អ្នក​ម៉ៅការ​សត្តឃាត​ស្រុក​មេមត់​រង​ការ​ចោទ​ថា​រើស​អើង​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម

ប្រជាពលរដ្ឋ​ប្រកប​របរ​លក់​សាច់​ជ្រូក​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា អ្នកម៉ៅការ​សត្តឃាត​ផ្ដាច់មុខ​នៅ​ស្រុក​នេះ ផ្ដល់​សិទ្ធិ​ដល់​អាជីវករ​មាន​ការ​រើសអើង។ ការ​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​ក្រុម​អាជីវករ​ទាំង​នោះ​សម្រេច​ដាក់​លិខិត​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ឱ្យ​ដាក់​ដេញថ្លៃ​ភាស៊ី​ផ្ដាច់​មុខ​នៅ​ស្រុក​មេមត់ ជា​សាធារណៈ ជៀសវាង​ការ​ជ្រើសរើស​តែ​បក្ខពួក​របស់​ខ្លួន​នោះ។ ក្រោយ​ពេល​ដាក់​លិខិត​រួច ម្ចាស់​ភាស៊ី​សត្តឃាត​មិន​បាន​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ជូន​ពួកគាត់​បន្ត​ទៀត​ឡើយ។

​ក្រុម​អាជីវករ​លក់​សាច់​ជ្រូក​លើក​ឡើង​ថា ប្រសិនបើ​ម្ចាស់​ភាស៊ី​សត្តឃាត​នៅ​តែ​មិន​ព្រម​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​បន្ត​ជូន​ពួកគាត់​ទៀត ពលរដ្ឋ​ទាំង​នោះ​នឹង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​រដ្ឋ​សភា ឬ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តែម្ដង។

ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​អាជីវករ​ទាំង​នោះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​មន្ត្រី​អាជ្ញាធរ​ខេត្ត រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ឱ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​គ្មាន​លទ្ធផល។

អាជីវករ​លក់​សាច់​ជ្រូក​នៅ​ឃុំ​ទន្លូង ម្នាក់ លោក ឈុន វុត្ថា មាន​ប្រសាសន៍​ថា ជា​រឿង​មួយ​បង្ហាញ​ពី​ភាព​អយុត្តិធម៌ ខណៈ​អាជីវករ​ប្រមាណ ៨០​នាក់ គេ​ទទួល​បាន​ច្បាប់​ធ្វើ​អាជីវកម្ម​កាប់​ជ្រូក​បន្ត ប៉ុន្តែ​ពួកគាត់​ពីរ​នាក់ ត្រូវ​បាន​ខាង​ម្ចាស់​សត្តឃាត​ស្រុក​ជំទាស់​តែម្ដង​ក្រោម​ហេតុផល​ថា ជា​អ្នក​ចេញ​មុខ​សកម្ម​ប្ដឹង​ពួកគេ​កាល​ពី​ពេល​កន្លង​ទៅ។ លោក​ថា កាល​ដាក់ពាក្យ​ប្ដឹង​នោះ គឺ​មាន​អាជីវករ ៤​នាក់​ដោយ​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​គិតគូរ​ដោះស្រាយ​រឿង​តម្លៃ​ធ្វើ​អាជីវកម្ម​បន្ត និង​សុំ​ឱ្យ​ដាក់​ដេញថ្លៃ​ភាស៊ី​សត្តឃាត​ស្រុក​មេមត់ ជា​សាធារណៈ ជៀសវាង​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ និង​មិន​មាន​តម្លាភាព។

