ជនរងគ្រោះ ៖ ខ្មែរក្រហម​បាន​ចាប់ខ្លួន​បញ្ជូន​ជនជាតិ​វៀតណាម ដើម្បី​ដោះដូរ​អង្គរ និង​អំបិល ជាមួយ​ប្រទេស​វៀតណាម​

ភ្នំពេញ: ​ជនរងគ្រោះ​ជា​ជនជាតិ​វៀតណាម​បាន​ថ្លែងថា ខ្មែរក្រហម​បាន​ចាប់ខ្លួន​បញ្ជូន​ជនជាតិ​វៀតណាម​ទៅកាន់ ព្រំដែន​កម្ពុជា​-​វៀតណាម ដើម្បី​ដោះដូរ​អង្គរ និង​អំបិល​ជាមួយ​ប្រទេស​វៀតណាម​។

​លោក ជឿ​ង យ៉ាំង​ចែត បាន​​ថ្លែងប្រាប់​ង​ង្គ​ជំនុំជម្រះ​សាលាដំបូង​ដូច្នេះ នៅ​អំឡុង​នៃ​ដំណើរការ​សវនាការ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០១៥ ទាក់ទង​​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​វៀតណាម​ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន​។

​លោក ជឿ​ង យ៉ាំង​ចែត​បាន​ថ្លែងថា​លោក​គឺជា​ជនរងគ្រោះ​វៀតណាម​ម្នាក់​ក្នុងចំណោម​ច្រើន​នាក់​​ដែល​ស្ថិតនៅក្នុង​សា​ឡង់​ដែល​ខ្មែរក្រហម​ចាប់បញ្ជូន​ជនជាតិ​វៀតណាម​ទៅ​ប្រទេស​វៀតណាម​វិញ​។

​លោក​បន្តថា នៅពេល​ទៅដល់​ប្រទេស​វៀតណាម អាជ្ញាធរ​បាន​ចែក​អង្ករ​ឱ្យ​ហូប និង​បាន​បន្ត​ស្នាក់នៅ​ក្នុងប្រទេស​វៀតណាម​​រហូតដល់​ឆ្នាំ ១៩៨២ ទើប​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។

​លោក ជឿ​ង យ៉ាំង​ចែត ជាដើម​បណ្តឹងរដ្ឋប្បវេណី​មួយរូប​ទៀត​ដែល​ត្រូវបាន​កោះហៅ​ដោយ​អង្គជំនុំជម្រះ​​សាលាដំបូង​ដើម្បី​ស្តាប់​ការផ្តល់​សក្ខីកម្ម បន្ទាប់ពី​អង្គជំនុំជម្រះ​បានបញ្ចប់​ការសួរដេញដោល​សាក្សី សៅ សាក់​។

​លោក ជឿ​ង យ៉ាំង​ចែត បាន​ថ្លែងថា​លោក​ត្រូវបាន​ខ្មែរក្រហម​ចាប់​យកទៅ​សម្លាប់​ជាមួយ​ក្រុមគ្រួសារ​គាត់ ដោយ បាន​វាយ​លោក​ចំនួន​បី​ខ្នងពូថៅ ប៉ុន្តែ​លោក​មិន​ស្លាប់​ដោយ​ត្រឹមតែ​សន្លប់​ធ្លាក់ចូល​ក្នុង​រណ្តៅ​សាកសព​រួម​។ លោក បាន​រៀបរាប់​ប្រាប់​តុលាការ​ថា​លោក​មាន​ឪពុកម្តាយ​ជា​ជនជាតិ​វៀតណាម មានកំណើត​នៅ​ស្រុក​កំពង់លែង ខេត្ត​​កំពង់ឆ្នាំង​។ ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​ថ្លែងថា​នៅ​កន្លែង​ដែល​គាត់​រស់​នៅមាន​ប្រជាជន​វៀតណាម​ប្រមាណ ៣០ គ្រួសារ​ដែល​រស់នៅ​លាយឡំ​ជាមួយ​ក្រុមគ្រួសារ​ខ្មែរ​។​
 
​ជនរងគ្រោះ​រូបនេះ​បាន​ថ្លែងថា ក្រោយពី​ការឡើង​កាន់អំណាច​រប​ស់​ខ្មែរក្រហម ក្រុមគ្រួសារ​លោក​រួមទាំង​​ក្រុមគ្រួសារ​ចាម និង​ខ្មែរ​ផ្សេងទៀត​ត្រូវបាន​ជម្លៀស​មក​ទី​រួម​ខេត្តកំពង់ឆ្នាំង ដោយមាន​អ្នក​និយាយថា ប្រសិនបើ​​មិន​ប្តូរ​ទីតាំង​រស់នៅ​ទេ ពួកគេ​នឹង​ប្រឈមមុខ​នឹង​ការ​សម្លាប់ចោល​ទាំងអស់​។ លោក​បានរស់នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់​
​ឆ្នាំង ១​ខែ ក្រោយមក​ក៏ត្រូវ​បាន​ខ្មែរក្រហម​ជម្លៀស​បន្តទៅ​កាន់​ភូមិ​ដា​។ គេ​ស្រែកថា «​ជយោ​! សម្តេចឪ នរណា​មិន​​ទៅ​កាប់​ចោល​! អ្នក​នៅលើ​គោក​ទៅតាម​គោក ហើយ​អ្នក​នៅលើ​ទឹក​ទៅតាម​ទឹក​»​។ លោក​បាន​ថ្លែងថា អ្នក​ដែល​ត្រូវ​​ជម្លៀសចេញ​នោះ​មាន​ប្រមាណ ១០០០ គ្រួសារ ហើយ​ផ្ទះ​ដែល​ធ្លាប់​មនុស្ស​រស់នៅ​ត្រូវបាន​ក្រុមខ្មែរក្រហម​ដុត​​កម្ទេចចោល​។​

