​ Man Utd ឬ Wolfsburg ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​យប់​នេះ​

​កីឡា​៖​ក្រុម​បិសាច​ក្រហម Manchester United នឹងត្រូវ​ធ្វើដំណើរ​ទៅ​ប្រទេស​អាល្លឺម៉ង់ ដើម្បី​ប៉ះ​ក្រុម Wolfsburg ក្នុងការ​ប្រកួត UEFA Champions League វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B ដ៏​សំខាន់បំផុត​។​

Man Utd ស្ថិតនៅ​លេខ​២ ក្នុង​តារាង​ពូ​ល B ចាញ់ Wolfsburg ១​ពិន្ទុ និង​លើ​ក្រុម​លេខ​៣ PSV Eindhoven ១​ពិន្ទុ ប៉ុន្តែ​បើ​គិត Head to head បិសាច​ក្រហម​ចាញ់ PSV ព្រោះ​នៅ​ហូ​ឡង់ ពួកគេ​ចាញ់ ២-១ និង​ស្មើគ្នា ០-០ នៅ​អង់គ្លេស​។ បើ PSV ឈ្នះ ឬ​ស្មើ CSKA យប់​នេះ ដូច្នេះ Man Utd មានតែ​ផ្លូវ​ឈ្នះ​ប៉ុណ្ណោះ ដើម្បី​អាច​ទៅ​វគ្គ​១៦​ក្រុម​បាន​។​

​ម្ចាស់ផ្ទះ Wolfsburg ពុំ​សូវ​មាន​កីឡាករ​របួស​ច្រើន​ទេ ដោយ​របួស​តែ​៣​នាក់​ប៉ុណ្ណោះ ក្នុងនោះ​មានដូចជា Felipe (​របួស​ជើង​), Knoche (​កជើង​) និង Luiz Gustavo (​របួស​ខ្នង​)​។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​អាល្លឺម៉ង់ អាចជា​៖ Benaglio; Träsch, Naldo, Dante, R Rodríguez; Arnold, Guilavogui; Vierinha, Draxler, Caligiuri; Dost​។​

​ចំណែកឯ​ក្រុម​ភ្ញៀវ Man Utd វិញ មាន​កីឡាករ​របួស​ជាច្រើន​មែនទែន​រហូតដល់​៨​នាក់ ដោយ​ក្នុងនោះ​មាន Wayne Rooney (​របួស​កជើង​), Schneiderlin (​ត្រគាក​), Jones (​កជើង​), Herrera (​សរសៃពួរ​), Valencia (​ជើង​), Rojo (​ស្មា​), Shaw (​បាក់ជើង​) និង McNair របួស​កជើង​តិចតួច តែ​ប្រហែល​អាច​លេង​បាន​។ ដូច្នេះ​១១​នាក់​ដំបូង របស់​បិសាច​ក្រហម អាចជា​៖ De Gea; McNair, Smalling, Blind; Young, Carrick, Schweinsteiger, Mata, Darmian; Depay, Martial​។​

​ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះគ្នា​៣​ដង​នៅ UEFA Champions League ដោយ Man Utd ឈ្នះ​ទាំង​៣​ដង ហើយ​លើកចុងក្រោយ​នៅ​ឆ្នាំនេះ កាល​ប្រកួត​ជើង​ទី​១ បិសាច​ក្រហម​បាន​យកឈ្នះ ២-១ នៅ Old Trafford​។​

 Wolfsburg ឈ្នះ​ទាំង​២​ប្រកួត ក្នុង​ទឹកដី​ខ្លួនឯង UEFA Champions League រដូវ​កាល​នេះ និង​បិទ Clean Sheets ទាំង​២​ប្រកួត​។ រីឯ Man Utd ចាញ់​តែ​១​ដង​ប៉ុណ្ណោះ ក្នុងការ​ធ្វើដំណើរ​ទៅ​ប្រកួត​៦​ដង​នៅ​ទឹកដី​អាល្លឺម៉ង់ ដោយ​ឈ្នះ​៣ ស្មើ​២៕

 

​ Man Utd ឬ Wolfsburg ឡើង​វគ្គ​១៦​ក្រុម​ចុងក្រោយ​យប់​នេះ​