ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ថ្មី និង​អបអរ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ជាមួយ​អាជីវករ​

ភ្នំពេញ: ​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា​បានដាក់​បង្ហាញ​ជា​ផ្លូវការ នូវ​ប្រេងរំអិល​ទោចក្រយានយន្ត​កំណែ​ថ្មី ដែល​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ព្រមទាំង​ណែនាំ​ពី​ផលិតផល​ថ្មី​មួយចំនួន នៅក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ ដោយមាន​ការចូលរួម​ពី​អាជីវករ និង​បុគ្គលិក របស់​ក្រុមហ៊ុន​តូ​តា​ល់ យ៉ាងច្រើន​កុះករ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា ភ្នំពេញ កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥​។

​នៅក្នុង​មហាសន្និបាត Total Hi-Perf ដែលមាន​អាជីវករ​ច្រើនជាង ៣០០ នាក់​ចូលរួម​នេះ ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា បាន​ណែនាំ​ពី​កំណែ​ថ្មី នៃ​ផលិតផល​ពីរ​គឺ HI-PERF 4T Special និង 4T Sooter​។ ប្រេងរំអិល 4T Special សម្បក​ប៊ីដុង​ថ្មី​ដែល​ដាក់​បង្ហាញ​នេះ កាន់​តែមាន​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​មាន​ភាពល្អប្រសើរ​ចំពោះ​បរិស្ថាន​។ ជាមួយគ្នានេះដែរ ប្រេងរំអិល 4T Scooter ថ្មី ក៏ត្រូវ​បានដាក់​បង្ហាញ​ដើម្បី​បម្រើ​ដល់​អ្នកប្រើប្រាស់​ទោចក្រយានយន្ត​កាន់តែ​ល្អប្រសើរ​ជាង​មុន​ផងដែរ​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា លោក Yves Jassaud បានទទួល​ស្គាល់​ពី​តម្លៃ​នៃ​អាជីវករ របស់ខ្លួន​ថា​៖ «​អាជីវករ​របស់​យើង​មិនមែន​គ្រាន់តែ​ជា​អ្នកលក់​ផលិតផល​ប៉ុណ្ណោះ​ទេ​។ ពួកគេ​គឺជា​ដៃគូ​របស់​យើង ក្នុងការ​ធានាថា អតិថិជន​របស់​យើង អាច​ទទួលបាន​ផលិតផល​ដែល​អាច​ជឿ​ទុកចិត្តបាន និង​មាន​ភាពងាយស្រួល​។ ដូច្នេះ​យើង យកចិត្តទុកដាក់ យ៉ាងខ្លាំង​ក្នុងការ​កសាង​ទំនាក់ទំនង​រឹងមាំ​ជាមួយ​ពួកគេ ហើយ​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាសល្អ​ឥតខ្ចោះ សម្រាប់​ពួកយើង ដើម្បី​បង្ហាញថា​យើង​បានផ្តល់​តម្លៃ​ចំពោះ​ពួកគេ​»​។​

​ព្រឹត្តិការណ៍​នេះ ក៏មាន​ចាក់​បញ្ចាំង​ស្ប៉ត​ទូរទស្សន៍ Total HI-PERF ថ្មី​ជូន​ភ្ញៀវ​បាន​ទស្សនា​ផងដែរ ដែល​ស្ប៉ត​ពាណិជ្ជ​កម្មនេះ នឹងត្រូវ​ចាក់ផ្សាយ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៥​។ លោក សុទ្ធ វណ្ណៈ ដែលជា​ភ្ញៀវ​ម្នាក់ និង​ជា​អាជីវករ​ដ៏​ស្មោះត្រង់​នៃ​ផលិតផល Total HI-PERF បាន​ថ្លែងថា​៖ «​ខ្ញុំបាទ មាន​សេចក្តីរំភើប​ជាខ្លាំង​ដែល​ឃើញ​ក្រុមហ៊ុន​តូ​តា​ល់ បន្ត​ការច្នៃប្រឌិត​ផលិតផល​របស់ខ្លួន និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​របស់​ពួកគេ ដែល​មិនមែន​ត្រឹមតែ​សម្រាប់​យើងខ្ញុំ​ដែលជា​អាជីវករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អតិថិជន​របស់​យើង​ជាពិសេស​ផងដែរ​។ ខ្ញុំ​មានជំនឿថា ផលិតផល​ថ្មី​ទាំងពីរ​នេះ នឹង​ទទួលបាន​ការឆ្លើយតប​ជា​វិជ្ជមាន​ពី​ទីផ្សារ​មិនខានឡើយ​»​។​

​មហាសន្និបាត Total Hi-Perf គឺជា​ព្រឹត្តិការណ៍​មួយ ដែលមាន​គោលបំណង​ដើម្បី​ប្រមូលផ្តុំ អាជីវករ​របស់​ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ទូទាំងប្រទេស មកជួប​ជុំគ្នា និង​ផ្ដល់នូវ​ឱកាស​សំខាន់​មួយ ដើម្បី​ភ្ជាប់​បណ្តាញ​ទាក់ទង ពិភាក្សា​ពី​វិធី​កែលម្អ​សេវា​អតិថិជន និង​ការច្នៃប្រឌិត​ផលិតផល​៕​

ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ថ្មី និង​អបអរ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ជាមួយ​អាជីវករ​

ក្រុមហ៊ុន​តូ​តា​ល់​កម្ពុជា ដាក់​បង្ហាញ​ផលិតផល​ថ្មី និង​អបអរ​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​ជាមួយ​អាជីវករ​