លោក អ៊ុំ វណ្ណា ប្រើ​អំណាច​និង​តួនាទី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​គ្មាន​ញញើត​អ្វី​ទាំងអស់​

​លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ទទួលបន្ទុក​៥​រាជធានី​-​ខេត្ត កំពុងតែ​ល្បីល្បាញ​ខាង​ប្រើប្រាស់​អំណាច​និង​តួនាទី​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ បញ្ហា​នេះ​លោក ជា សុ​មេធី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក អ៊ុំ វណ្ណា មិន​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ ក្នុងនោះ​ការរៀបចំ​បណ្ដាញ​ប្រមូល​លុយ​របស់លោក អ៊ុំ វណ្ណា កំពុងតែ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​គួរ​ឲ្យ​សោកស្ដាយ​។​

ក្នុងនាម​ជា​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ហើយ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​សេដ្ឋកិច្ច​ប្រចាំរាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ គឺ​លោក អ៊ុំ វណ្ណា កំពុង​កាក់កប​ខាង​ប្រមូល​លុយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភពពី​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា​នៅក្នុង​ខេត្តក្រចេះ កំពង់ធំ និង​ត្បូងឃ្មុំ លោក អ៊ុំ វណ្ណា បានដាក​ពង្រាយ​កូនចៅ​ឲ្យ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកឈើ​ប្រណីត និង​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​នៅក្នុង​ខេត្ត​ទាំង​៣​ខាងលើ​មិនដែល​ឃើញ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ចាត់វិធានការ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ដែល​រាលដាល​កាន់តែខ្លាំង​ឡើងៗ​នោះទេ​។

នៅក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តកណ្ដាល លោក អ៊ុំ វណ្ណា មិន​ត្រឹមតែ​ចាត់តាំង​កម្លាំង​ឲ្យ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​និង​ទំនិញគេចពន្ធ​ប៉ុណ្ណោះ​ទេ គឺមាន​ការពង្រាយ​កម្លាំង​តាម​កំពង់ផែ​និង​ផែស្ងួត​ជាច្រើន​កន្លែង​ថែមទៀត​។ អាច​និយាយបានថា ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​និង​ទំនិញគេចពន្ធ​តាម​រថយន្ត​ចូលមក​រាជធានី​ភ្នំពេញ ចៀស​មិន​ផុតពី​បង់លុយ​ឲ្យ​លោក អ៊ុំ វណ្ណា តាម​ការកំណត់​នោះទេ ហើយ​ឈ្មួញ​ដែល​នាំចូល​ទំនិញគេចពន្ធ​តាម​កំពង់ផែ​និង​ស្តុក​ទំនិញគេចពន្ធ​តាម​ផែស្ងួត​សុទ្ធតែជា​ប្រភព​ចំណូល​របស់លោក អ៊ុំ វណ្ណា និង​បក្ខពួក​។ ដូច្នេះ​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរ​ចាត់វិធានការ​លើ​លោក អ៊ុំ វណ្ណា ព្រោះ​មន្ត្រី​រូបនេះ​កំពុង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​តាមរបៀប​ពុករលួយ នាំ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​យ៉ាង​ក្រអឺតក្រទម​៕

neth savoeunលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