លោក អេង ឆៃអ៊ាង និង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ចុះ​ពង្រឹង​សកម្មជន​នៅ​ខេត្ត​ព្រះសីហនុ​

នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ លោក យ៉ែម បុញ្ញឫទ្ធិ និង លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ជួបប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ នៃ​ខេត្ត​ព្រះសីហនុ​។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌលកណ្តាល និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​នៅថ្ងៃនេះ​ថា ការចុះ​ជួប​សកម្មជន​នៅ​ខេត្ត​ព្រះសីហនុ គឺ​ដើម្បី​ជំរាបជូន​អំពី​ស្ថានការណ៍​នយោបាយ​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា និង​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​អនុវត្តន៍​ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង ។​

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់ថា សមាជិក​បក្ស​ថ្នាក់ឃុំ ស្រុក ខេត្ត ត្រូវខិតខំ​យកចិត្តទុកដាក់​រៀបចំ​យុទ្ធសាស្ត្រ ក្នុង​រយៈពេល​ខ្លី មធ្យម និង​រយៈពេល​វែង ដើម្បី​យកឈ្នះ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០១៨​ខាងមុខ​។ លោក អេង ឆៃអ៊ាង បាន​សង្កត់ធ្ងន់ថា ដើម្បី​យក​អំណាច​ជាការ​ថ្នូរ​បាន​មានតែ​ការបោះឆ្នោត ដូច្នេះ​មាន​ស្ថានការណ៍​នយោបាយ​ថ្មីៗ​ដែល​កើតមានឡើង​ក្នុងប្រទេស​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវតែមាន​ការយល់ដឹង​ឲ្យ​ច្បាស់​ទាំងអស់គ្នា​។ បើ​យើង​កំណត់​គោលដៅ ទិសដៅ​មិនបាន​ច្បាស់លាស់​ទេ គឺ​មិនអាច​យកជ័យ​ជំនះបាន​ទេ​។ ខេត្ត​ព្រះសីហនុ​នេះ កើនឡើង​អាសនៈ កាលពីមុន​១​អាសនៈ​ទេ ក្រោយពី​ខិតខំ​ប្រឹងប្រែង គណបក្ស​សង្គ្រោះ​ជាតិ​កើន​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់​ក្នុងឱកាស​ខាងលើ​នេះដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ឆ្ពោះទៅមុខ​សំដៅទៅ​គោលដៅ ដោយ​ឥត​ងាករេ គឺ ដំណើរ​ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​ពន្យល់ថា ទស្សនវិស័យ ចក្ខុវិស័យ និង​ប្រព័ន្ធគ្រប់គ្រង មាន​ភាពច្បាស់លាស់ និង​កាន់តែ​រឹងមាំ​គ្រប់ទិសទី ទាំង​ខាងលិច ទាំង​ខាងកើត សង្គ្រោះ​ជាតិ​មាន​គ្រប់​ច្រកល្ហក នេះ​គឺ​ដោយសារ​សកម្មជន​មូលដ្ឋាន ភូមិ ឃុំ ស្រុក ខេត្ត របស់​សង្គ្រោះ​ជាតិ មាន​ជំនឿ ជឿជាក់​លើ​ខ្លួនឯង លើ​ក្រុម​ដឹកនាំ លើ​គោលនយោបាយ ដែល​ផ្តល់​គុណ​តម្លៃ​នៃ​ការអភិវឌ្ឍ​ដើម្បី​មនុស្ស ដើម្បី​ប្រជាជាតិ និង​ដើម្បី​សង្គម​មាតុភូមិ​កម្ពុជា​។ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ខេត្ត​ព្រះសីហនុ​កាន់តែ​រឹងមាំ ព្រោះ​មានការ​ចូលរួម​កាន់តែ​ច្រើនឡើងៗ ក៏ដូចជា​ខេត្ត​ដែលមាន​១​អាសន​:​សភា​ទូទាំងប្រទេស​ផងដែរ ហើយ​ខ្លាំងក្លា​ឈានទៅរក​ជ័យជំនះ ដូច​ខេត្ត​មួយចំនួន​កាលពី​ឆ្នាំ​២០១៣៕

12347831_999846716746743_2521683225551716690_n