​លោក ជឿ យ៉ាំង​ចែត បាន​បន្តថា ក្រុមខ្មែរក្រហម​ចំនួណ ៨ នាក់​ដែលមាន​កាំភ្លើង​និង​ពូថៅ និង​គល់​ឫស្សី​​ពីងពង់​មួយ បានមក​ផ្ទះ​គាត់ និង​បាន​ហៅ​ឈ្មោះ​ឪពុក របស់លោក​មុនគេ និង​បាន​ចង​នឹង​ខ្សែ​គោ និង​បាន​បណ្តើរ​
​ចេញទៅ​។ ពួកគេ​ពាក់​ខោអាវ​ខ្មៅ និង​យក​ក្រមា​បង់ក​។

​លោក​បាន​ថ្លែងប្រាប់​តុលាការ​ថា បន្ទាប់មក​ក្រុមខ្មែរក្រហម​បាន​យកទៅ​វាយចោល​នៅក្នុង​រណ្តៅ​មួយ​។ លោក​បាន​ថ្លែងថា​ខ្មែរក្រហម​បាន​វាយ​គាត់ ចំនួន​បី​ខ្នងពូថៅ​
​នៅលើ​កញ្ចឹងក​របស់គាត់​។ លោក​ត្រូវបាន​គេ​បង្ខំ​ឱ្យ​លុតជង្គង់​នៅមុខ​រណ្តៅ និង​បាន​ទាញ​ជើង​គាត់​ថយក្រោយ បន្ទាប់មក​យក​ពូថៅ​វាយ​ទម្លាក់​ចូលក្នុង​រណ្តៅ លោក​បាន​សន្លប់​។ លោក​ថ្លែងថា លោក​បានដឹងខ្លួន​ប្រមាណ​ជា​​ម៉ោង ៤ រសៀល ហើយ​ក្បាល​គាត់​បាន​ហើម និង​ខិតខំ​ប្រឹង​ដើរទៅរ​កភូមិ​អ្នកស្រុក​ដែលមាន​ជនជាតិ​វៀតណាម​
​ដើម្បី​លាក់ខ្លួន​។​
 
​សាក្សី​ម្នាក់ទៀត​គឺ​លោក ព្រុំ សារុន មាន​អាយុ ៧៤ ឆ្នាំ រស់នៅក្នុង​ខេត្តបាត់ដំបង​បាន​ថ្លែង​លោក​បាន​បម្រើ ការងារ​ក្នុង​ក្រុម​កង​តូ​ចនៃ​វរៈ​លេខ ២ របស់​ខ្មែរក្រហម​។ សាក្សី​ក៏បាន​រៀបរាប់​ប្រាប់​អង្គជំនុំជម្រះ​ថា​បានឃើញ​ពី​ការ​​ចាប់ខ្លួន​ទៅលើ​ជនជាតិ​វៀតណាម​នៅក្នុង​ភូមិ​របស់លោក​ដោយ​កម្មាភិបាល​ខ្មែរក្រហម​ក្មេងៗ​ដែលមាន​ស្ពាយ​កាំភ្លើង​អូស​ដី​។ លោក​បាន​ថ្លែងថា​ជនជាតិ​វៀតណាម​ដែល​ត្រូវបាន​ចាប់ខ្លួន​ត្រូវបាន​យកទៅ​សម្លាប់ ចោល​។ លោក​ថា​​នៅក្នុង​តំបន់​របស់លោក​មាន​ជនជាតិ​វៀតណាម​រស់នៅ និង​និយាយ​ភាសា​ខ្មែរ​មិន​ច្បាស់​។ លោក បាន​ថ្លែងថា​លោក​
​បានឃើញ​សាកសព​មនុស្ស​ស្អុយរលួយ​។ សាក្សី​បាន​ថ្លែងថា​នៅពេលដែល​ឃើញ​ដូច្នេះ លោក មិន​ហ៊ាន​សួរនាំ​ពី​​បញ្ហា​នេះ​ទេ ហើយ​សូម្បីតែ​មេ​របស់លោក​ក៏​មិនបាន​ប្រាប់​លោក​ដែរ​៕​