សំណុំរឿង ជនជាតិបារាំង ស្លាប់មួយគ្រួសារ មានលទ្ធផល វិជ្ជមានច្រើន

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសថា សំណុំរឿងការស្លាប់ របស់ក្រុមគ្រួសារជនជាតិបារាំង លោក វ៉ាលីយេ មានការរីកចម្រើនទៅមុខយ៉ាងខ្លាំង ដែលនេះបានផលវិជ្ជមានច្រើន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីបានបញ្ចប់បេសកកម្មថ្មីមួយទៀតនៅកម្ពុជា លោកស្រី ក្លូឌីន អង់ហ៊្វូ (Claudine Enfoux) ចៅក្រមស៊ើបសួរបារាំង ទទួលបន្ទុកសំណុំរឿងលោក វ៉ាលីយេ និងក្រុមស៊ើបអង្កេតនោះ បានអរគុណចំពោះស្ថាប័ននគរបាល និងយុត្តិធម៌ របស់ប្រទេសកម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងពេញទំហឹង។

ការសាកសួរចម្លើយ និងការផ្ទៀងផ្ទាត់ ដែលត្រូវបានធ្វើឡើង ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងតុលាការបារាំងនិងកម្ពុជា បានជួយ ឲ្យមានការរីកចម្រើនយ៉ាងខ្លាំង ក្នុងការស៊ើបអង្កេតសំណុំរឿងនេះ ជាពិសេសតាមរយៈការធ្វើកោសល្យវិច័យ នៅប្រទេសបារាំង។

ដោយសារការស្លាប់ របស់គ្រួសារលោក វ៉ាលីយេ ត្រូវបានសន្និដ្ឋានជាផ្លូវការថា ជាអំពើឃាតកម្ម ចាប់ពីពេលនេះតទៅ ការស៊ើបអង្កេត នឹងផ្តោតទៅលើបុគ្គលមួយចំនួន ដែលបានផ្តល់ចម្លើយខុសៗគ្នា ក្នុងពេលសាកសួរ។ ការស៊ើបអង្កេត នឹងត្រូវធ្វើបន្តប្រកបដោយតម្លាភាព រវាងប្រទេសទាំងពីរ តាមរយ:ការវិភាគលើសំណាកថ្មីៗបន្ថែមទៀត។

សូមបញ្ជាក់ថា លោកឡូរ៉ង់ វ៉ាលីយេ និងកូនៗទាំងបួនរបស់គាត់ ត្រូវបានប្រទះឃើញស្លាប់ នៅក្នុងខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១២ ដោយ បានឃើញសាកសពនៅរថយន្ត ហើយទម្លាក់ចូលទឹកស្រះក្រោយផ្ទះ ដែលពេលនោះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល នៅទូទាំងប្រទេស៕

សំណុំរឿង ជនជាតិបារាំង ស្លាប់មួយគ្រួសារ មានលទ្ធផល វិជ្ជមានច្រើន