ប្រតិកម្ម​ចំពោះ​ការ​ប្រកាស​របស់​លោក DONALD TRUMP ដែល​ចង់​ហាមឃាត់​ពួក​អ៊ិ​ស្លា​ម​ចូល​សហរដ្ឋអាមេរិក

បន្ទាប់​ពី​ការ​អំពាវនាវ​ជា​មហោឡារិក​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​របស់​ប្រធានាធិបតី​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ឱ្យ​ចៀសវាង​រាល់​ការ​ចង​អា​ឃា​ដ​ចំពោះ​ពួក​អ៊ិ​ស្លា​ម ក្រោយ​ការ​បាញ់ប្រហារ​នៅ​ទីក្រុង SAN BERNARDINO កាលពី​ថ្ងៃ​ទី​២ ធ្នូ ពី​សំណាក់​ប្តី​ប្រពន្ធ​រ៉ា​ឌី​កាល់​មួយគូ មហាសេដ្ឋី​ខាង​អចលនទ្រព្យ លោក DONALD TRUMP ក្នុង​សេចក្តី​ប្រកាស​មួយ​បាន​ស្នើ​កាលពី​ថ្ងៃ​ទី​៧ ធ្នូ ឱ្យ​បញ្ឈប់​ទាំងស្រុង​ការ​ចូល​របស់​ពួក​អ៊ិ​ស្លា​ម​ក្នុង​សហរដ្ឋ​អា​មេ​រិ​ករ​ហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ។

លោក TRUMP ជា​បេក្ខជន​ប្រធានាធិបតី​សម្រាំង​នៃ​គណបក្ស​សាធារណរដ្ឋ​កំពុង​មាន​ប្រជាប្រិយភាព​ជាងគេ បាន​ធ្វើ​សំណើ​នេះ​ដោយ​ផ្អែក​លើ​ការ​សិក្សា​នានា​លើ​មតិ​សាធារណៈ​ដែល​ការ​សិក្សា​ទាំងនេះ​លើក​ឡើង​ពី​ការ​ចងកំហឹង​របស់​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​មួយ​ចំនួន​ចំពោះ​សហរដ្ឋ​អា​មេ​រិ​ក ។

លោក DONALD TRUMP អះអាង​ថា ពួក​អ៊ិ​ស្លា​ម​ជា​ច្រើន​ចងកំហឹង​ចំពោះ​ពលរដ្ឋ​អា​​មេ​រិ​ក ។ តើ​កំហឹង​ទាំងនេះ​មកពីណា រួច​ហេតុ​អី​យើង​មិន​កំណត់​ពី​កំហឹង​នេះ ។ រហូត​ទល់​តែ​យើង​អាច​កំណត់ និង​យល់​ពី​រឿង​នេះ និង​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់ ប្រទេស​យើង​ពុំ​អាច​រង​គ្រោះ​ដោយ​ការ​វាយប្រហារ​ដ៏​ទារុណ​ពី​សំណាក់​ពួក​មនុស្ស​ដែល​ជឿ​តែ​លើ​ជី​ហា​ដ ហើយ​ពុំ​គោរព​ដល់​ជីវិត​មនុស្ស​ឡើយ ។

បេក្ខជន​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​ពុំ​មែនមាន​គំនិត​បែប​នេះ​លើក​ដំបូង​ឡើយ ។ បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១៣ វិច្ឆិកា នៅ​បារាំង លោក​បាន​បង្កើត​រួច​ហើយ​នូវ​សង្គ្រាមប៉ាកា ដោយ​លើក​ឡើង​ពី​ការ​បិទ​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ទាំងឡាយ និង​ពី​ការ​បណ្តេញ​ពួក​អ៊ិ​ស្លា​ម ។ កាល​ប្រារព្ធ​ខួប​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា លោក TRUMP ក៏​ធ្លាប់​ពោល​ប្រឆាំង​ពួក​អ៊ិ​ស្លា​ម​ដែរ​នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី ។ រួច​កាលពី​ខែកញ្ញា លោក​ក៏​មិន​កែ​ដែរ​នូវ​សម្តី​របស់​អ្នកគាំទ្រ​លោក​ម្នាក់​នៅ​រដ្ឋ​ញូ​វ​ហាម​ភៀ ដែល​ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​ឃោសនា​មួយ អ្នកគាំទ្រ​រូប​នេះ​គូសបញ្ជាក់​ថា សហរដ្ឋ​អា​េ​ម​រិ​ក​មាន​បញ្ហា​មួយ​ជាមួយ​ពួក​អ៊ិ​ស្លា​ម និង​ថា លោក​អូ​បា​ម៉ា ដែល​កាន់សាសនា​ប្រូ​តេស្ត​ង់ ក៏​កាន់​សាសនា​អ៊ិ​ស្លា​ម​ដែរ ។ អ្នកគាំទ្រ​លោក TRUMP រូប​នេះ​ក៏​លើក​ឡើង​ពី​ការ​កើនឡើង​នៃ​ជំរំ​ហ្វឹកហ្វឺន​ផង​ដែរ ។