លោក​ថា សំណើ​របស់​អាជីវករ​ទាំង​នោះ​មិន​បាន​ដោះស្រាយ​ឡើយ​មក​ទល់​ពេល​នេះ ហើយ​ម្ចាស់​ភាស៊ី​សត្តឃាត គឺ​លោក ង៉ូវ ប៉ាក់ មាន​ចេតនា​ធ្វើបាប​ពួកគាត់​ពីរ​នាក់​តាម​រយៈ​មិន​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​ពួកគាត់​ទៀត​ផង បើ​ទោះ​បី​ពួក​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តាំង​ពី​មុន​ផុត​កំណត់​កាល​ពី​ខែ​វិច្ឆិកា ទៅ​ទៀត៖ «ក្នុង​ស្រុក​មេមត់ ទាំង​អស់ គេ​បាន​ចេញ​ច្បាប់​ឱ្យ​ហើយ ទី​សត្តឃាត​ហ្នឹង ហើយ​បើ​គេ​យក​ហេតុផល​ថា ដោយសារ​ខ្ញុំ​ប្ដឹង​គេ ចុះ​អ្នក​ប្ដឹង​បួន​នាក់ ហេតុ​អី​គេ​ផ្ដល់​ឱ្យ​ពីរ​នាក់​ដោយ​រលូន?»

កាលពី​ថ្ងៃ​ទី​១៩ ខែ​តុលា អាជីវករ​បួន​នាក់ បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​ឱ្យ​សើរើ​ចំពោះ​ការ​ប្រគល់​សិទ្ធិ​វិនិយោគ​សត្តឃាត​ផ្ដាច់មុខ​ទៅ​ឱ្យ​លោក ង៉ូវ ប៉ាក់ ដោយ​ពួកគេ​ដឹង​ថា អាណត្តិ​របស់​ម្ចាស់​ភាស៊ី​រូប​នេះ​បាន​ផុត​នៅ​ត្រឹម​ឆ្នាំ​២០១៥។ ម្យ៉ាង​ពួកគេ​បាន​ឃើញ​សេចក្ដី​សម្រេច​មួយ​ប្រគល់​សិទ្ធិ​ឱ្យ​លោក ង៉ូវ ប៉ាក់ បន្ត​វិនិយោគ​ភាស៊ី​សត្តឃាត​ផ្ដាច់មុខ​ចំនួន ១៦​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០៣១ ដោយ​មិន​មាន​អាជីវក​រណា​ដឹង​សោះ។

​ស្រដៀង​គ្នា​នេះ អាជីវករ​មួយ​រូប​ទៀត លោក ព្រៅ ចាន់ធឿន មាន​ប្រសាសន៍​ថា លោក​នឹង​បន្ត​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទៅ​ថ្នាក់លើ​បន្ថែម​ទៀត ត្បិត​អី​អាជ្ញាធរ​ស្រុក និង​ខេត្ត​មិន​អាច​ដោះស្រាយ​ជូន​ពួកគាត់​បាន​ទៅ​ហើយ។ បន្ថែម​ពី​នេះ លោក​ថា នឹង​បន្ត​សកម្មភាព​លក់ដូរ​សាច់​ជ្រូក​របស់​ខ្លួន​ដូច​សព្វដង ពីព្រោះ​មុខ​របរ​នេះ​ជា​ឆ្នាំង​បាយ​របស់​គ្រួសារ​លោក ម្យ៉ាង​លោក​ក៏​បាន​ដាក់ពាក្យ​ស្នើ​សុំ​ស្រប​ទៅ​តាម​ផ្លូវ​ច្បាប់​ហើយ​ដែរ៖ «បាទ! ខ្ញុំ​នៅ​តែ​បន្ត​កាប់​ដដែល ព្រោះ​មុខ​របរ​ខ្ញុំ​តែ​ប៉ុណ្ណឹង អត់​ប៉ុណ្ណឹង​ទៀត​ចប់​ហើយ ព្រោះ​សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​ថា មិន​ឱ្យ​នរណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ទេ»

ទាក់ទង​បញ្ហា​នេះ ជំនួយការ​ម្ចាស់​ភាស៊ី​សត្តឃាត​ស្រុក​មេមត់ លោក ជឹង គឹមឈាង បញ្ជាក់​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ដោយ​ឱ្យ​បង្វែរ​ទៅ​សួរ​លោក ង៉ូវ ប៉ាក់ វិញ ពីព្រោះ​ជា​អ្នក​សម្រេច​លើ​រឿង​នេះ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ម្ចាស់​ទី​សត្តឃាត​ផ្ដាច់មុខ​នៅ​ស្រុក​មេមត់ លោក ង៉ូវ ប៉ាក់ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

