដ្ឋ​ធ្វើ​ប្លង់​ឲ្យ​គេ ស៊ើប​អង្កេត​ទៅ​វា​អាច​ពាក់ព័ន្ធ​ការ​ឃុបឃិត​គ្នា​ទៀត​ក៏​ថា​បាន​ដែរ ព្រោះ​អី​ពី​ណា​មិន​ដឹង​ថា ដី​ហ្នឹង​ជា​ដី​របស់​អាជ្ញាធរ​ខេត្ត​សម្រាប់​ធ្វើ​ជា​សួនច្បារ ឬ​អភិវឌ្ឍ​ក្រុង​ដែរ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ការិយាល័យ​ភូមិបាល​ក្រុង​ស្ទឹងត្រែង លោក សេង សុផាត ដើម្បី​សុំ​ការ​បំភ្លឺ​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

ម្ចាស់​ស្ថានីយ​មួយ​កន្លែង​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ លើក​ឡើង​ថា លោក​បាន​ផ្ដិត​មេដៃ​យល់​ព្រម​រុះរើ​តាម​សំណើ​របស់​អាជ្ញាធរ​ដោយ​បង្ខំ​ចិត្ត។ លោក​ថា មាន​ម្ចាស់​ស្ថានីយ​ខ្លះ​មាន​ប្លង់​កម្មសិទ្ធិ​លើ​ដី​សាធារណៈ​របស់​រដ្ឋ សម្រាប់​ធ្វើ​អាជីវកម្ម​ឯកជន។ ករណី​នេះ លោក​យល់​ថា អាជ្ញាធរ​អនុវត្ត​ច្បាប់​ពុំ​មាន​តម្លាភាព៖ «ហ្គារ៉ាស់​តា ស្រូយ គាត់​ជួល​គេ​ទេ ប៉ុន្តែ​ហ្គារ៉ាស់​នោះ​ប្រហែល​មិន​រើ​ទេ ព្រោះ​មាន​ប្លង់​រឹង​កណ្ដាល​សួនច្បារ»

ករណី​នេះ អភិបាល​រង និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​ថា ទីតាំង​ស្ថានីយ​ចំនួន ៤​កន្លែង កំពុង​ប្រកប​របរ​អាជីវកម្ម គឺ​ជា​ទីតាំង​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​បាន​ជូន​ដំណឹង​ឲ្យ​រុះ​រើ​ចេញ ដើម្បី​យក​ទីតាំង​នោះ​ធ្វើ​ជា​សួនច្បារ​សាធារណៈ។ ចំណែក​ទីតាំង​មួយ​កន្លែង​ផ្សេង​ទៀត​ឈ្មោះ ស្រូយ រស្មី មាន​ប្លង់​កម្មសិទ្ធិ​តាំង​ពី​ជំនាន់ លោក លី ស៊ូ ធ្វើ​ជា​អភិបាល​ខេត្ត៖ «តែ ៤​ហ្នឹង យើង​ឲ្យ​ចេញ​សិន។ ដោយឡែក​មួយ​ទៀត យើង​កំពុង​រក​ពិធី​ដោះ​ជាមួយ​គាត់ ព្រោះ​គេ​មាន​ប័ណ្ណ​កម្មសិទ្ធិ​គ្រប់គ្រង​ទាល់​តែ​យើង​រក​ដី​ដោះដូរ»

ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន ៤​កន្លែង ដែល​អាជ្ញាធរ​បាន​ជូន​ដំណឹង​ឲ្យ​រុះរើ​ឋិត​នៅ​តាម​បណ្តោយ​សួនច្បារ​ខាង​មុខ​ផ្សារ​ថ្ម ខេត្ត​ស្ទឹងត្រែង រហូត​ដល់​ខាង​មុខ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ពីរ​កន្លែង​ទៀត នៅ​ជាប់​ចំណត​រថយន្ត​ខេត្ត​ស្ទឹងត្រែង ជិត​រង្វង់​មូល​ចាស់​ក្រុង​ស្ទឹងត្រែង។ ស្ថានីយ​ទាំង​នោះ បាន​ប្រកប​អាជីវកម្ម​ជាង ២​ទសវត្សរ៍​កន្លង​មក ដោយ​ចុះ​កុងត្រា​ជាមួយ​អាជ្ញាធរ​ខេត្ត។

មន្ត្រី​ផ្នែក​ដីធ្លី​នៃ​សមាគម​អាដហុក លោក ឡាត់ គី ពន្យល់​ថា បើ​អាជ្ញាធរ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មក​ធ្វើ​ជា​ផល​ប្រយោជន៍​ឯកជន លុះត្រា​តែ​រាជ​រដ្ឋាភិបាល​ធ្វើ​អនុប្រយោគ មាន​ន័យ​ថា ធ្វើ​ការ​ផ្លាស់ប្ដូរ​ប្រភេទ​ដី​សាធារណៈ​របស់​រដ្ឋ ឲ្យ​ក្លាយ​មក​ជា​ដី​ឯកជន​របស់​រដ្ឋ ទើប​មាន​សិទ្ធិ​ចាត់​ចែង​តាម​តម្រូវ​ការ​ចាំបាច់។ លោក​ជឿជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​ធ្វើ​អនុប្រយោគ​លើ​ដី​សាធារណៈ​របស់​រដ្ឋ គឺ​ជា​ចំណុច​រសើប​មួយ ដែល​មហាជន​ទូទៅ​អាច​ឆ្ងល់​ពី​ភាព​មិន​ស្អាតស្អំ ឬ​អាច​កើត​មាន​អំពើ​ពុក​រលួយ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ការ​រឹប​អូស ឬ​មួយ​ការ​បំប្លែង​ដី​ទាំងអស់​នោះ ឲ្យ​ទៅជា​ប្រភេទ​ឯកជន​របស់​រដ្ឋ​ឬមួយ​រដ្ឋ​លក់ដូរ​យ៉ាងម៉េច ត្រូវ​ធ្វើជា​សាធារណៈ ផ្សព្វផ្សាយ​ជា​សាធារណៈ​និង​មានការ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីតាំង​នោះ​។ ភាគ​ច្រើន គឺ​ជា​ចំណុច​អវិជ្ជមាន ឬ​មួយ​ចំណុច​គួរ​ឲ្យ​មាន​ការ​សង្ស័យ​បញ្ហា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ជាដើម»

ដីកា​ស្ដីពី​ការ​រុះរើ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន ៤​កន្លែង ក្នុង​ក្រុង​ស្ទឹងត្រែង ចុះ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ថា ការ​រុះរើ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ចំនួន ៤​កន្លែង ដើម្បី​រក្សា​ទុក​ទីតាំង​នេះ​អភិវឌ្ឍ​ទីក្រុង ហើយ​ម្ចាស់​ស្ថានីយ​ទាំង​៤ នោះ ត្រូវ​អនុវត្ត​ដីកា​នេះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។