សំណើ​របស់​លោក TRUMP នេះ​ញ៉ាំង​ឱ្យ​មានការ​ថ្កោលទោស​ទាំង​ពួក​អ្នក​ប្រជាធិបតេយ្យ ទាំង​ពួក​អ្នក​សាធារណរដ្ឋ ។ ទីប្រឹក្សា​រង​ខាង​សន្តិសុខ​ជាតិ​របស់​លោក​អូ​បា​ម៉ា លោក BEN RHODES បរិហារ​ថា សំណើ​នេះ​នឹង​ធ្វើ​ឱ្យ​យើង​ជួប​ការ​លំបាក កាន់តែ​ខ្លាំង​ថែម​ទៀត ព្រោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​កំពុង​តែ​និយាយ​ថា ជម្លោះ​រវាង​យើង និង​ក្រុម​នេះ​ជា​ការ​តស៊ូ​មួយ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​អ៊ិ​ស្លា​ម​រួច​វា​ពុំ​មែន​ជា​ការ​ជួយ​សម្រួល​ភារកិច្ច​ឡើយ ។

លោក BEN RHODES បន្ត​ថា ការ​គោរព​សេរីភាព​នៃ​សាសនា​មាន​ចែង​ក្នុង​សេចក្តីថ្លែងការណ៍​ស្តី​ពី​សិទ្ធិ (BILL OF RIGHT) ។ លោក​ថា មុន​នេះ​លោក​អូ​បា​ម៉ា បាន​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​អា​មេ​រិ​កដោយ​ពន្យល់​ថា ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ពុំ​មែន​ធ្វើ​សកម្មភាព​ក្នុង​នាម​របស់​អ្នក​កាន់សាសនា​អ៊ិ​ស្លា​ម​ទាំងអស់​ឡើយ ។

ក្រុម​ឃោសនា​របស់​លោក TRUMP បញ្ជាក់​ប្រាប់ AP ថា សំណើ​របស់​លោក​ទាក់ទិន​ទាំង​ពួក​អន្តោប្រវេសន៍ ទាំង​ពួក​អ្នកទេសចរ​ដែល​ចង់​មក​កាន់​សហរដ្ឋ​អា​មេ​រិ​ក ។ ផ្ទុយ​ទៅ​វិញ លោក TRUMP ពុំ​បាន​គូសបញ្ជាក់​ថា​តើ​លោក​នឹង​រាំង​ខ្ទប់​ការ​វិល​ត្រឡប់​វិញ​របស់​ពលរដ្ឋ​អា​មេ​រិ​ក​កាន់សាសនា​អ៊ិ​ស្លា​ម​ឬ តើ​លោក​ប្រុង​ត្រួតពិនិត្យ​សាសនា​របស់​មនុស្ស​ម្នាក់​ៗ​ឬ​យ៉ាងណា​ឡើយ ។

មាន​ប្រតិកម្ម​តប​សំណើ​នេះ​របស់​លោក TRUMP បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ម្នាក់ លោក​ជេ​ប ប៊ូ​ស ថ្លែង​ថា លោក DONALD TRUMP ជា​មនុស្ស​ឡប់ ។ សំណើ​នយោបាយ​ទាំងនេះ​ពុំ​ត្រឹមត្រូវ​ឡើយ គួរ​ឱ្យ​ថ្កោលទោស ហើយ​បង្ក​ឱ្យ​យើង​បែកបាក់​គ្នា ។

លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន បេ​ក្ខ​នារី​ប្រធានាធិបតី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ថ្លែង​ថា នេះ​ជា​សំណើ​គួរ​ឱ្យ​ស្តីបន្ទោស ប៉ះពាល់ ហើយ​បែប​នេះ​ធ្វើ​ឱ្យ​យើង​បែកបាក់​គ្នា ។ លោកស្រី​បន្ត​ថា លោក TRUMP លោក​ឯង​មិនដឹងខ្យល់​អី​សោះ យើង​នឹង​ពុំ​សូវ​មាន​សន្តិសុខ​ឡើយ ។

លោក MARTIN O’MALLEY និយាយ​ថា លោក TRUMP ឃោសនា​ដូច​ជា​អ្នក​ធ្វើ​ប្រជា​ភិ​ថុ​ត​ហ្វា​ស៊ី​ស្ត ។

លោក LINDSEY GRAHAM និយាយ​ថា បេក្ខជន​មួយ​រូប​ៗ​ត្រូវធ្វើ​អ្វី​ដែល​ល្អ ហើយ​ថ្កោលទោស​សេចក្តីថ្លែងការណ៍​របស់​លោក TRUMP ។ សេចក្តីថ្លែងការណ៍​នេះ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​របស់​បណ្តា​អ្នកបកប្រែ​ពួក​អ្នកការទូត និង​កងទ័ព​អា​េ​ម​រិ​ក ជាមួយ​បទ​អត្ថាធិប្បាយ​របស់​គេ ៕