គម្លាតរវាងអ្នកមាន និងអ្នកក្រកើនឡើង កាន់តែខ្ពស់ នៅឥណ្ឌូណេស៊ី

ហ្សាការតា៖ យោងតាម សេចក្ដីរាយការណ៍ ចេញផ្សាយដោយ ធនាគារពិភពលោក ប្រចាំនៅ ទីក្រុងចាកាតា នៅរសៀលថ្ងៃអង្គារនេះ បានឲ្យដឹងថា គម្លាតរវាងអ្នកមាន ទ្រព្យសម្បត្តិ អំណាច និងអ្នកក្រ កាន់តែដាច់ឆ្ងាយ ពីគ្នាខ្លាំងឡើងៗ នៅក្នុងសង្គមឥណ្ឌូណេស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Channel News Asia ចេញផ្សាយថ្ងៃអង្គារទី០៨ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា វិធានការ នៃការរកឃើញ នូវគម្លាតរវាងអ្នកមាន និងអ្នកក្រនេះ បានកើន ឡើងចាប់ពី៣០ចំណុច ក្នុងឆ្នាំ២០០០ រហូតដល់ ៤១ចំណុចក្នុងឆ្នាំ២០១៤ ដែលជា កំណត់ត្រាមួយខ្ពស់បំផុតសម្រាប់ប្រទេសឥណ្ឌណេស៊ី។

វិសមភាពនេះ បានកើតឡើងទោះបីជាប្រទេសឥណ្ឌូណេស៊ី មានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយនិរន្តរភាព និងមានអត្រានៃភាពក្រីក្របានថយចុះ គួរឲ្យកត់សម្គាល់ យ៉ាងណា ក៏ដោយ។ ក្នុងនោះមូលហេតុចំបងចំនួន៤ ត្រូវបានកំណត់ថា ជាវិសមភាពនៃឱកាសការងារ មិនស្មើគ្នា ដោយអ្នកមានទ្រព្យមានអាទិភាពខ្ពស់ រីឯអ្នកក្រីក្រ ត្រូវបានគេមើលរំលង។

នាយកធនាគារពិភពលោកប្រចាំនៅប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា ប្រទេសឥណ្ឌូណេស៊ី គឺនៅមានហានិភ័យ នៅឡើយ ចំពោះការចាកចេញទៅធ្វើការងារ នៅក្រៅប្រទេស របស់ជនក្រីក្រអាចនឹងជួបប្រទះហានិភ័យខ្ពស់។ រដ្ឋាភិបាលឥណ្ឌូណេស៊ី កំពុងតែដោះ ស្រាយបញ្ហានេះ យ៉ាងខ្លាំង តាមរយៈការបង្កើនវិស័យអប់រំ និង ឱកាស ការងារក្នុងស្រុក៕

គម្លាតរវាងអ្នកមាន និងអ្នកក្រកើនឡើង កាន់តែខ្ពស់ នៅឥណ្ឌូណេស៊ី