លោក ជឹង គឹមឈាង ឱ្យ​ដឹង​ថា ការ​ដាក់​ពាក្យ​ស្នើ​សុំ​បន្ត​អាជីវកម្ម​សត្តឃាត គឺ​ផុត​កំណត់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ហើយ​ករណី​អ្នក​ធ្វើ​អាជីវកម្ម​ដោយ​គ្មាន​ការ​អនុញ្ញាត  ខាង​លោក​នឹង​ចាត់​វិធានការ​ស្រប​តាម​ភាព​ជាក់ស្ដែង។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ូ យាន មាន​ប្រសាសន៍​ថា ដោយសារ​ការ​ប្រគល់​សិទ្ធិ​វិនិយោគ​ទៅ​ឱ្យ​ម្ចាស់​ភាស៊ី​សត្តឃាត​ផ្ដាច់មុខ​នៅ​ស្រុក​មេមត់ គឺ​មាន​ភាព​មិន​ប្រក្រតី ទើប​បណ្ដាល​ឱ្យ​អាជីវករ​នាំ​គ្នា​តវ៉ា។ បន្ថែម​ពី​នេះ ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ខេត្ត​មិន​បាន​ដោះស្រាយ ហើយ​ថែម​ទាំង​គាបសង្កត់​ពួកគេ​តាម​រយៈ​មិន​ផ្ដល់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដល់​ពួកគាត់​ថែម​ទៀត។

លោក​ថា វា​រឿង​អយុត្តិធម៌​ចំពោះ​អាជីវករ​ទាំង​នេះ ហើយ​ក៏​ជា​ការ​គំរាមកំហែង​ដល់​អាជីវករ​ផ្សេង​ទៀត​មិន​ឱ្យ​ចេញ​មុខ​តវ៉ា បើ​ទោះ​បី​ជា​មាន​ភាព​មិន​ប្រក្រតី ឬ​គាប​សង្កត់​យ៉ាង​ណា​ក៏ដោយ៖ «ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​គាត់ គឺ​ចង់​ទាមទារ​បញ្ចុះ​តម្លៃ និង​ទាមទារ​ឱ្យ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ប៉ុន្តែ​ពេល​ដាក់​ពាក្យ​ប្ដឹង​រួច បែរ​ជា​មិន​ចេញ​ច្បាប់​បន្ត​ឱ្យ​ពួកគាត់​វិញ»

ជាមួយ​គ្នា​នេះ មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត កត់សម្គាល់​ឃើញ​ថា កន្លង​មក ការ​ផ្ដល់​សិទ្ធិ​វិនិយោគ​ធ្វើ​អាជីវកម្ម​ផ្ដាច់មុខ​ចំពោះ​សេវា​របស់​រដ្ឋ​មួយ​ចំនួន គឺ​មិន​បាន​គោរព​ទៅ​តាម​ផ្លូវច្បាប់​នោះ​ទេ។ លោក​បន្ត​ថា តាម​ផ្លូវ​ច្បាប់ ការ​ផ្ដល់​សេវា​របស់​រដ្ឋ​ទៅ​ឱ្យ​ឯកជន គឺ​ត្រូវ​ដាក់​ដេញថ្លៃ​ជា​សាធារណៈ ជៀសវាង​បក្ខពួក​និយម ឬ​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជាដើម។

មន្ត្រី​សិទ្ធិមនុស្ស​ដដែល​យល់​ថា ការ​ផ្ដល់​សេវា​ទាំង​ឡាយ​របស់​រដ្ឋ​ធ្វើ​ឡើង​ដោយ​គ្មាន​តម្លាភាព គឺ​វា​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​ទាំង​មូល៖ «ហើយ​បើ​សិន​មាន​បណ្ដឹង​ផ្សេងៗ ត្រូវតែ​ដោះស្រាយ​បណ្ដឹង​ហើយ ទើប​អាច​ដាក់​ដេញ​ថ្លៃ​បាន»

​លោក​បន្ថែម​ថា ករណី​នេះ ប្រជាពលរដ្ឋ​អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត រួម​មាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​ស្ថាប័ន​រដ្ឋ​សភា ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ និង​ជៀសវាង​ចេះ​តែ​បន្ត​ចោទ​ប្រកាន់​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។