ជន​ស៊ី​វិល​យ៉ាងតិច​26​នាក់​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​នៅ​ស៊ី​រី

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រាយការណ៍​ថា ជន​ស៊ី​វិល​យ៉ាងតិច​២៦​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​៧ ធ្នូ នៅ​ភាគ​ឦសាន​ស៊ី​រី​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស​ប្រហែលជា​របស់​ក្រុមចម្រុះ​អន្តរជាតិ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក ។

OSDH ដែល​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​បញ្ជាក់​ថា កុមារ​៧​នាក់ និង​នារី​៤​នាក់​ស្ថិត​ក្នុង​ចំណោម​ជន​រង​គ្រោះ​នៃ​ការ​វាយប្រហារ​ទាំងនេះ ដែល​សំដៅ​តំបន់​នានា​ស្ថិត​នៅ​ក្បែរ​ភូមិ AL HOL ដែល​ដណ្តើម​យក​បាន​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កាលពី​ខែ​មុន ដោយ​កងកម្លាំង​ពួក​ឧទ្ទាម​អា​រ៉ាប់ និង​ឃើ​ត ។ នាយក OSDH លោក​រ៉ា​មី អាប់​ដែល រ៉ា​ហ៍​ម៉ា​ន ថ្លែង​ថា ការ​វាយប្រហារ​តាម​អាកាស​ទាំងនេះ​សំដៅលើ​ភូមិ AL KHAN កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម តែ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម​មាននៅ​តែ​ជាយ​យ​ភូមិ​នោះ​ប៉ុណ្ណោះ អាស្រ័យ​ហេតុនេះ​ជន​រង​គ្រោះ​សុទ្ធតែ​ជា​ជន​ស៊ី​វិល ។ តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ព្រោះ​មនុស្ស​យ៉ាងតិច​១៧​នាក់​កំពុង​បាត់​ខ្លួន​ក្រោម​គំនរ​បាក់បែក ៕